(ភ្នំពេញ)៖ កម្មវិធីកីឡា នៃសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) រាជធានីភ្នំពេញ បានរៀបចំព្រឹត្តិការណ៍កីឡាថ្មីមួយទៀតហើយ គឺការប្រកួតបាល់ទាត់ក្នុងសាលជើងឯករាជធានីភ្នំពេញ លើកទី១ ដែលបានប្រារព្ធពិធីបើកការប្រកួតផ្លូវការ កាលពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៤ នៅអាគារខេមរានី ក្រោមវត្តមានលោកស្រី តិមា វិច្ឆិកាល អនុប្រធាន ស.ស.យ.ក រាជធានីភ្នំពេញ ខណៈការប្រកួតលើកដំបូងនេះ មានបេក្ខភាពចូលរួមចំនួន ១៦ក្រុម ។

លោកស្រី តិមា វិច្ឆិកាល បានគូសបញ្ជាក់ថា ទោះបីវិស័យបាល់ទាត់ក្នុងសាលកម្ពុជា នៅមិនទាន់មានការវិវឌ្ឍន៍ខ្លាំង ទាំងក្នុងតំបន់ និងលើពិភពលោក តែជារួមវិស័យកីឡាកម្ពុជា កំពុងមានការរីកចម្រើនគួរឲ្យកត់សម្គាល់ ក្រោមម្លប់នៃសន្ដិភាព ពិសេសវិស័យបាល់ទាត់ ជាក់ស្ដែងថ្មីៗនេះ ក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជា ទើបបើកទំព័រប្រវត្តិសាស្ដ្រថ្មី ដោយដណ្ដើមបានជើងឯករង នៃពានរង្វាន់ AFF Women’s Cup 2024 នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ ។

តាមរយៈកំណត់ត្រាប្រវត្តិសាស្ដ្រនេះដែរ លោកស្រីបានចាត់ទុកជាកម្លាំងចលករថ្មីមួយ សម្រាប់ជំរុញដល់កីឡាករ-កីឡាការិនីបាល់ទាត់កម្ពុជាឲ្យកាន់តែខំប្រឹងប្រែង ដើម្បីចូលរួមកសាងនូវប្រវត្តិសាស្ដ្រ និងកំណត់ត្រាថ្មីៗសម្រាប់អនាគតវិស័យបាល់ទាត់កម្ពុជា ពិសេសបាល់ទាត់ក្នុងសាលកម្ពុជា ។ ការណ៍នេះហើយ ទើបជំរុញឲ្យកម្មវិធីកីឡា ស.ស.យ.ក រាជធានីភ្នំពេញ រៀបចំព្រឹត្តិការណ៍បាល់ទាត់ក្នុងសាលជើងឯករាជធានីភ្នំពេញនេះឡើង ដើម្បីផ្ដល់ឱកាសឲ្យយុវជនបានចូលរួម និងបង្ហាញសមត្ថភាព ។

លោកស្រីបន្ដថា «កីឡាមានអត្ថប្រយោជន៍ច្រើនសម្រាប់មនុស្សជាតិ ផ្ដល់អត្ថប្រយោជន៍សម្រាប់កាយសម្បទាផង ដល់សុខភាពខួរក្បាល ហើយបង្កើតឲ្យមានសកម្មភាព ដែលអាចធ្វើការងារជាក្រុមបានច្រើន បានន័យថា បង្កើនទំនាក់ទំនងសង្គម បង្កើនមិត្តភាព សាមគ្គីភាព និងទំនាក់ទំនងល្អជាដើម» ។

ការណ៍នេះ លោកស្រីបានជំរុញឲ្យកីឡាករទាំង ១៦ក្រុម ដែលចូលរួមការប្រកួតនេះ ត្រូវចាប់យកឱកាសមាសនេះ ដើម្បីបង្ហាញសមត្ថភាព ជាមួយស្មារតីកីឡា ដោយគោរពនូវវិន័យ និងបទបញ្ជាការប្រកួត ដែលមិនត្រឹមតែជាការប្រកួតប្រជែង តែជាការប្រកួតដើម្បីរឹតចំណងមិត្តភាព សាមគ្គីភាព និងទំនាក់ទំនងល្អ ហើយក៏ដើម្បីអភិវឌ្ឍន៍សមត្ថភាព ឈានទៅរកការប្រកួតកម្រិតអន្ដរជាតិនាថ្ងៃអនាគត។ លើសពីនេះ លោកស្រីក៏សង្ឃឹមថា ការប្រកួតនេះ នឹងទទួលបានការគាំទ្រយ៉ាងផុសផុល ដើម្បីជាកម្លាំងចិត្តដល់គណៈកម្មការក្នុងការរៀបចំជាបន្ដបន្ទាប់ទៀតផងដែរ ។

គួរដឹងថា ការប្រកួតបាល់ទាត់ក្នុងសាលជើងឯករាជធានីភ្នំពេញ លើកទី១ ឆ្នាំ២០២៤ គ្រោងដំណើរការប្រកួតជាង ២ខែ ចាប់ពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ ដល់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ ។ សម្រាប់ក្រុមចូលរួមទាំង ១៦ បានបែងចែកជា ៤ពូល ក្នុងមួយពូលមាន ៤ក្រុម ដើម្បីធ្វើការប្រកួតជម្រុះតាមពូល ខណៈក្រុមលេខ១ និងលេខ២ នៃពូលនីមួយៗ នឹងទទួលបានកៅអីវគ្គបន្ដបន្ទាប់ ។ ដើម្បីអបអរសាទរពិធីបើកការប្រកួតនេះដែរ កម្មវិធីកីឡា ស.ស.យ.ក រាជធានីភ្នំពេញ ក៏បានរៀបចំឲ្យមានការប្រកួតមិត្តភាពបើកកម្មវិធី រវាងក្រុមបាល់ទាត់ ស.ស.យ.ក រាជធានីភ្នំពេញ និងក្រុមបាល់ទាត់ហ្វូលសាលអលស្ដា ដោយមានការចូលរួមពីបុគ្គលសំខាន់ៗ និងកីឡាករមានប្រជាប្រិយភាពជាច្រើនផងដែរ ៕