(ភ្នំពេញ)៖ រដ្ឋាភិបាលចិន បានបើកភ្លើងខៀវទទួលនូវគម្រោងសំណើរធំៗចំនួន ២ របស់កម្ពុជា ទី១-គម្រោងជំនួយផ្នែកការហ្វឹកហាត់កីឡាកម្រិតខ្ពស់នៅប្រទេសចិន និងទី២-គម្រោងស្នើសុំការជួយបច្ចេកទេសក្នុងការបន្តថែទាំពហុកីឡដ្ឋានជាតិមរតកតេជោ។
នេះបើតាមការបញ្ជាក់របស់លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) ក្រោយជំនួបសំណេះសំណាល និងពិភាក្សាការងារជាមួយគណៈប្រតិភូចិន ដឹកនាំដោយលោក Zeng Huacheng អគ្គនាយករងនៃក្រសួងពាណិជ្ជកម្មប្រទេសចិន និងមានការចូលរួមពីតំណាងស្ថានទូតចិនប្រចាំនៅកម្ពុជា នៅរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ នេះ នៅទីស្នាក់ការ NOCC។
លោក វ៉ាត់ ចំរើន មានប្រសាសន៍ថា គម្រោងនៃការផ្ដល់ជំនួយខាងលើ គឺជាជំនួយរដ្ឋាភិបាលចិន តាមរយៈក្រសួងពាណិជ្ជកម្មចិន ផ្ដល់មកឲ្យរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមាន NOCC និងក្រសួងអប់រំ យុវជន និងកីឡា ជាអ្នកសម្របសម្រួល ។ ដូច្នេះក្រោយជំនួបពិភាក្សាខាងលើ ភាគីចិន បានផ្ដល់នូវដំណឹងល្អមួយចំនួន ពាក់ព័ន្ធឹងគម្រោងជំនួយចំនួន២ រួមមាន៖
ទី១-គម្រោងជំនួយផ្នែកការហ្វឹកហាត់នៅចិន សម្រាប់ឆ្នាំ២០២៥ ដែលបេសកកម្មនេះ ក្រុមការងារជំនាញពិសេសរបស់ចិន នឹងចុះមកធ្វើការជាមួយក្រុមកីឡាជម្រើសជាតិកម្ពុជា និងធ្វើការពិភាក្សាបន្ថែមជាមួយ NOCC ទៅលើការត្រៀមរៀបចំបញ្ជូនកីឡាករ-កីឡាការិនី ១៦១នាក់ ដែលត្រូវចេញទៅហ្វឹកហាត់ត្រៀមស៊ីហ្គេម ឆ្នាំ២០២៥ ។ គម្រោងនេះ មិនត្រឹមជាជំនួយត្រឹមឆ្នាំ២០២៥ នោះទេ តែជាគម្រោងជំនួយឆ្នាំ២០២៥ រហូតដល់ឆ្នាំ ២០២៩ សម្រាប់គោលដៅនៃការធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ី ឆ្នាំ២០២៩ នៅកម្ពុជាផងដែរ។
លោកបន្ដថា «កិច្ចពិភាក្សាគ្នាបានផ្ដោតការយកចិត្តទុកដាក់ទៅលើការត្រៀមលក្ខណៈ ដែលរដ្ឋាភិបាលចិន បានផ្ដល់នូវភ្លើងខៀវថា គម្រោងសំណើរនៃការទទួលការហ្វឹកហាត់នៅសាធារណរដ្ឋប្រជាមានិតចិននេះ ត្រូវបានរដ្ឋាភិបាលចិនទទួលយក និងមានការគាំទ្រទាំងស្រុង ប៉ុន្ដែនៅនីតិវិធីនៃការរៀបចំបច្ចេកទេសឲ្យបានល្អ ហើយនឹងទទួលនូវកិច្ចសហប្រតិបត្តិ និងកិច្ចសន្យាជាមួយគ្នាក្នុងកម្រិតជំនាញពិសេស ដើម្បីទទួលយកនូវការទទួលខុសត្រូវគ្នាទៅវិញទៅមក នៅក្នុងគម្រោងនេះ»។
