(ចិន)៖ វគ្គបណ្តុះបណ្តាលសម្រាប់មន្ត្រីជាន់ខ្ពស់ និងមន្រ្តីកម្រិតមធ្យមកម្ពុជា ផ្នែកឱសថបុរាណចិន (TCM) ដែលរៀបចំដោយមហាវិទ្យាល័យវិជ្ជាជីវៈឧស្សាហកម្មគីមីឆុងឈីង (CQCIVC) នៅប្រទេសចិន បានបញ្ចប់ដោយជោគជ័យ កាលពីរសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ មហាវិទ្យាល័យវិជ្ជាជីវៈឧស្សាហកម្មគីមីឆុងឈីង (CQCIVC) បានប្រារព្ធពិធីប្រគល់វិញ្ញាបនបត្រ សម្រាប់វគ្គបណ្តុះបណ្តាលមន្រ្តីជាន់ខ្ពស់ និងមន្ត្រីកម្រិតមធ្យម ផ្នែកឱសថបុរាណចិន (TCM) ដែលរៀបចំដោយមហាវិទ្យាល័យវិជ្ជាជីវៈឧស្សាហកម្មគីមីឆុងឈីង (CQCIVC) កម្មវិធីនេះធ្វើឡើងនៅក្នុងបរិវេណមហាវិទ្យាល័យឆាងស៊ូ ប្រទេសចិន។
ភ្ញៀវកិត្តិយសដែលបានចូលរួមនៅក្នុងកម្មវិធីនេះមាន លោក Dan Jun លេខាធិការនៃគណៈកម្មាធិការត្រួតពិនិត្យវិន័យរបស់មហាវិទ្យាល័យ លោកអនុប្រធាន Xie Zhigang ប្រធាននាយកដ្ឋានពាក់ព័ន្ធ លោកស្រី ហេង សុគន្ធី ប្រធានសមាគមផ្លាស់ប្តូរការអប់រំវិជ្ជាជីវៈកម្ពុជា-ចិន ព្រមទាំងមន្ត្រីនៃក្រសួងសុខាភិបាលកម្ពុជាចំនួន ១៥នាក់ ផងដែរ។ ចំពោះកម្មពិធីប្រគល់វិញ្ញាបនបត្រនេះត្រូវបានរៀបចំជាពិសេសដោយលោកអនុប្រធាន Xie Zhigang ។
នៅក្នុងកម្មពិធីបញ្ចប់វគ្គសិក្សានេះ លោកលេខាធិការ Dan Jun តំណាងឱ្យមហាវិទ្យាល័យទាំងមូលបានសំដែងការត្រេកអរចំពោះសិក្ខាកាមទាំងអស់ដែលបានចូលរួមវគ្គបណ្តុះបណ្តាលនេះ និងបានបញ្ចប់ការសិក្សាដោយជោគជ័យ និងដោយរលូន។ លោកបានថ្លែងថា ឆ្នាំ២០២៤ នេះគឺជាខួបលើកទី១១ នៃគម្រោង «Belt and Road» ហើយប្រទេសចិន និងប្រទេសកម្ពុជា បានឆ្លើយតបយ៉ាងសកម្មចំពោះគំនិតផ្តួចផ្តើមនេះ ហើយក៏ទទួលបានលទ្ធផលយ៉ាងវិសេសវិសាលក្នុងវិស័យសេដ្ឋកិច្ច វប្បធម៌ និងហេដ្ឋារចនាសម្ព័ន្ធផងដែរ។ ការរៀបចំវគ្គបណ្តុះបណ្តាលនេះគឺ ស្របទៅតាមតម្រូវការនៃការអភិវឌ្ឍន៍ ហើយទទួលបានលទ្ធផលយ៉ាងគាប់ប្រសើរក្នុងការពង្រឹងចំណងមិត្តភាពរវាងប្រទេសចិន និងប្រទេសកម្ពុជា ជាពិសេសជំរុញបន្ថែមទៀតនូវការអភិវឌ្ឍន៍លំដាប់ថ្នាក់ អន្តរជាតិនៃឱសថបុរាណចិន និងជំរុញឲ្យកាន់តែមានប្រសិទ្ធភាពនូវការអភិវឌ្ឍន៍ដែលប្រកបដោយគុណភាពនៃគម្រោង «Belt and Road»។
