(ភ្នំពេញ)៖ ធនាគារប្រ៊ីដ បានដាក់ដំណើរការបច្ចេកវិទ្យាថ្មីរបស់ខ្លួនជាផ្លូវការដល់សាធារណជនជាមួយ កម្មវិធីទូរស័ព្ទដៃ BRIDGE Mobile (ប្រ៊ីដម៉ូបាល) បង្កើតឡើងដើម្បីជួយសម្រួលដល់អតិថិជនក្នុងការការធ្វើប្រតិបត្តិការហិរញ្ញវត្ថុលើកម្មវិធីទូរសព្ទចល័តនៅក្នុងដៃកាន់តែងាយស្រួល និងមានសុវត្ថិភាព។ ក្នុងនាមជាគ្រឹះស្ថានហិរញ្ញវត្ថុដែរតែងតែ ស្វែងរកបច្ចេកវិទ្យាថ្មីៗ ធនាគារប្រ៊ីដបានរៀបចំខ្លួនរួចជាស្រេចក្នុងការផ្តល់ជូនឱ្យអតិថិជនគ្រប់រូបអាចគ្រប់គ្រងហិរញ្ញវត្ថុជាមួយកម្មវិធីទូរសព្ទជំនាន់ថ្មីរបស់ធនាគារប្រ៊ីដ។
លោក Richard Liew អគ្គនាយកប្រតិបត្តិធនាគារប្រ៊ីដមានប្រសាសន៍យ៉ាងរំភើបក្នុងការដាក់ឱ្យដំណើរការកម្មវិធីទូរសព្ទដៃរបស់ BRIDGE Mobile ថា៖ «តំាងពីថ្ងៃដំបូងនៃការបើកសម្ពោធធនាគារពាណិជ្ជប្រ៊ីដ ជាផ្លូវនៅពាក់កណ្តាលឆ្នាំ ២០២៣ យើងបានខិតខំប្រឹងប្រែងធ្វើការឥតឈប់ឈរដើម្បីឱ្យបចេ្ចកវិទ្យាមួយនេះ អាចដាក់ដំណើរការបាននៅចុងឆ្នាំ២០២៤។ នេះគឺជាសមិទ្ធិផលមួយដែលយើងជឿជាក់ថា អតិថិជនដែលកំពុងប្រើប្រាស់សេវាធនាគារប្រ៊ីដកាន់តែមានទំនុកចិត្ត ងាយស្រួលនិងអាចធ្វើប្រតិបត្តិការដោយមិនត្រូវការកាន់សាច់ប្រាក់ផ្ទាល់ ទៅតាមតម្រួវការប្រចំាថ្ងៃរបស់ពួកគេ»។
កម្មវិធី BRIDGE Mobile ផ្តល់ជូននូវមុខងារដ៏សម្បូរបែប ដែលអាចឱ្យអតិថិជនគ្រប់គ្រងហិរញ្ញវត្ថុយ៉ាងងាយស្រួល។ ចំណុចសំខាន់ៗនៃមុខងារកម្មវិធីទូរសព្ទដៃ BRIDGE Mobile រួមមាន កម្មវិធីបញ្ចូលលុយទូរសព្ទ ទូទាត់ទំនិញផ្សេងៗតាមរយៈ KHQR ផ្ទេរប្រាក់ទៅធនាគារផ្សេងទៀតនៅក្នុងស្រុកតាមប្រព័ន្ធបាគង ឬផ្ទេរប្រាក់ទៅគណនីដទៃរបស់ធនាគារប្រ៊ីដ ពិនិត្យមើលសមតុល្យសាច់ប្រាក់ អត្រាប្តូប្រាក់ ស្វែងរកទីតាំងសាខាធនាគារប្រ៊ីដ និងកន្លែងដាក់ម៉ាស៊ីន ATM ក៏ដូចជាកម្មវិធីផ្តល់ជូនពិសេសៗជាច្រើនទៀត។ អតិថិជនអាចប្រើកម្មវិធីពិសេសទំាងអស់នេះបាននៅលើបច្ចេកវិទ្យាទូរសព្ទដៃធនាគារប្រ៊ីដតែមួយគត់។