«គម្រោងនេះ គឺជាគម្រោងដែលយើងបានទទួលដូចគម្រោង ដែលយើងបានទទួលមុនស៊ីហ្គេម-២០២៣អ៊ីចឹង គឺកីឡាករ-កីឡាការិនីជម្រើសជាតិកម្ពុជា បានទៅហ្វឹកហាត់នៅចិន កាលពីមុនស៊ីហ្គេម គឺមានការជួយឧបត្ថម្ភទាំងស្រុងពីមិត្ដចិន ទាំងការស្នាក់នៅ ហូបចុក ទាំងសំបុត្រយន្ដហោះ និងការហ្វឹកហាត់នៅទីនោះ ហើយក៏មានគម្រោងបញ្ជូនគ្រូបង្វឹកជំនាញប្រភេទកីឡាល្អៗមួយចំនួន មកបង្ហាត់បន្ថែមនៅកម្ពុជាផងដែរ ។ នេះគឺជាអ្វីដែលយើងកំពុងធ្វើការជាមួយគ្នាលើគម្រោងទី១»។
ទី២-គម្រោងស្នើសុំបន្ដជួយការថែទាំពហុកីឡដ្ឋានជាតិមរតកតេជោ ។ លោក វ៉ាត់ ចំរើន បន្ថែមថា «គម្រោងនេះ យើងបានទទួលដំណឹងថា ពហុកីឡដ្ឋានជាតិមរតកតេជោ គឺមានការស្នើសុំបន្ដជួយការថែទាំ ព្រោះការថែទាំមានលក្ខណៈស្មុគស្មាញ និងពិសេស ចឹងគម្រោងស្នើសុំការជួយបច្ចេកទេសក្នុងការថែទាំបន្ដនេះ គឺរដ្ឋាភិបាលចិន ក៏បានចាប់អារម្មណ៍ និងគាំទ្រទាំងស្រុងដែរ»។
តាមរយៈការផ្ដល់ដំណឹងល្អលើការទទួលនូវគម្រោងជំនួយទាំង ២ ខាងលើ លោកបានបង្ហាញសុទិដ្ឋិនិយមថា នឹងបន្ដជំរុញធ្វើឲ្យគុណផលកីឡាក្រុមជម្រើសជាតិកម្ពុជា ទទួលបានលទ្ធផលល្អបន្ថែមទៀត ក្នុងកាបរ្រកួតអន្ដរជាតិនានា ពិសេសស៊ីហ្គេម លើកទី៣៣ នៅថៃ ចុងឆ្នាំនេះ ។ ក្នុងនាមក្រសួងអប់រំ NOCC សហព័ន្ធជាតិ ពិសេសគឺមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា លោកក៏បានសម្ដែងនូវសេចក្ដីសោមនស្សរីករាយជាខ្លាំង ដែលបានទទួលការគាំទ្រនូវគម្រោងផ្ដល់អាហារូបករណ៍ហ្វឹកហាត់នេះ ដ្បិតរាល់ការហ្វឹកហាត់នៅចិន គឺមានលក្ខណៈពិសេស ដែលធ្វើឲ្យគុណផលកីឡាបច្ចេកទេសកីឡាឡើងខ្ពស់លឿនគួរឲ្យកត់សម្គាល់។
ជាមួយគ្នាលោក វ៉ាត់ ចំរើន ក៏បានថ្លែងអំណរគុណ ចំពោះរដ្ឋាភិបាល និងប្រជាជនចិន ក្នុងការជួយគាំទ្រដល់ការអភិវឌ្ឍកីឡាជំនាញកម្រិតខ្ពស់កម្ពុជា ហើយកកិច្ចសហប្រតិបត្តិការដ៏ល្អនេះ ក៏ដោយសារនយោបាយមិត្តភាព សាមគ្គីភាពដ៏រឹងមាំ ជាពិសេសមិត្តភាពត្បូងពេជ្រ ដែលតពីសម្ដេចតេជោ ហ៊ុន សែន អតីនាយករដ្ឋមន្ដ្រី គឺសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលបានពង្រឹង ហើយបានជំរុញកិច្ចសហប្រតិបត្តិការនេះយ៉ាងល្អ។
លោកបន្ថែមថា «ដោយសារគោលនយោបាយដ៏ជាក់លាក់ និងភាពរឹងមាំ នៃមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនេះហើយ បានឈានទៅដល់ការជួយឧបត្ថម្ភគាំទ្រដល់វិស័យកីឡារបស់យើងបន្ដទៀតនេះ ហើយយើងសង្ឃឹមជឿជាក់ថា គម្រោងទាំង ២ នេះ នឹងក្លាយជាការរឹតចំណងសាមគ្គីភាពកាន់តែរឹងមាំបន្ថែមទៀត»៕