(បរទេស)៖ សារព័ត៌មាន The Information បានរាយការណ៍មកថា Google បានបញ្ឈប់បុគ្គលិករាប់រយនាក់នៅក្នុងអង្គភាព Platforms និង Devices របស់ខ្លួន ដែលគ្រប់គ្រងផលិតផលសំខាន់ៗដូចជា Android software, ទូរស័ព្ទ Pixel និង កម្មវិធីរុករក Chrome ជាដើម។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥។
របាយការណ៍បានបន្តថា ការកាត់បន្ថយនេះធ្វើឡើងតាមកម្មវិធីចាកចេញដោយស្ម័គ្រចិត្តដែល Google ផ្តល់ជូនដល់និយោជិតក្នុងខែមករា ដែលត្រូវបានរៀបចំឡើងដើម្បីផ្តល់ឱ្យបុគ្គលិកនូវជម្រើសក្នុងការចាកចេញ មុនពេលការកាត់បន្ថយដោយមិនស្ម័គ្រចិត្តណាមួយត្រូវបានធ្វើឡើង។ អ្នកនាំពាក្យរបស់ Google បានប្រាប់ The Information ថា «ចាប់តាំងពីការរួមបញ្ចូលគ្នារវាងក្រុមវេទិកា និងឧបករណ៍ (Platforms និង Devices) កាលពីឆ្នាំមុន យើងបានផ្តោតលើការធ្វើឱ្យកាន់តែមានភាពរហ័សរហួន និងប្រតិបត្តិការកាន់តែមានប្រសិទ្ធភាព ហើយនេះរួមបញ្ចូលទាំងការកាត់បន្ថយការងារមួយចំនួនបន្ថែមលើកម្មវិធីចាកចេញដោយស្ម័គ្រចិត្តដែលយើងផ្តល់ជូននៅក្នុងខែមករា»។ ជុំវិញព័ត៌មានលម្អិតផ្សេងទៀត Google មិនត្រូវបានបង្ហាញនោះទេ។
គួរជម្រាបថា របាយកាណ៍ពី Bloomberg នៅក្នុងខែកុម្ភៈបានរាយការណ៍ថា Google ក៏បានកាត់បន្ថយបុគ្គលិក្នុងផ្នែក Cloud ផងដែរ ប៉ុន្តែវាប៉ះពាល់តិចត្រឹមតែក្រុមមួយចំនួនប៉ុណ្ណោះ៕