(ឡុងដ៍)៖ Burnley បានឡើងទៅឈរកំពូលតារាងនៃក្របខណ្ឌទី២ អង់គ្លេស Championship 2024-25 នៅពេលយកឈ្នះក្រុមចាបក្រុង Norwich City ២-១ នៃសប្តាហ៍ទី៤២ ជើងទី២ របស់ពួកគេយប់មិញនេះ។
ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា Burnley អតីតក្រុមដឹកនាំដោយគ្រូបង្វឹកសញ្ជាតិប៊ែលហ្សិក លោក Vincent Kompany ដែលបានលាឈប់ទៅដឹកនាំ Bayern Munich ក្រោយពេល Burnley ជ្រុះចេញពីលីគកំពូលអង់គ្លេស Premier League រដូវកាលឆ្នាំ២០២៣-២៤។
៣ពិន្ទុនៅកីឡដ្ឋាន Turf Moor របស់ខ្លួន នៅពីមុខអ្នកទស្សនាផ្ទាល់ប្រមាណតែជិត ២ម៉ឺននាក់ផងនោះ ក្រុមដែលដឹកនាំដោយលោក Scott Parker មួយនេះ រកបាន ២គ្រាប់នាំមុខតែម្តងត្រឹមរយៈពេល ៤៥នាទីដំបូង ដើម្បីវិលទៅកាន់តំណែងកំពូល Championship ជាមួយនឹង ៨៨ពិន្ទុ នាំមុខក្រុមលេខ២ Leeds United ដែលមាន ៨៥ពិន្ទុ ដ្បិតពួកគេនៅសល់ ១ប្រកួតក្នុងដៃផងដែរ ក្នុងចំណោម ២៤ក្រុមលេងក្នុងកម្មវិធីនេះ។
Burnley ត្រូវធ្វើដំណើរទៅប៉ះម្ចាស់ផ្ទះ Hornets នៅរាត្រីថ្ងៃសុក្រ ទី១៨ ខែមេសា មុនពេល ៣ថ្ងៃបន្ទាប់ទទួលក្រុម Sheffield United នៅកីឡដ្ឋាន Turf Moor វិញ។ ពួកគេក៏ត្រូវធ្វើដំណើរទៅជួបម្ចាស់ផ្ទះ QPR មុនពេលលេងបិទរដូវកាលនេះ តាមរយៈស្វាគមន៍ Millwall នាថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៥៕