(ភ្នំពេញ)៖ មានការប្រឡងចម្រៀង និងសិល្បៈជាច្រើនប្រភេទ ដែលប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ នៅរសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥ មានការចូលរួមជាគណៈកម្មការកិត្តិយសក្នុងការជ្រើសរើសបេក្ខជនជ័យលាភីដោយនាយ ចឺម តារាចម្រៀងដ៏ល្បីពេញនិយមសម្រាប់យុវវ័យ និងមានប្រជាប្រិយភាពមួយរូបនៅកម្ពុជា។

បើតាមតារាចម្រៀងនាយ ចឺម បានឲ្យដឹងថា ការប្រឡងចម្រៀងនិងសិល្បៈជាច្រើនប្រភេទ ដើម្បីសម្រឹតសម្រាំងរកបេក្ខជនជ័យលាភីដែលមានសមត្ថភាពពិតប្រាកដ ទៅប្រឡងវគ្គផ្ដាច់ព្រ័ត្រនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ នៅក្រុមហ៊ុន ឡាក់គី រ៉ូប៊ី ស្ថិតនៅភូមិព្រៃវល្លិ៍ ឃុំថ្មី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។

លោកបានបញ្ជាក់ថា អ្នកទទួលបានជ័យលាភីនៅវគ្គផ្ដាច់ព្រ័ត្រលេខ១ ទទួលបានរង្វាន់ធំទឹកប្រាក់៥,០០០ដុល្លារ លេខ២ទទួលបានរង្វាន់ទឹកប្រាក់២,០០០ដុល្លារ និងរង្វាន់លើកទឹកចិត្ត៣០០ដុល្លារ ក្នុងបេក្ខជនម្នាក់ៗ។

ចំពោះបេក្ខភាពទទួលបានជ័យលាភី នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះផងដែរ គណៈកម្មការសម្រេចជ្រើសរើសយកបេក្ខជនចំនួន៨រូប ដើម្បីត្រៀមទៅប្រឡងនៅវគ្គផ្ដាច់ព្រ័ត្រ ហើយចំពោះបេក្ខជនដែលឈ្នះការប្រឡងទាំង៨រូប នាឱកាសនេះផងដែរ ត្រូវបានបង្ហោះនៅលើវេបសាយ ក្រុមហ៊ុន ឡាក់គី រ៉ូប៊ី ហើយចំពោះវត្តមានបេក្ខជនដែលបានចុះឈ្មោះប្រឡងនៅវគ្គនេះ មានចំនួនសរុប៦៣រូប។

បេក្ខជនដែលបានចូលរួមប្រឡងចម្រៀង និងសិល្បៈជាច្រើនប្រភេទឱកាសនេះ មកពីគ្រប់ទិសទីតាមបណ្ដារាជធានីខេត្តនានា គឺចូលរួមបានដោយសេរី ប្រកបដោយភាពជឿជាក់ មានទំនុកចិត្ត និងតម្លាភាពផងដែរ៕