លោកស្រី ហេង សុគន្ធី ប្រធានសមាគមផ្លាស់ប្ដូរការអប់រំវិជ្ជាជីវ:កម្ពុជា-ចិន បានថ្លែងអំណរគុណយ៉ាង ជ្រៀលជ្រៅដល់មហាវិទ្យាល័យ និងលោកគ្រូ អ្នកគ្រូទាំងអស់ក្នុងនាមជាតំណាងនៃសមាគមទាំងមូល។ ក្នុងនោះផងដែរលោកស្រី និងលោកម៉ៅ សុខលីម អគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុនៃក្រសួងសុខាភិបាល បានប្រគល់លិខិតថ្លែងអំណរគុណរបស់ក្រសួងសុខាភិបាលកម្ពុជា ទៅដល់មហាវិទ្យាល័យវិជ្ជាជីវៈឧស្សាហកម្មគីមីឆុងឈីង (CQCIVC) ដែលបានផ្តល់ឱកាសឱ្យសិក្ខាកាមនៃក្រសួងបានចូលរួមវគ្គបញ្ដុះបណ្ដាលនេះ។ លោកស្រីបានបញ្ជាក់ផងដែរថា បើទោះបីជាវគ្គបណ្តុះបណ្តាលនេះនឹងឈានទៅដល់ការបញ្ចប់ហើយក៏ដោយ តែវាគឺជាការចាប់ផ្តើមក្នុងការលើកស្ទួយការអភិវឌ្ឍវិស័យវេជ្ជសាស្ត្រកម្ពុជា និងការបង្កើននូវចំណងមិត្តភាពរវាងប្រទេសទាំងពីរ។ លោកស្រីបានជំរុញ និងលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់ឱ្យនាំយកចំណេះដឹងដែលខ្លួនបានរៀនសូត្រ ទៅប្រើប្រាស់លើវិស័យការងារដែលពាក់ព័ន្ធ និងជួយជំរុញយ៉ាងសកម្មក្នុងការអភិវឌ្ឍវេជ្ជសាស្ត្រ និងសុខាភិបាលកម្ពុជាបន្ថែមទៀត។
លោក ម៉ៅ សុខលីម អគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុនៃក្រសួងសុខាភិបាល បានថ្លែងក្នុងនាមជាតំណាងសិក្ខាកាមទាំងអស់ ដែលនៅក្នុងសុន្ទរកថា របស់លោកបានបង្ហាញការថ្លែងអំណរគុណដល់ មហាវិទ្យាល័យ និងបានចែករំលែកបទពិសោធន៍នៃការសិក្សាដែលលោកទទួលបានពីវគ្គបណ្តុះបណ្តាលនេះ។ លោកបានសង្កេតឃើញថា វគ្គបណ្តុះបណ្តាលនេះ មិនត្រឹមតែធ្វើឱ្យពួកគាត់យល់ដឹងកាន់តែស៊ីជម្រៅអំពីឧស្សាហកម្មឱសថបុរាណចិនតែប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ឱកាសឱ្យពួកគាត់ទទួលនូវបទពិសោធន៍យ៉ាងសម្បូរបែបនៃវប្បធម៌ប្រពៃណី និងភាពទាក់ទាញនៃប្រទេសចិន ក៏ដូចជាទីក្រុងឆុងឈីងផងដែរ។
ក្នុងរយៈពេលជាង២សប្តាហ៍នៃវគ្គបណ្តុះបណ្តាលនេះ សិក្ខាកាមទាំងអស់បានចូលរួមសិក្សាទ្រឹស្តីស្តីអំពីការអភិវឌ្ឍន៍ និងការអនុវត្តឧស្សាហកម្មនៃឱសថបុរាណចិន (TCM) ហើយក៏បានទៅទស្សនាមន្ទីរពេទ្យ Chongqing Changshou District Traditional Traditional Chinese Medicine និងវិទ្យាស្ថាន Chongqing Institute of Medicinal Plant Cultivation សម្រាប់ការដកបទពិសោធន៍នៅនឹងកន្លែង ដោយទទួលបានការសិក្សាស្វែងយល់យ៉ាងស៊ីជម្រៅ អំពី ស្ថានភាពបច្ចុប្បន្ន នៃឧស្សាហកម្មថ្នាំបុរាណ របស់ប្រទេសចិន។ ការអនុវត្តប្រកបដោយភាពជោគជ័យនៃវគ្គបណ្តុះបណ្តាលនេះ មិនត្រឹមតែអាចជួយលើកកម្ពស់វប្បធម៌របស់ជនជាតិចិនទៅលើការប្រើប្រាស់ឱសថបុរាណចិន រឺលើកកម្ពស់ការអភិវឌ្ឍន៍លំដាប់ថ្នាក់អន្តរជាតិនៃមហាវិទ្យាល័យប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាស្ពានសម្រាប់ការផ្លាស់ប្តូរ បទពិសោធ៍ និងរឹតបណ្ដឹង ចំណងមិត្តភាពអន្តរជាតិ រវាងប្រទេសចិន និង កម្ពុជាថែមទៀត៕