(អាមេរិកខាងត្បូង)៖ ស្ថាប័នគ្រប់គ្រងបាល់ទាត់តំបន់ CONMEBOL (អាមេរិកខាងត្បូង) បានដាក់ការស្មើជាផ្លូវការមួយ ដើម្បីបង្កើនឱ្យក្រុមឈានដល់ ៦៤ក្រុមសម្រាប់ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2030 ក្នុងន័យផ្តល់ការអនុញ្ញាតឱ្យប្រទេសជាច្រើនមានឱកាសចូលរួមនៃការប្រារព្ធពិធីគម្រប់ខួប ១០០ឆ្នាំនេះព្រឹត្តិការណ៍ ៤ឆ្នាំម្តងនេះ ។

FIFA World Cup 2030 គឺជាការប្រកួតចំពេលខួបគម្រប់ ១០០ឆ្នាំនៃកម្មវិធីបាល់ទាត់ពិភពលោកនេះ ក្នុងនោះ FIFA បានសម្រេចផ្តល់សិទ្ធឱ្យប្រទេសម៉ារ៉ុក ដែលស្ថិតក្នុងតំបន់អាហ្រ្វិក ជាមួយព័រទុយហ្គាល់ និងអេស្ប៉ាញក្នុងតំបន់អឺរ៉ុប រៀបចំធ្វើម្ចាស់ផ្ទះនៃការប្រកួត ខណៈក្រុមស្ថិតក្នុងតំបន់ CONMEBOL ដែលមានអាហ្សង់ទីន, ប៉ារ៉ាហ្គាយ និងអ៊ុយរូហ្គាយ បានសិទ្ធរៀបចំប្រកួតបើកឆាកព្រឹត្តិការណ៍ ៤ឆ្នាំម្តងនេះ ។

អ៊ុយរូហ្គាយ គឺជាប្រទេសដំបូងគេដែលរៀបចំ FIFA World Cup 1930 ហើយក៏ជាក្រុមដំបូងគេឈ្នះពាននេះ ជាមួយក្រុមអាហ្សង់ទីន រងជើងឯកដែលពេលនោះកម្មវិធីប្រកួតមានត្រឹមតែ ១៣ក្រុមចូលរួមប៉ុណ្ណោះ មកពី ៣តំបន់មាន ៧ក្រុមមកពីអាមេរិកខាងត្បូង, ៤ក្រុមមកពីអឺរ៉ុប និង ២ក្រុមមកពីតំបន់អាមេរិកខាងជើង ។

លោក Alejandro Dominguez ប្រធានគ្រប់គ្រងសហព័ន្ធបាល់ទាត់អាមេរិកខាងត្បូង CONMEBOL បានង្ហាញការជឿជាក់ថា ការប្រារព្ធខួប ១០០ឆ្នាំនេះ នឹងមានតែមួយគត់ ពីព្រោះរយៈពេល ១០០ឆ្នាំត្រូវបានប្រារព្ធឡើងតែម្តងគត់ ហេតុដូច្នេះហើយបានជាយើងដាក់ការស្នើសុំជាលើកដំបូង ដើម្បីប្រារព្ធខួបនេះជាមួយនឹងក្រុមចំនួន៦៤ នៅលើទ្វីបចំនួន ៣ក្នុងពេលដំណាលគ្នានេះ ។

សូមជម្រាបផងថា តាមការសម្រេចរបស់ស្ថាប័ន FIFA ការប្រកួត World Cup 2030 គឺមានក្រុមកើនដល់ ៤៨ក្រុម ទៅតាមទម្រង់ថ្មី ដែលចាប់ផ្តើមដំបូងរវាងសហម្ចាស់ផ្ទះសហរដ្ឋអាមេរិក, កាណាដា និងម៉ិកស៊ិក នៃកម្មវិធីប្រកួតលើកទី២៣ FIFA World Cup 2026 ជាមួយគ្នានោះ ស្ថាប័នគ្រប់គ្រងបាល់ទាត់ FIFA បានឱ្យដឹងថា នឹងពិនិត្យមើលសំណើរ ដើម្បីពង្រីកការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០៣០ ឈានដល់ ៦៤ក្រុម ៕