(បរទេស)៖ អាកាសយានដ្ឋានអន្តរជាតិ Zayed ស្ថិតនៅក្នុងទីក្រុង Abu Dhabi អេមីរ៉ាតអារ៉ាប់រួម នាពេលថ្មីៗនេះ បានជាប់ឈ្មោះជា «អាកាសយានដ្ឋានដ៏ស្រស់ស្អាតបំផុតនៅក្នុងពិភពលោក ឬ World's Most Beautiful Airport» សម្រាប់ឆ្នាំ២០២៤។ ពានរង្វាន់នេះ ត្រូវបានប្រកាសនៅក្នុងពិធីមួយដែលបានធ្វើឡើងនៅទីស្នាក់ការកណ្តាលរបស់អង្គការយូណេស្កូ ក្នុងទីក្រុងប៉ារីស។
អាកាសយានដ្ឋាននេះត្រូវបានរចនាឡើងដោយកំណត់លក្ខណៈស្ថាបត្យកម្មរាងអក្សរ X ប្រកបដោយភាពច្នៃប្រឌិត ឆ្លុះបញ្ចាំងពីបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបរបស់អេមីរ៉ាតអារ៉ាប់រួម ព្រមទាំងបានបញ្ចូលនូវបច្ចេកវិទ្យាទំនើប។ វាលាតសន្ធឹងលើផ្ទៃដីជាង ៧៤ម៉ឺនម៉ែត្រការ៉េ ហើយត្រូវបានរចនាឡើងដើម្បីផ្ទុកអ្នកដំណើរបានរហូតដល់ ១១,០០០ នាក់ក្នុងមួយម៉ោង និងយន្តហោះចំនួន ៧៩គ្រឿងក្នុងពេលដំណាលគ្នា ដែលមានប្រសិទ្ធភាពទ្វេរដងនៃសមត្ថភាពពីមុន ហើយមានគោលបំណងផ្ទុកអ្នកដំណើររហូតដល់ ៤៥លាននាក់ក្នុងមួយឆ្នាំ។
ការរចនាឡើងនូវអាកាសយានដ្ឋាននេះមិនត្រឹមតែឆ្លុះបញ្ចាំងពីបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបរបស់អេមីរ៉ាតអារ៉ាប់រួម វាក៏ត្រូវបានយកចិត្តទុកដាក់បំផុតក្នុងការបញ្ចូលនូវខ្យល់អាកាសធម្មជាតិ និងពន្លឺថ្ងៃ ដើម្បីនូវអារម្មណ៍ស្រស់ថ្លាសម្រាប់អ្នកដំណើរ។
មិនត្រឹមតែទទួលបានពានរង្វាន់ជា «ជាអាកាសយានដ្ឋានដ៏ស្រស់ស្អាតបំផុត» នោះទេ អាកាសយានដ្ឋានអន្តរជាតិ Zayed ក៏ទទួលបានពាន់ «អាកាសយានដ្ឋានល្អបំផុតនៅពេលមកដល់ជាសកល ឬ Best Airport at Arrivals Globally» ក្នុងឆ្នាំ ២០២៣ ដែលបានធ្វើឱ្យអាកាសយានដ្ឋានអន្តរជាតិមួយនេះ បានល្បីឈ្មោះ និងឈានមុខគេនៅក្នុងឧស្សាហកម្មអាកាសចរណ៍។
អាកាសយានដ្ឋានអន្តរជាតិមួយនេះ ក៏ត្រូវបានកត់សម្គាល់ផងដែរថា មានការរីកចម្រើនលឿនបំផុតនៅមជ្ឈិមបូព៌ាទាក់ទងនឹងសមត្ថភាពកៅអីអន្តរជាតិ និងបច្ចេកវិទ្យាទំនើប រួមទាំងចំណុចពិសេសៗជាច្រើនទៀត ដែលជួយបង្កើនបទពិសោធន៍អ្នកដំណើរ និងប្រសិទ្ធភាពប្រតិបត្តិការ។