(ភ្នំពេញ)៖ លោក តែម ម៉ឺន អនុរដ្ឋលេខាធិការក្រសួងការពារជាតិ និងជាអនុប្រធានកិត្តិយសសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះវឌ្ឍនភាព នៃការអភិវឌ្ឍ និងភាពរីកចម្រើនរបស់កីឡាប្រដាល់គុនខ្មែរនាពេលបច្ចុប្បន្ន ពិសេសគឺការសម្រេចបាននូវសមិទ្ធផលថ្មីៗ និងប្លែកៗកាន់តែច្រើន ក្រោមការដឹកនាំរបស់លោក ខូវ ឆាយ ដែលជាប្រធានសហព័ន្ធថ្មី។
ថ្លែងក្នុងពិធីបិទវគ្គបំប៉នសមត្ថភាពគណៈវិនិច្ឆ័យគ្រប់គ្រងការប្រកួតកីឡាប្រដាល់គុនខ្មែរ កាលពីល្ងាចថ្ងៃទី១០ ខែមេសា នៅកីឡដ្ឋានស្ដាតចាស់ លោកបានបង្ហាញនូវសុទិដ្ឋិនិយម ចំពោះសកម្មភាពរបស់សហព័ន្ធ ក្រោយការបោះឆ្នោតអាណត្តិថ្មី មកទល់ពេលនេះ គឺកាន់តែទទួលបានសមិទ្ធផលល្អ ប្រកបដោយភាពថ្លៃថ្នូរ ពិសេសសាមគ្គីភាពផ្ទៃក្នុង និងតម្លាភាពនៃការងារ ដែលមានកម្រិតខុសប្លែកជាងមុន។
អតីតប្រធានសហព័ន្ធ ចន្លោះឆ្នាំ២០០៩-២០២៤ ដដែលបន្ដថា «សមិទ្ធផលផ្សេងៗ ក្រោមការដឹកនាំរបស់ឯកឧត្តម ខូវ ឆាយ បន្ទាប់ពីខ្ញុំ យើងឃើញថា មានសមិទ្ធផលប្លែកៗថ្មីជាច្រើនបន្ថែមទៀត ដែលយើងទាំងអស់គ្នា ព្រមទាំងប្រជាពលរដ្ឋ ក៏ដូចជារាជរដ្ឋាភិបាលរបស់យើង អាចទទួលយកបាន ទៅលើកិច្ចការគ្រប់គ្រងដឹកនាំ និងការអភិវឌ្ឍ ទៅលើវិស័យកីឡាប្រដាល់គុនខ្មែររបស់យើង ដែលជាក្បាច់គុនអត្តសញ្ញាណជាតិ»។
ចំពោះការផ្សព្វផ្សាយ ទាំងក្នុង និងក្រៅប្រទេស លោកក៏មើលឃើញមានសន្ទុះនៃការគាំទ្រច្រើនជាងមុន ជាក់ស្ដែងកាលពីអាណត្តិទី៦ ក្នុងមួយសប្ដាហ៍មានកម្មវិធីប្រកួតមិនដល់ ១៥កម្មវិធី តែចាប់ពីអាណត្ដិទី៧ រហូតដល់បច្ចុប្បន្ន(អាណត្តិទី៨) គឺមានច្រើនជាង ២០កម្មវិធី ដោយមានការគាំទ្រពីដៃគូអភិវឌ្ឍ និងប្រជាពលរដ្ឋយ៉ាងខ្លាំង ។ រីឯសកម្មភាពក្រៅប្រទេស ក៏មានកាន់តែច្រើន និងគ្រប់ទ្វីបលើពិភពលោកផងដែរ។
លោក តែម ម៉ឺន បន្ថែមថា «ខ្ញុំសូមធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ ទៅលើសមិទ្ធផលដែលយើងបានធ្វើយ៉ាងសកម្មនាពេលកន្លងមក ជាពិសេសគឺបើនិយាយពីផែនការសកម្មភាពរបស់សហព័ន្ធយើង គឺយើងបានអនុវត្តយ៉ាងខ្ជាប់ខ្ជួន មានទស្សនគោលជំហរស្មោះស្រង់ក្នុងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជា NOCC និងក្រសួងអប់រំ ពិសេសគឺការអនុវត្តបានយ៉ាងល្អទៅលើលក្ខន្ដិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់ខ្លួនតែម្ដង»។
គួរដឹងថា វគ្គបំប៉នសមត្ថភាពគណៈវិនិច្ឆ័យគ្រប់គ្រងការប្រកួតកីឡាប្រដាល់គុនខ្មែរ ដែលសហព័ន្ធបានរៀបចំ ក្រោមការឧបត្ថម្ភគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា បានដំណើរការសិក្សារយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី៧-១០ ខែមេសា ដោយមានសិក្ខាកាមចំនួន ៣០នាក់ចូលរួម។ ជាលទ្ធផលការសិក្សា មានសិក្ខាកាមទទួលបាននិទ្ទេសល្អណាស់ ៣% និទ្ទេសល្អ ៥៧% និងនិទ្ទេសមធ្យម ៤០%។
តាមរយៈវគ្គនេះ អនុប្រធានកិត្តិយសសហព័ន្ធខាងលើ សង្ឃឹមថា នឹងជំរុញ ក៏ដូចជាផ្ដល់នូវចំណេះដឹងថ្មីៗ បន្ថែមទៀត ដល់មន្ដ្រីបច្ចេកទេស ដែលជាអ្នកមានបទពិសោធន៍ឲ្យទទួលបានូវពុទ្ធិកាន់តែល្អប្រសើរ សម្រាប់ជំរុញការរៀបចំ គ្រប់គ្រង និងដឹកនាំការប្រកួតបានកាន់តែរលូន ក្នុងការរួមចំណែកអភិវឌ្ឍវិស័យកីឡាប្រដាល់គុនខ្មែរ ដែលជាសិល្បៈក្បាច់គុនបុរាណខ្មែរកាន់តែរីកចម្រើន និងល្បីល្បាញលើឆាកអន្ដរជាំតិបន្ថែមទៀត៕