(អាមេរិកខាងត្បូង)៖ ជំនួបក្នុងលីគឈីលី រវាងក្រុម Universidad de Chile ទល់និងក្រុម Colo Colo ដែលនឹងត្រូវធ្វើឡើងនៅថ្ងៃទី១៤ ខែមេសានេះ ត្រូវបានសម្រេចពន្យារពេល បន្ទាប់ពីអ្នកគាំទ្រវ័យក្មេង ២នាក់បានស្លាប់ ក្នុងហេតុការណ៍រត់ជាន់គ្នាក្នុងការប្រកួតពាន Copa Libertadores នៅកីឡដ្ឋាន Monumental កាលពីថ្ងៃព្រហស្បតិ៍។
រដ្ឋមន្ត្រីប៉ូលីសក្នុងតំបន់ បានបញ្ជាក់ពីការពន្យារពេលក្នុងលីគឈីលី នៃជំនួនរវាងក្រុមទាំងពីរ បន្ទាប់ពីរបាយការណ៍មួយរបស់ប៉ូលីសក្នុងតំបន់ បានលើកឡើងអំពីមិនមានលក្ខខណ្ឌសុវត្តិភាពសម្រាប់ការប្រកួត ក្នុងលីគ Primera Division របស់ឈីលី ។
ហេតុការណ៍រត់ជាន់គ្នានេះ បានកើតឡើងពេលអ្នកគាំទ្ររបស់ក្លិប Colo Colo ព្យាយាមសម្រុកចូលកីឡដ្ឋាន Monumental នៃជំនួបលេងទល់ក្រុម Fortaleza ក្នុងការប្រកួតពាន Copa Libertadores នៃពូល E ក្នុងទីក្រុង Santiago ។
ជនរងគ្រោះមានក្មេងប្រុសអាយុ ១៣ឆ្នាំម្នាក់ និងក្មេងស្រីអាយុ ១៨ឆ្នាំម្នាក់ ក្រោយមកស្ថាប័នគ្រប់គ្រងបាល់ទាត់តំបន់ CONMEBOL បានលុបចោលការប្រកួត ជាមួយលទ្ធផលស្មើគ្នា ០-០ ៕