(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាសហ្វវែលយក្សអាមេរិក Salesforce បាននិយាយនៅថ្ងៃចន្ទសប្តាហ៍នេះថា គ្រោងនឹងវិនិយោគប្រមាណ ៥០០ លានដុល្លារនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីគាំទ្រដល់ការអភិវឌ្ឍន៍បញ្ញាសិប្បនិម្មិតនៅក្នុងតំបន់។ ការវិនិយោគនេះ ត្រូវបានបង្ហាញនៅក្នុងព្រឹត្តិការណ៍បច្ចេកវិទ្យាសកលរបស់អារ៉ាប៊ីសាអូឌីត LEAP 2025 ដែលប្រទេសនេះបានទាក់ទាញការវិនិយោគ AI ថ្មីដែលមានតម្លៃដល់ ១៤.៩ ពាន់លានដុល្លារ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥។

ជាផ្នែកមួយនៃការវិនិយោគនេះ Salesforce នឹងណែនាំ Hyperforce ដែលជាស្ថាបត្យកម្មវេទិការបស់ខ្លួនដែលបានចែកចាយតាមរយៈភាពជាដៃគូយុទ្ធសាស្ត្រជាមួយ Amazon Web Services នៅក្នុងប្រទេស។​ ជាងនេះទៅទៀត Salesforce ក៏នឹងចាប់ដៃគូជាមួយក្រុមហ៊ុន Capgemini, Deloitte, Globant, IBM និង PwC ដើម្បីពង្រីកការប្រើប្រាស់ Agentforce ដែលជាផលិតផលរបស់ខ្លួនសម្រាប់ភ្នាក់ងារសេវាកម្មអតិថិជន ហើយនឹងផ្តល់ការគាំទ្រជាភាសាអារ៉ាប់សម្រាប់ឈុតផលិតផលដែលទាក់ទងនឹង AI របស់ខ្លួនផងដែរ។

គួរជម្រាបថា​ Salesforce ក៏មានគម្រោងបង្កើតទីស្នាក់ការកណ្តាលក្នុងតំបន់មួយនៅទីក្រុង Riyadh ដែលមានសមត្ថភាពបង្កើនជំនាញដល់ពលរដ្ឋអារ៉ាប៊ីសាអូឌីតរហូតដល់ ៣០,០០០ នាក់នៅឆ្នាំ ២០៣០។ តាមរយៈការប្រកាសកាលពីដើមខែនេះរបស់ Salesforce, ក្រុមហ៊ុនយក្សនេះ មានគម្រោងចាប់ដៃគូជាមួយសាកលវិទ្យាល័យ Princess Nourah (PNU) ដើម្បីនាំយកឱកាសសិក្សាដែលផ្តោតលើ AI និងការអភិវឌ្ឍន៍កម្លាំងការងារដល់និស្សិតស្រីជាពិសេសផងដែរ៕