(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥នេះ គណៈគ្រប់គ្រងសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ បានរៀបចំកម្មវិធីបរិច្ចាគកុំព្យូទ័រ Chromebook ចំនួន ១៧២ គ្រឿងជូនអង្គការលើកកម្ពស់យុវជន (ផេពភី) ដែលជាអង្គការក្រៅរដ្ឋាភិបាលមួយ ផ្តោតលើការលើកកម្ពស់សមត្ថភាពយុវជនកម្ពុជា ជាពិសេសយុវជនរស់នៅក្នុងតំបន់ជនបទ តាមរយៈការអប់រំប្រកបដោយគុណភាព និងកសាងបំណិនវិជ្ជាជីវៈផ្នែកបច្ចេកវិទ្យាព័ត៌មានវិទ្យា ដើម្បីពួកគេត្រៀមខ្លួនរួច រាល់សម្រាប់អាជីពការងារក្នុងវិស័យឌីជីថល។
កម្មវិធីបរិច្ចាគនេះត្រូវបានធ្វើឡើងនៅទីតាំងសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ សែនសុខ (ផ្លូវ២០០៤) ដោយមានការចូលរួមពីលោក Matthew Nicholas Allen នាយករងកម្រិតបឋមសិក្សាអន្តរជាតិ តំណាងលោក Michael Wilde ប្រធាននាយកប្រតិបត្តិនៃសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ និងលោក អ៉ឹម ម៉ានីន នាយកគ្រប់គ្រងស្តីទី នៃអង្គការលើកកម្ពស់យុវជន (ផេពភី)។
ថ្លែងក្នុងពិធីប្រគល់កុំព្យូទ័រ Chromebook នេះ លោក Matthew Nicholas Allen បានថ្លែងថា សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ បានប្តេជ្ញាចិត្តក្នុងការគាំទ្រសហគមន៍ក្នុងប្រទេសកម្ពុជា ជាពិសេសគឺក្នុងវិស័យអប់រំ ហើយលោកក៏បានចង្អុលបង្ហាញថាការបរិច្ចាគ Chromebook ចំនួន ១៧២គ្រឿង គឺមិនត្រឹមតែជាការ ផ្តល់សម្ភារបច្ចេកវិទ្យាប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាការបង្កើតឱកាសថ្មីៗសម្រាប់មនុស្សជំនាន់ក្រោយ ដោយជួយឱ្យពួកគេទទួលបានឧបករណ៍បច្ចេកវិទ្យា ដើម្បីប្រើប្រាស់ក្នុងការសិក្សាស្រាវជ្រាវតាមតម្រូវការ ដើម្បីទទួលបានជោគជ័យក្នុងយុគ្គសម័យឌីជីថលដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស។
ជាការឆ្លើយតប លោក អ៉ឹម ម៉ានីន បានថ្លែងអំណរគុណដល់គណៈគ្រប់គ្រងសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ ដែលបានបរិច្ចាគកុំព្យូទ័រ Chromebook ចំនួន ១៧២ គ្រឿងជូនដល់អង្គការលើកកម្ពស់យុវជន (ផេពភី) នៅពេលនេះ ហើយលោកក៏បានបន្តទៀតថា Chromebook ដែលទទួលបានពីសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ នៅថ្ងៃនេះពិតជាសំខាន់ខ្លាំងណាស់ ដោយយើងនឹងត្រូវចែកជូនទៅដល់វិទ្យាល័យដៃគូ ដើម្បីផ្តល់ឱកាសដល់ សិស្សានុសិស្សក្នុងការស្វែងយល់ និងរៀនបច្ចេកវិទ្យា ។
សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ តែងតែយកចិត្តទុកដាក់ចំពោះកិច្ចការមនុស្សធម៌ ព្រោះសហគមន៍ សាលារបស់យើងជឿជាក់ថា ការចែករំលែកគឺជាសកម្មភាពប្រកបដោយគុណធម៌បំផុតមួយ ដែលមនុស្សជាតិអាចធ្វើបានចំពោះគ្នានឹងគ្នា។ ក្នុងពេលកន្លងមក សាលាក៏បានបរិច្ចាគជាថវិកាជូនដល់មូលនិធិ គន្ធបុប្ផាកម្ពុជា ព្រមទាំងបានចូលរួម កិច្ចការសហគមន៍ជាមួយនឹងអង្គការផ្សេងៗទៀតរាប់ទាំងអង្គការលើក កម្ពស់យុវជន (ផេពភី) នៅពេលនេះផងដែរ៕