(បរទេស)៖ តៃវ៉ាន់បានបង្កើតខ្លួនជាអ្នកត្រួសត្រាយផ្លូវក្នុងការផ្តល់ Wi-Fi ឥតគិតថ្លៃដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរបរទេសតាមរយៈសេវាកម្ម iTaiwan របស់ខ្លួនដែលបានបើកដំណើរការក្នុងឆ្នាំ ២០១១។ ជាមួយនឹង hotspots ជាង ៩៧០០កន្លែងនៅទូទាំងទឹកដីដែនកោះមួយនេះ។
សម្រាប់ការផ្ដល់ជូន Wi-Fi ឥតគិតថ្លៃនេះ អ្នកប្រើប្រាស់អាចចូលប្រើអ៊ីនធឺណិតបានដោយមិនចាំបាច់ចុះឈ្មោះចាប់តាំងពីខែកក្កដា ឆ្នាំ ២០២០ ដោយគ្រាន់តែយល់ព្រមទៅលើលក្ខខណ្ឌនៃការប្រើប្រាស់មួយចំនួន។ គំនិតផ្តួចផ្តើមនេះមិនត្រឹមតែបង្កើនការតភ្ជាប់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងគាំទ្រដល់រូបភាពរបស់តៃវ៉ាន់ក្នុងនាមជាអ្នកដឹកនាំបច្ចេកវិទ្យា ដែលធ្វើឱ្យវាកាន់តែងាយស្រួលសម្រាប់ភ្ញៀវទេសចរក្នុងការភ្ជាប់ទំនាក់ទំនងក្នុងអំឡុងពេលធ្វើដំណើរនៅក្នុងកោះតៃវ៉ាន់។
កោះតៃវ៉ាន់បានដាក់ចេញកម្មវិធីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថលជាគោលដៅអាទិភាពមួយ ដើម្បីធ្វើការតភ្ជាប់ឌីជីថលពីទីក្រុងទៅកាន់ជនបទ។ វាមិនត្រឹមតែផ្ដល់ភាពងាយស្រួលក្នុងការទំនាក់ទំនងប៉ុណ្ណោះទេ ប៉ុន្តែការផ្ដល់ជូនឥតគិតថ្លៃទៅលើសេវា Wi-Fi នេះ ក៏បានចូលរួមធ្វើឲ្យប្រសើរឡើងនូវវិស័យដឹកជញ្ជូនផងដែរ។
សម្រាប់ភ្ញៀវទេសចរអាចនឹងមានអារម្មណ៍ខ្លាចទៅលើឯកជនភាពនៃការប្រើប្រាស់ Free Wi-Fi ប៉ុន្តែគម្រោងនេះគឺត្រូវបានបង្កើតឡើងដោយយកចិត្តទុកដាក់ទៅលើរឿងឯកជនភាព និងការវាយប្រហារតាមអ៊ីនធើណែតជាកត្តាចម្បង ដើម្បីធានាឲ្យបាននូវសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់ទាំងអស់៕