(បរទេស)៖ សារព័ត៌មាន Bloomberg បានរាយការណ៍នៅថ្ងៃសុក្រសប្តាហ៍នេះថា ក្រុមហ៊ុន Apple កំពុងតែត្រៀមខ្លួនក្នុងការដាក់បង្ហាញនូវបន្ទះឈីបម៉ូដឹម 5G ផ្ទាល់ខ្លួនដែលទន្ទឹងរង់ចាំជាយូរមកហើយ គ្រោងនឹងបង្ហាញខ្លួនជាផ្លូវការនៅឆ្នាំ២០២៥ ខាងមុខនេះ ដើម្បីមកជំនួសទីតាំងរបស់ Qualcomm។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៤។
Bloomberg បាននិយាយថា ក្រុមហ៊ុនផលិត iPhone កំពុងតែសម្លឹងមើលយុទ្ធសាស្រ្តវ៉ាដាច់បច្ចេកវិទ្យារបស់ Qualcomm គិតត្រឹមឆ្នាំ២០២៧ ខាងមុខ។ Qualcomm ដែលជាក្រុមហ៊ុនផលិតបន្ទះឈីបម៉ូដឹមឈានមុខគេ ដែលភ្ជាប់ស្មាតហ្វូនទៅនឹងបណ្តាញទិន្នន័យចល័ត ក៏ធ្លាប់បានក្រើនរំលឹកវិនិយោគិនផងដែរថា Apple នឹងឈប់ប្រើប្រាស់បន្ទះឈីបរបស់ខ្លួនជាយថាហេតុ។ តាមរយៈកិច្ចព្រមព្រៀងផ្គត់ផ្គង់រវាងក្រុមហ៊ុនទាំងពីរនេះ Qualcomm នឹងនៅតែអាចបន្តផ្គត់ផ្គង់ទៅឱ្យ Apple រហូតដល់ឆ្នាំ២០២៦ ប៉ុន្តែចាប់ពីឆ្នាំ២០២៧ តទៅផលិតផល Apple ទាំងអស់ពិសេសគឺ iPhone នឹងប្តូរទៅប្រើម៉ូដឹមផ្ទាល់ខ្លួនសុទ្ធតែម្តង។
ប្រភពបានបញ្ជាក់ថា បន្ទះឈីបម៉ូដឹម 5G ជំនាន់ដំបូងនេះ Apple នឹងចាប់ផ្តើមសាកល្បងលើ iPhone SE ដំបូងគេនៅឆ្នាំ២០២៥ ដោយឡែកកំណែបន្តបន្ទាប់នឹងបំពាក់នៅលើ iPhone កម្រិតខ្ពស់នៅឆ្នាំ២០២៦ និង ២០២៧។
គួរជម្រាបថា Apple បានធ្វើការលើបច្ចេកវិទ្យាម៉ូដឹមផ្ទាល់ខ្លួនចាប់តាំងពីឆ្នាំ២០១៩ មកម្លេះ ខណៈពេលនោះ Apple បានចាយលុយប្រមាណ ១ពាន់លានដុល្លារដើម្បីទិញម៉ូដឹមរបស់ Intel៕