(ភ្នំពេញ)៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានសម្រេចបញ្ជូនអត្តពលិក ចូលរួមប្រកួតប្រជែងមេដាយក្នុងព្រឹត្តិការណ៍កីឡាអាស៊ីរដូវរងា ឆ្នាំ២០២៥ ចាប់ពីថ្ងៃទី០៧-១៤ ខែកុម្ភៈខាងមុខ នៅទីក្រុង Harbin ខេត្ត Heilongjiang ប្រទេសចិន។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC បានបញ្ជាក់ថា នេះជាលើកដំបូងហើយ ដែលកម្ពុជាបានចូលរួមព្រឹត្តិការណ៍កីឡារដូវរងាកម្រិតទ្វីបអាស៊ីនេះ លើប្រភេទកីឡារំអិលលើទឹកកក។ លោកថា «នេះជាមោទកភាពមួយ ក្នុងកំណត់ត្រាប្រវត្តិសាស្ត្រលើកទី១ ដែលកម្ពុជាយើងបានចូលរួមការប្រកួតកីឡាអាស៊ីរដូវរងា ស្របតាមគោលនយោបាយ និងចក្ខុវិស័យរបស់អូឡាំពិកអន្តរជាតិ ដែលជំរុញឱ្យប្រទេសនៅតំបន់ក្ដៅ និងមិនមានខែត្រជាក់ មិនមានទឹកកក មានការប្រកួតកីឡារដូវរងានេះ ទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន»។
លោកបន្ដថា ជាមួយភាពជោគជ័យនៃការសម្រេចគោលដៅបញ្ជូនអត្តពលិកចូលរួមការប្រកួតកីឡាអាស៊ីរដូវរងានេះដែរ បន្ទាប់ពីកម្ពុជា ទទួលបានអាហារូបករណ៍ហ្វឹកហាត់នៅកូរ៉េខាងត្បូង តាមរយៈកម្មវិធី Dream Program ដល់កីឡាករ-កីឡាការិនីកាលពីថ្មីៗ ដែលជំរុញឲ្យកម្ពុជាមានលទ្ធភាពចូលរួមការប្រកួតជាលើកដំបូង។ តាមរយៈនេះ លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ និងអ្នកគាំទ្រ ចូលរួមផ្ដល់កម្លាំងចិត្ត និងគាំទ្រដល់អត្តពលិកកម្ពុជា ក្នុងការប្រកួតនាពេលឆាប់ៗខាងមុខផងដែរ។
គួរដឹងថា ព្រឹត្តិការណ៍កីឡាអាស៊ីរដូវរងា បានបង្កើតឡើងដំបូងកាលពីឆ្នាំ១៩៨៦ នៅទីក្រុង Sapporo ប្រទេសជប៉ុន ដែលតែងតែរៀបចំរៀងរាល់ ៤ឆ្នាំម្ដង។ សម្រាប់ឆ្នាំ២០២៥ នេះ គឺជាលើកទី៩ ហើយ និងមានការចូលរួមរបស់អត្តពលិកមកពី ៣៤ប្រទេស ត្រូវប្រកួតប្រជែងលើ ១១ប្រភេទកីឡា និងចែកចេញជា ៦៤វិញ្ញាសា ក្នុងនោះក៏មានប្រតិភូ គ្រូបង្វឹក និងអត្តពលិកកីឡារំអិលលើទឹកកកកម្ពុជា ៩រូបចូលរួមផងដែរ ដែលបានចាកចេញពីមាតុភូមិទៅទីក្រុង Harbin ខេត្ត Heilongjiang ដែលជាទីកន្លែងប្រារព្ធកម្មវិធីប្រកួតកាលពីថ្មីៗ៕