លោក ភី វាសនា នាយកនាយកដ្ឋានសេវាធនាគារឌីជីថល បានឱ្យដឹងថា៖ «កម្មវិធីទូរសព្ទដៃនេះ អាចឱ្យអតិថិជន ត្រួតពិនិត្យសមតុល្យគណនី តាមដានប្រវត្តិប្រតិបត្តិការ និងផ្ទេរប្រាក់បានលឿនរហ័សតាមបាគង និងតាមគណនីធនាគារប្រ៊ីដរបស់យើងផ្ទាល់។ លើសពីនេះកម្មវិធីទូរសព្ទដៃជំនាន់ថ្មីរបស់យើងក៏មានបំពាក់មុខងារប្រើប្រាស់លើការស្កេន KHQR ដើម្បីផ្ទេរប្រាក់ ឬទិញទំនិញតាមអាជីវករផ្សេងៗ ទៅកាន់ធនាគារក្នុងស្រុក ដែលជាសមាជិករបស់ប្រព័ន្ធបាគងផងដែរ។ ជាមួយនឹងបច្ចេកវិទ្យាចុងក្រោយ នង ផ្តល់ជូននូវបទពិសោធន៍សេវាធនាគារចល័ត ដែលសុវត្ថិភាព និងមានប្រសិទ្ធិភាព យើងក៏មានបំពាក់មុខងារ ជាមួយបច្ចេកវិទ្យាពង្រឹងសុវត្ថិភាពស្កេនផ្ទៃមុខ ឬម្រាមដៃ»។
ជាមួយនឹងការរចនាឡើងនូវបច្ចេកវិទ្យាចុងក្រោយ លោក Richard Liew បានបញ្ជាក់ថា៖ ការផ្តល់ជូនអតិថិជននូវកម្មវិធីទូរសព្ទដៃដែលបំពាក់នូវមុខងារសុវត្ថិភាព និងមានភាពងាយស្រួល ដោយពង្រឹងលើលក្ខណៈពិសេសដែលត្រូវបានទទួលស្គាល់ជាសកល បូករួមនូវមុខងារពិសេសៗជាច្រើន ដែលលោកអ្នកអាចធ្វើប្រតិបត្តិការជាមួយសេវាធនាគារចល័តនៅក្នុងដៃរបស់លោកអ្នកគ្រប់ពេលវេលា គ្រប់ទីកន្លែងយ៉ាងមានសុវត្ថិភាព»។
អតិថិជនអាចទាញយកកម្មវិធីទូរសព្ទដៃចល័តរបស់ធនាគារប្រ៊ីដនៅលើកម្មវិធីApple store សម្រាប់ទូរសព្ទ IOS និង Play Store សម្រាប់ទូរសព្ទដៃ Android ដើម្បីទទួលយកបទពិសោធន៍ក្នុងការប្រើប្រាស់សេវាធនាគារជំនាន់ថ្មី ដែលធ្វើឱ្យធនាគារប្រ៊ីដ បន្តពង្រីកខ្លួនយ៉ាងរហ័សក្នុងវិស័យបច្ចេកវិទ្យា។ សម្រាប់ព័ត៌មានបន្ថែមអំពីកម្មវិធីទូរសព្ទដៃជំនាន់ថ្មីលោកអ្នកអាចចូលមកកាន់គេហទំព័រ https://shorturl.at/Sutmx។
ធនាគារប្រ៊ីដគឺជាធនាគារដែលប្តេជ្ញាផ្តល់ជូនដំណោះស្រាយសេវាធនាគារដែលសមស្របទៅតាមបច្ចេកវិទ្យាពិភពលោក។ ផ្តល់ជូនសេវាធនាគារដ៏សម្បួរបែបរួមទំាងសេវាធនាគារបុគ្គលសេវាធនាគារអាជីវកម្ម ក្នុងគោលបំណងឱ្យវិស័យធនាគារកាន់តែងាយស្រួល សុវត្ថិភាព និងអាចចូលប្រើប្រាស់បានគ្រប់ៗគ្នា៕