(ភ្នំពេញ)៖ វិស័យមូលបត្រ នៅក្នុងព្រះជាណាចក្រកម្ពុជា បាននិងកំពុងដើរតួយ៉ាងសំខាន់ក្នុងការអភិវឌ្ឍ និងធានាចីរភាពនៃកំណើនសេដ្ឋកិច្ច តាមរយៈការកៀរគរមូលធនដែលនៅទំនេរ យកទៅធ្វើការបែងចែក ប្រើប្រាស់ ប្រកបដោយប្រសិទ្ធភាព និងបម្លែងការគ្រប់គ្រងហានិភ័យឱ្យមានសុវត្ថិភាព ។

សព្វថ្ងៃនេះមូលបត្រមានប្រភពចំនួន ០២ គឺ មូលបត្ររដ្ឋ ដែលបោះផ្សាយក្នុងនាមរាជរដ្ឋាភិបាល (គ្រប់គ្រងដោយច្បាប់ស្តីពីមូលបត្ររដ្ឋ ឆ្នាំ២០២០) និងមូលបត្រមហាជនដែលបោះផ្សាយដោយក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិត ឬនីតិបុគ្គលផ្សេងទៀតដែលទទួលបានការអនុញ្ញាតឱ្យបោះផ្សាយ (គ្រប់គ្រងដោយច្បាប់ស្តីពីការបោះផ្សាយ និងការជួញដូរមូលបត្រមហាជន ឆ្នាំ២០០៧) ។

ដោយផ្អែកតាមច្បាប់ស្តីពីការបោះផ្សាយ និងការជួញដូរមូលបត្រមហាជន ឆ្នាំ២០០៧ មូលបត្រមហាជនត្រូវបានបែងចែកជាច្រើនប្រភេទដូចជា មូលបត្រកម្មសិទ្ធិរាប់បញ្ចូលទាំងភាគហ៊ុន មូលបត្របំណុលរាប់បញ្ចូលទាំងសញ្ញាប័ណ្ណ ផលប្រយោជន៍ក្នុងគម្រោងវិនិយោគរួម ឧបករណ៍និស្សន្ទ ឬឧបករណ៍ដេរីវេទីវ និងឧបករណ៍ហិរញ្ញវត្ថុដទៃទៀតដែលកំណត់ថាជាមូលបត្រ ។

ដូចនេះក្នុងសប្តាហ៍នេះ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពសារព័ត៌មាន Fresh News សហការជាមួយ ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សូមលើកយកប្រធានបទស្ដីពី «មូលបត្រកម្មសិទ្ធិ» ដើម្បីយល់ឱ្យកាន់តែច្បាស់ថាតើមូលបត្រកម្មសិទ្ធិជាអ្វី ហើយមានប្រភេទបែបណាខ្លះ មកបកស្រាយជូនសិស្ស និស្សិត និងសាធារណជន ដូចខាងក្រោម៖

នៅក្នុងទីផ្សារមូលបត្រកម្ពុជានាពេលបច្ចុប្បន្ន មូលបត្រដែលអាចជួញដូរបានជាក់ស្តែងមាន ០២ ប្រភេទគឺ មូលបត្រ កម្មសិទ្ធិ (Equity Securities) និងមូលបត្របំណុល (Debt Securities) ឬ សញ្ញាប័ណ្ណ (Bond) ។

មូលបត្រកម្មសិទ្ធិ សំដៅដល់ផលប្រយោជន៍ ឬសិទ្ធិស្របច្បាប់លើមូលបត្រនៃក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិត ឬនីតិបុគ្គលប្រតិស្រុត រួមទាំងនីតិបុគ្គលបរទេសប្រហាក់ប្រហែល ហើយរាប់បញ្ចូលទាំងភាគហ៊ុនដែលមានសិទ្ធិបោះឆ្នោត និងគ្មានសិទ្ធិបោះឆ្នោត ភាគហ៊ុនមិនបង់ថ្លៃគ្រប់ និងភាគហ៊ុនបុរិមា (យោងតាមប្រកាសស្តីពីការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈ ត្រង់ប្រការ ២ ចំណុចទី១០) ។ ជាក់ស្តែង មូលបត្រកម្មសិទ្ធិ គឺជាប្រភេទមូលបត្រ ដែលតំណាងឱ្យភាពជាម្ចាស់កម្មសិទ្ធិរបស់ក្រុមហ៊ុនដែលបានបោះផ្សាយលក់នៅក្នុងទំហំ កម្រិត ឬប្រភេទដែលវិយោគិនបានទិញ ឬវិនិយោគ ។

ក្រៅពីភាពជាម្ចាស់កម្មសិទ្ធិ វិនិយោគិន ឬភាគហ៊ុនិកនឹងទទួលបានប្រាក់ចំណេញរបស់ក្រុមហ៊ុនតាមរយៈភាគលាភ ដោយផ្អែកទៅលើសមាមាត្រភាគហ៊ុនដែលខ្លួនមាន ក្នុងករណីអាជីវកម្មរបស់ក្រុមហ៊ុនទទួលបានភាពជោគជ័យ ។

ក្នុងរយៈពេលប៉ុន្មានទសវត្សចុងក្រោយនេះ ទីផ្សារមូលបត្រ ឬទីផ្សារភាគហ៊ុនទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់វិនិយោគិន និងសាធារណជនទូទៅ ដោយផ្អែកតាមពុទ្ធិមូលបត្រចេញផ្សាយប្រចាំសប្តាហ៍ទី៣ ខែកញ្ញា ឆ្នាំ២០១៦ របស់និយ័តករមូលបត្រកម្ពុជា មូលបត្រកម្មសិទ្ធិ ត្រូវបានបែងចែកជា ០២ ប្រភេទគឺ ភាគហ៊ុនធម្មតា (Common Stocks) និងភាគហ៊ុនបុរិមា (Preference Stocks) ។

