(​បរទេស)៖ ក្រុមហ៊ុនខ្នាតយក្ស OpenAI និងកម្មវិធីជជែកដ៏លេចធ្លោរបស់កូរ៉េខាងត្បូង​ Kakao បានប្រកាសជាផ្លូវការថា ក្រុមហ៊ុនទាំងពីរនឹងសហការគ្នាបង្កើតភាពជាដៃគូដើម្បីអភិវឌ្ឍន៍ផលិតផល AI សម្រាប់ទីផ្សារកូរ៉េ។ កិច្ចសហការនេះ ត្រូវបានបង្ហាញក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងសេអ៊ូលនាថ្ងៃអង្គារសប្តាហ៍នេះ ពាក់ព័ន្ធនឹងការរួមបញ្ចូលបច្ចេកវិទ្យារបស់ OpenAI ទៅក្នុងសេវាកម្មរបស់ Kakao ដែលផ្គត់ផ្គង់ដល់អ្នកប្រើប្រាស់ប្រមាណ ៥០លាននាក់នៅក្នុងតំបន់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters​ នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៥។

នាយកប្រតិបត្តិ (CEO) Kakao លោកស្រី​ Chung Shin-a បានសម្តែងការសាទរចំពោះភាពជាដៃគូ ដោយបង្ហាញពីសក្តានុពលរបស់ខ្លួនក្នុងការជំរុញការច្នៃប្រឌិត និងពង្រឹងសមត្ថភាព AI នៅក្នុងប្រទេសកូរ៉េខាងត្បូង។ ទន្ទឹមនឹងនេះ នាយកប្រតិបត្តិ (CEO) OpenAI លោក Sam Altman ក៏បានលើកឡើងផងដែរថា ក្រុមហ៊ុនកូរ៉េខាងត្បូងនឹងកា្លយជាអ្នករួមចំណែកដ៏សំខាន់ដល់ប្រព័ន្ធអេកូឡូស៊ីនៃគម្រោងមជ្ឈមណ្ឌលទិន្នន័យ Starget របស់សហរដ្ឋអាមេរិក ប៉ុន្តែបានបន្ថែមថាលោកចង់រក្សាការសន្ទនាភាពជាដៃគូជាសម្ងាត់។

យោងតាមរបាយការណ៍ចុះផ្សាយបានបង្ហាញថា នៅក្នុងសន្និសីទសារព័ត៌មាននាថ្ងៃនេះលោក Altman បានជួបជាមួយនឹងប្រធានក្រុមហ៊ុន SK Group លោក Chey Tae-won ហើយលោក ក៏មានគម្រោងជួបជាមួយ CEO ក្រុមហ៊ុន Samsung ក្នុងអំឡុងពេលទស្សនកិច្ចរបស់លោកផងដែរ។

គួរជម្រាបថា កាលពីខែមុន ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រកាសពីការវិនិយោគលើវិស័យឯកជនរហូតដល់ ៥០០ពាន់លានដុល្លារ ដើម្បីផ្តល់មូលនិធិដល់ហេដ្ឋារចនាសម្ព័ន្ធ AI ដោយកត់សម្គាល់មាន OpenAI, SoftBank និង Oracle កំពុងរៀបចំផែនការបង្កើតក្រុមហ៊ុនបណ្តាក់ទុនរួមគ្នាហៅថា Stargate។ ដូច្នេះការវិនិយោគលើកនេះ ទំនងជាស្ពានចងសម្ព័ន្ធមិត្ត កូរ៉េខាងត្បូង និងអាមេរិកក្នុងវិស័យបញ្ញាសិប្បនិម្មិត្ត AI កាន់តែខ្លាំងឡើង៕