(សៀមរាប)៖ ការប្រកួតគុនខ្មែរជ្រើសរើសជើងឯកពិភពលោក លើកទី៥ (World Kun Khmer Championship) ឆ្នាំ២០២៤ បានប្រារព្ធពិធីបើការប្រកួតជាផ្លូវការហើយ នៅល្ងាចថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៤ នេះ នៅសួនច្បារមុខព្រះរាជដំណាក់ ខេត្តសៀមរាប ដោយមានការចូលរួមពីថ្នាក់ដឹកនាំសហព័ន្ធគុនខ្មែរអន្ដរជាតិ(KIF) និងប្រតិភូបណ្ដាប្រទេសសមាជិក ព្រមទាំងវត្តមានភ្ញៀវជាតិ-អន្ដរជាតិជាច្រើនផងដែរ ។
យោងតាមរបាយការណ៍សហព័ន្ធគុនខ្មែរអន្ដរជាតិ ការប្រកួតគុនខ្មែរជ្រើសរើសជើងឯកពិភពលោកឆ្នាំនេះ គឺមានអត្តពលិកជាង ១០០នាក់ មកពី ១៧ប្រទេស ចូលរួមការប្រកួតចាប់ពីថ្ងៃទី០៦-០៨ ខែធ្នូ ឆ្នាំ២០២៤ រួមមានប្រតិភូកីឡាគុនខ្មែរ មកពីអាហ្វហ្គានីស្ថាន ឥណ្ឌា អាមេរិក វៀតណាម ឥណ្ឌូនេស៊ី អ៊ីរ៉ង់ កាមេរ៉ូន រុស្ស៊ី ម៉ាឡេស៊ី បារាំង ម៉ូរីស កាណាដា មីយ៉ាន់ម៉ា ទុយនេស៊ី កៀហ្ស៊ីស៊ីស្ថាន ថៃ និងម្ចាស់ផ្ទះកម្ពុជា។
សម្រាប់ការប្រកួតថ្ងៃដំបូងនេះដែរ គឺមាន ១៣គូ ដោយភាគច្រើន គឺជាជំនួបរវាងអត្តពលិកគុនខ្មែរ ជាមួយអត្តពលិកមកពីបណ្ដាប្រទេសផ្សេងៗ ក្នុងនោះក៏មានការប្រកួតលក្ខណៈអាជីពដណ្ដើមខ្សែក្រវាត់ រវាងម្ចាស់ខ្សែក្រវាត់ឆ្នាំចាស់ កីឡាករ គោរមៈ ច័ន្ទរាជ ជាមួយកីឡាករជើងខ្លាំងមីយ៉ាន់ម៉ា Saw Jonh លើប្រភេទទម្ងន់ ៥៦គីឡូក្រាមផងដែរ ។
គួរដឹងថា ព្រឹត្តិការណ៍គុនខ្មែរជើងឯកពិភពលោកនេះ រៀបចំឡើងក្រោមស្មារតី «អភិរក្ស ដើម្បីអភិវឌ្ឍន៍គុនខ្មែរ និង អភិវឌ្ឍន៍ ដើម្បីអភិរក្សគុនខ្មែរ» ដែលជាប្រភេទយុទ្ធគុនអត្តសញ្ញាណជាតិខ្មែរ ។ ចំពោះការប្រកួត អនុវត្តតាមនិយាមអន្ដរជាតិ ដោយគោរពតាមបទបញ្ជាបច្ចេកទេសលក្ខណៈកីឡា ដែលបានអនុវត្តក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ។ ប៉ុន្ដែជាមួយគ្នា សហព័ន្ធក៏មានរៀបចំឲ្យមានការប្រកួតអាជីព រវាងអ្នកលេងគុនខ្មែរលំដាប់ប្រទេសជាច្រើនរូប ជាមួយអត្តពលិកមកពីបណ្ដាប្រទេសសមាជិក KIF ផងដែរ ៕