(បរទេស)៖ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់វៀតណាម VinFast នៅថ្ងៃអាទិត្យនេះបានប្រកាសពីផែនការសាងសង់រោងចក្រផលិតរថយន្តអគ្គិសនីក្នុងស្រុកទី ២របស់ខ្លួន ដែលមានទីតាំងស្ថិតនៅខេត្ត Ha Tinh ភាគកណ្តាល ប្រទេសវៀតណាម ដោយផ្តោតជាចម្បងលើម៉ូដែល VF 3 និង VF 5 សម្រាប់លក់ក្នុងស្រុក និងនាំចេញ។ នេះបើយោងតាមការចេញផ្សាយដោយ CNA នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៤។
VinFast បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រោងចក្រថ្មីនេះនឹងចាប់ផ្តើមសាងសង់នៅខែកក្កដា ឆ្នាំ២០២៥ ខាងមុខ។ តាមការរំពឹងទុកនឹងផលិតបានចំនួន ៣០០,០០០ គ្រឿងក្នុងមួយឆ្នាំក្នុងដំណាក់កាលដំបូង ដែលមានសមត្ថភាពដូចគ្នាទៅនឹងរោងចក្រដែលមានស្រាប់របស់ខ្លួននៅទីក្រុង Haiphong។
ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីកំពូលរបស់វៀតណាម បានគូសបញ្ជាក់ថា ត្រឹមតែរយៈពេល ៩ខែដំបូងនៃឆ្នាំ២០២៤ ក្រុមហ៊ុនបានចែកចាយរថយន្តបានជាង ៤៥,០០០គ្រឿងនៅទូទាំងពិភពលោក ពោលគឺបានខ្ទង់ ៥៥ភាគរយនៃគោលដៅសរុបរបស់ខ្លួនចំនួន ៨០,០០០គ្រឿងក្នុងឆ្នាំនេះ។ ប្រធានជាន់ខ្ពស់ VinFast បាននិយាយថា ពួកគេនៅតែមានទំនុកចិត្តក្នុងការឈានដល់គោលដៅនៅចុងឆ្នាំនេះ។
លោក Nguyen Viet Quang អនុប្រធាន និងជានាយកប្រតិបត្តិ (CEO) នៃក្រុមហ៊ុនមេរបស់ VinFast គឺ Vingroup បាននិយាយថា «តម្រូវការនៅក្នុងទីផ្សារអន្តរជាតិកំពុងកើនឡើងយ៉ាងឆាប់រហ័ស ដូច្នេះការសាងសង់រោងចក្រផលិតរថយន្តអគ្គិសនីបន្ថែម... នឹងបង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ដំណាក់កាលអភិវឌ្ឍន៍ដ៏សំខាន់សម្រាប់ VinFast»។
គួរជម្រាបថា រោងចក្រថ្មីនេះ នឹងមានទីតាំងនៅក្នុងបរិវេណដូចគ្នាទៅនឹងរោងចក្រផលិតអាគុយរបស់ VinFast ហើយនឹងប្រើប្រាស់គ្រឿងបន្លាស់ពីរោងចក្រដែលមានស្រាប់របស់ក្រុមហ៊ុននៅ Haiphong៕