(បរទេស)៖ ក្រុមហ៊ុនផលិតបន្ទះឈីបខ្នាតយក្សអាមេរិក Nvidia និងរដ្ឋាភិបាលវៀតណាមថ្មីៗនេះ​ បានព្រមព្រៀងសាងសង់មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ AI និងមជ្ឈមណ្ឌលទិន្នន័យ AI នៅក្នុងប្រទេសវៀតណាមជាលើកដំបូង ក្រោមកិច្ចព្រមព្រៀងសហប្រតិបត្តិការដែលបានចុះហត្ថលេខានៅថ្ងៃទី០៥ ខែធ្នូ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

Nvidia បានប្រកាសថា ខ្លួននឹងចាប់ដៃគូជាមួយនឹងក្រុមហ៊ុន VinBrain ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Vingroup របស់វៀតណាម។ យ៉ាងណា ជុំវិញព័ត៌មានលម្អិតទាក់ទិននឹងតម្លៃនៃការវិនិយោគនៅទីនោះ ក្រុមហ៊ុនយក្សអាមេរិកដ៏ធំនេះមិនបានបង្ហាញនោះទេ។

នាយកប្រតិបត្តិ(CEO) ក្រុមហ៊ុន Nvidia លោក Jensen Huang បាននិយាយក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងហាណូយកាលពីមួយឆ្នាំមុនថា ក្រុមហ៊ុនផលិតបន្ទះឈីបបញ្ញាសិប្បនិម្មិត(AI) របស់លោកចង់ពង្រីកភាពជាដៃគូជាមួយក្រុមហ៊ុនបច្ចេកវិទ្យាកំពូលរបស់វៀតណាម និងគាំទ្រប្រទេសនេះក្នុងការបណ្តុះបណ្តាលទេពកោសល្យសម្រាប់ការអភិវឌ្ឍ AI និងហេដ្ឋារចនាសម្ព័ន្ធឌីជីថល។ ជាមួយគ្នានេះដែរ កាលពីខែមេសាកន្លងទៅស្រាប់តែក្រុមហ៊ុនបច្ចេកវិទ្យាវៀតណាម FPT (Financing and Promoting Technology) បានប្រកាសពីគម្រោងសាងសង់រោងចក្របញ្ញាសិប្បនិម្មិត (AI) មានតម្លៃជាង ២០០លានដុល្លារឯណោះ ដោយសហការជាមួយ NVIDIA ។

គួជម្រាបថា កិច្ចព្រមព្រៀងនៅថ្ងៃទី០៥​ ខែធ្នូសប្តាហ៍នេះ រវាង Nvidia និងរដ្ឋាភិបាលវៀតណាម ត្រូវបានចុះហត្ថលេខានៅទីក្រុងហាណូយក្រោមវត្តមានរបស់លោក Huang និងនាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh។ លោក Chinh បានលើកឡើងថា AI នឹងជំរុញកំណើន ហើយថាវៀតណាមក៏ចង់ប្រើវាដើម្បីអភិវឌ្ឍថាមពលស្អាតផងដែរ។ លោកបានគូសបញ្ជាក់ថា «យើងចង់យកឈ្នះមិនត្រឹមតែ AI ប៉ុណ្ណោះទេ ថែមទាំងអវកាស និងមហាសមុទ្រផងដែរ។ AI នឹងប្រែក្លាយព្រះអាទិត្យ ខ្យល់ និងរលក ទៅជាថាមពលស្អាតសម្រាប់យើង»៕