(បាសេឡូណា)៖ ក្រុមបាល់ទាត់ Osasuna បានដាក់ប្តឹងទៅសហព័ន្ធអេស្ប៉ាញ ចំពោះក្លិបអ្នកមានបុណ្យ FC Barcelona ជុំវិញដាក់កីឡាករចូលលេង ខុសទៅនឹងលក្ខខណ្ឌរបស់ FIFA ក្រោយពេលយកឈ្នះពួកគេ ៣ទល់នឹង០ ក្នុងលីគនាពេលថ្មីៗនេះ។

ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា Osasuna បានចោទប្រកាន់ក្រុមរបស់លោក Hansi Flick ថាបានដាក់កីឡាករ Inigo Martinez ចូលលេងទាំងដែលខ្សែការពាររូបនេះ មិនត្រូវបានអេស្ប៉ាញកោះហៅចូលជម្រើសជាតិឡើយ ដោយសារតែមានបញ្ហារបួសជង្គង់។

យោងតាមច្បាប់របស់សហព័ន្ធបាល់ទាត់អន្តរជាតិ FIFA បានចែងថា «គ្រប់កីឡាករជម្រើសជាតិទាំងអស់មិនអាចលេងឱ្យក្លិបរបស់ពួកគេបានឡើយ ក្នុងរយៈពេល ៥ថ្ងៃ លុះត្រាតែមានការអនុញ្ញាតពីសហព័ន្ធ FA ប្រសិនបើកីឡាករណាមួយមិនត្រូវបានកោះហៅចូលជម្រើសជាតិទេនោះ»

ក៏ប៉ុន្តែ Barcelona បានដាក់ Martinez ចូលលេងពេញ ៩០នាទីពេញតែម្តងទល់នឹងពួកគេកាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ ក្រោយពេលអេស្ប៉ាញទើបបញ្ចប់ប្រកួតទល់នឹងហូឡង់នៅកម្មវិធី Nations League មានរយៈពេលត្រឹមតែ ៤ថ្ងៃប៉ុណ្ណោះ។

បច្ចុប្បន្ន Barcelona បានកំពុងឈរទីកំពូលតារាង La Liga តាមរយៈនាំមុខដាច់ ៤ពិន្ទុពីក្រុមការពារតំណែងជើងឯក Real Madrid ស្របពេល Osasuna ឈរនៅលេខរៀងទី១៤ បណ្តោះអាសន្ន គិតត្រឹមសប្តាហ៍ទី៣០ ជើងទី២៕