(ភ្នំពេញ)៖ ក្រុមព្រះខ័នរាជស្វាយរៀង បានយកឈ្នះក្រុមខ្លាំងឥណ្ឌូនេស៊ី Madura United ដោយលទ្ធផល ៣-០ ក្នុងជំនួបជើងទី១ នៃវគ្គ ៤ក្រុមចុងក្រោយ ក្នុងព្រឹត្តិការណ៍បាល់ទាត់ AFC Challenge League 2024/2025 មុននេះបន្ដិច នៅពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ។
ជំនួបដ៏ជក់ចិត្ត ដែលមានអ្នកទស្សនាផ្ទាល់ជាង ១ម៉ឺននាក់នេះ ក្រុមម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀង បានស៊ុនបំប៉ោងសំណាញ់ទីក្រុមភ្ញៀវ ២គ្រាប់ នៅដើមវគ្គទី១ ដោយកីឡាករ Breninho នៅនាទីទី៣ និងកីឡាករ Bounphachan Bounkong នៅនាទីទី៦ ហើយលទ្ធផលនេះ ក៏បានរក្សារហូតដល់ចុងម៉ោង ទើបកីឡាករ មិន រតនៈ បន្ថែមគ្រាប់ទី៣ នៅនាទី៩០ មុនអាជ្ញាកណ្ដាលផ្លុំកញ្ចែបញ្ចប់ការប្រកួត។
ជ័យជម្នះនេះ គឺជាដើមទុនដ៏សំខាន់របស់ក្រុមព្រះខ័នរាជស្វាយរៀង សម្រាប់ជំនួបកាត់សេចក្ដីជើងទី២ ដែលពួកគេត្រូវធ្វើដំណើរទៅលេងនៅទឹកដីរបស់ក្រុម Madura United នៃប្រទេសឥណ្ឌូនេស៊ីវិញម្ដង នាថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ ខាងមុខ ដើម្បីកាត់សេចក្ដីរកក្រុមឡើងទៅវគ្គផ្ដាច់ព្រ័ត្រ នៃពានរង្វាន់កម្រិតទី៣ ប្រចាំទ្វីបអាស៊ីនេះ៕