*១. ភាគហ៊ុនធម្មតា (Common Stocks) ជាប្រភេទភាគហ៊ុនដែលតំណាងឱ្យភាពជាម្ចាស់កម្មសិទ្ធិលើក្រុមហ៊ុន សាជីវកម្មណាមួយដែលបោះផ្សាយលក់ ។ ភាពជាម្ចាស់នេះនឹងផ្តល់ឱ្យភាគហ៊ុនិកនូវសិទ្ធិបោះឆ្នោត និងសម្រេចក្នុងការងាររបស់ក្រុមប្រឹក្សាភិបាលក្រុមហ៊ុនដែលអាស្រ័យទៅលើចំនួននៃភាគហ៊ុនដែលកាន់កាប់ ហើយក៏នឹងទទួលបាននូវចំណែកផលចំណេញរបស់ក្រុមហ៊ុន ដោយគ្មានការកំណត់ តាមរយៈប្រាក់ចំណេញរបស់ក្រុមហ៊ុន ឬ/និងផលចំណេញមូលធន (អាចទទួលជាប្រាក់ ឬវិនិយោគបន្ត អាស្រ័យលើការចរចាសម្រេចរបស់ក្រុមប្រឹក្សាភិបាល) ។ ប៉ុន្តែភាគហ៊ុនប្រភេទនេះ មិនធានានូវការទទួលបានប្រាក់ចំណេញ តាមកាលកំណត់ជាក់លាក់ឡើយ និងទទួលបានការទូទាត់ពីក្រុមហ៊ុនក្រោយគេ បន្ទាប់ពីក្រុមហ៊ុនសងទៅម្ចាស់ភាគហ៊ុនបុរិមា និងម្ចាស់បំណុលផ្សេងៗរួច ហើយក្នុងករណីក្រុមហ៊ុនមានបញ្ហា ឬមានការខាតបង់ចំណូល ភាគហ៊ុនិកនឹងខាតបង់ដូចគ្នា ។

*២. ភាគហ៊ុនបុរិមា (Preference Stocks) ជាប្រភេទភាគហ៊ុនទាំងឡាយណាដែលទទួលបានការបែងចែកភាគលាភមុនភាគហ៊ុនធម្មតាដោយទទួលបានភាគលាភក្នុងអត្រាថេរ និងទៀងទាត់តាមការកំណត់របស់ក្រុមហ៊ុន ហើយតម្លៃរបស់វាមិនប្រែប្រួលភ្លាមៗ ដូចភាគហ៊ុនធម្មតានោះទេ ។ មិនត្រឹមតែប៉ុណ្ណោះ ភាគហ៊ុនបុរិមាជាភាគហ៊ុនដែលមានសិទ្ធិទាមទារខ្ពស់ជាង និងទទួលបានការទូទាត់មុនភាគហ៊ុនធម្មតា ក្នុងករណីក្រុមហ៊ុនក្ស័យធន ។ ប៉ុន្តែម្ចាស់ភាគហ៊ុនបុរិមា មិនមានសិទ្ធិបោះឆ្នោតនៅក្នុងក្រុមហ៊ុន ដូចអ្នកកាន់កាប់ភាគហ៊ុនធម្មតានោះទេ ។ ភាគហ៊ុនបុរិមា ជាភាគហ៊ុនមួយដែលក្រុមហ៊ុនអាចធ្វើការទិញត្រលប់មកវិញពីភាគហ៊ុនិកបាន ក្នុងតម្លៃទីផ្សារតាមការព្រមព្រៀងរបស់ភាគី ។

ជារួមមក មូលបត្រកម្មសិទ្ធិ គឺជាឧបករណ៍ហិរញ្ញវត្ថុ ដែលតំណាងឱ្យភាពជាម្ចាស់មួយផ្នែកនៅក្នុងក្រុមហ៊ុនសាធារណៈដែលបានបោះផ្សាយលក់មូលបត្រនេះ និងមានសិទ្ធិក្នុងការទាមទារចំណែកនៃទ្រព្យសម្បត្តិ និងប្រាក់ចំណេញរបស់ក្រុមហ៊ុន ដោយផ្អែកទៅតាមប្រភេទ និងសមាមាត្រភាគហ៊ុនដែលវិនិយោគិនបានវិនិយោគ ។ ការវិនិយោគលើរិស័យមូលបត្រ គឺជាការយកមូលធនដែលនៅទំនេររបស់ខ្លួនទៅប្រើប្រាស់ឱ្យមានប្រយោជន៍ ហើយមូលបត្រកម្មសិទ្ធិប្រភេទណាមួយក៏ដោយ គឺសុទ្ធតែមានគុណសម្បត្តិ និងហានិភ័យផ្សេងៗគ្នា អាស្រ័យទៅលើការពិចារណារបស់វិនិយោគិន ។

រៀបរៀងដោយ៖ កញ្ញា គន្ធ វិជិតា និងលោក ណុប សុសីហា ជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃ ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារ ស៊ីអាយស៊ី (CIC) លេខ ១២៦៥ ផ្លូវលំ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ / ០៧៨ ២៧២ ៧៨៦ អ៊ីម៉ែល៖ [email protected] គេហទំព័រ៖ www.cicfirm.com ហ្វេសប៊ុកផេក៖ Cambodia International Cooperation Law Firm ៕