(ឡុងដ៍)៖ ក្លិបបាល់ទាត់ញញួរធំ West Ham United បានប្រកាសតែងតាំងលោក Graham Potter ជាអ្នកចាត់ការទូទៅថ្មីរបស់ពួកគេនៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៩ ខែមករានេះ ដោយមានកិច្ចសន្យាដឹកនាំ ២ឆ្នាំកន្លះ។ នេះបើយោងតាមការចេញផ្សាយដោយ BBC ។
បុរសវ័យ ៤៩ឆ្នាំរូបនេះ ត្រូវបានតែងតាំងដឹកនាំ West Ham ជំនួសតំណែងគ្រូបង្វឹកចាស់សញ្ជាតិអេស្ប៉ាញ Julen Lopetegui ដែលត្រូវបានដកតំណែងកាលពីថ្ងៃពុធ ដ្បិតបានកាន់តួនាទីធំនេះបានតែ ៦ខែប៉ុណ្ណោះតពីលោក David Moyes។
លោក Potter បានចូលដឹកនាំញញួរធំ ស្របពេលពួកគេកំពុងស្ថិតនៅលេខរៀងទី១៤ ក្នុងលីគ Premier League ដោយនៅក្រៅតំបន់កាត់ចោលតែ ៧ពិន្ទុប៉ុណ្ណោះ និងទើបតែលេងឈ្នះ ៦ប្រកួតនៅរដូវកាលឆ្នាំ២០២៤-២៥។
នេះជាការងារគ្រូបង្វឹកជាថ្មីម្តងទៀតរបស់លោក Potter ក្រោយពេលតោខៀវ Chelsea ដកតំណែងកាលពីខែមេសា ឆ្នាំ២០២៣ មក។ សម្រាប់ West Ham ត្រូវធ្វើដំណើរទៅប៉ះម្ចាស់ផ្ទះ Aston Villa នៅរាត្រីថ្ងៃសុក្រសប្តាហ៍នេះ សម្រាប់ជុំទី៣ នៃពានរង្វាន់លំដាប់ទី២ អង់គ្លេស FA Cup ដែលនេះមួយប្រកួតដំបូងរបស់លោក ។
លោក Potter ក៏ជាអតីតគ្រូបង្វឹកធ្លាប់ដឹកនាំ Brighton រកបានលទ្ធផលឈ្នះ ៤២លើក ពីការលេង ១៣៥ប្រកួតផងដែរ ៕