(ភ្នំពេញ)៖ ក្រុមជម្រើសជាតិកម្ពុជា នឹងបើកយុទ្ធនាការប្រកួតជើងឯកបាល់ទាត់អាស៊ីអាគ្នេយ៍ ឆ្នាំ២០២៤ (AFF Mitsubishi Electric Cup 2024) ពូលA ដោយត្រូវបើកទ្វារពហុកីឡដ្ឋានជាតិ (អូឡាំពិក) ស្វាគមន៍ក្រុមជម្រើសជាតិម៉ាឡេស៊ីមុនគេ នាវេលាម៉ោង ៥៖៤៥នាទីល្ងាចថ្ងៃអាទិត្យ ទី០៨ ខែធ្នូ ឆ្នាំ២០២៤។
ថ្លែងក្នុងសន្និសីទសារព័ត៌មានមុនការប្រកួត លោក Gyotoku Koji គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា បានបង្ហាញនូវការត្រៀមខ្លួនរួចរាល់ សម្រាប់ការប្រកួតដំបូង ក៏ដូចជាពានរង្វាន់ប្រចាំតំបន់អាស៊ានឆ្នាំនេះ។ ទោះបីមានការសង្ស័យលើសមាសភាពក្រុមគោព្រៃ តែលោកនៅតែជឿជាក់លើកូនក្រុម នឹងអាចធ្វើបានល្អក្នុងការប្រកួតនេះ។
លោក Koji បន្ដថា «ខ្ញុំគិតថាអ្នកគាំទ្ររំពឹងច្រើនសម្រាប់លទ្ធផលល្អនៅក្នុងការប្រកួតជាមួយម៉ាឡេស៊ី ហើយខ្ញុំនឹងប្រឹងប្រែងឲ្យអស់ពីលទ្ធភាព ដើម្បីការប្រកួតមួយនេះ។ ខ្ញុំជឿថា មានអ្នកខ្លះអាចសង្ស័យពីក្រុមរបស់យើង ប៉ុន្ដែសម្រាប់ខ្ញុំជឿជាក់លើក្រុមរបស់យើង ជឿជាក់លើការសាមគ្គីជាមួយគ្នា យើងនឹងប្រយុទ្ធជាមួយនឹងគ្នា ហើយយើងជឿជាក់ថា យើងនឹងធ្វើឲ្យបានល្អសម្រាប់ការប្រកួតដំបូងនេះ»។
គួរដឹងថា សម្រាប់យុទ្ធនាការប្រកួតជើងឯក AFF Mitsubishi Electric Cup ឆ្នាំ២០២៤ កម្ពុជា ស្ថិតក្នុងពូលA ជាមួយថៃ ម៉ាឡេស៊ី សិង្ហបុរី និងទីម័រខាងកើត ខណៈការប្រកួតនឹងចាប់ផ្ដើមពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៤ ដល់ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៥ ខាងមុខ ដោយមានការប្រកួត ទាំងក្នុង និងក្រៅដី ជាក់ស្ដែងក្រោយបើកទ្វារផ្ទះទទួលម៉ាឡេស៊ី នៅថ្ងៃទី១១-ធ្នូ កម្ពុជានឹងត្រូវហោះទៅជួបសិង្ហបុរីវិញម្ដង មុនត្រឡប់មកបើកទ្វារផ្ទះជាថ្មី ទទួលក្រុមភ្ញៀវទីម័រខាងកើត នាថ្ងៃទី១៧-ធ្នូ និងចុងក្រោយ កម្ពុជា ត្រូវជួបក្រុមម្ចាស់ផ្ទះថៃ នាថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤៕