(ភ្នំពេញ)៖ ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលប្រជាជនខ្មែរទូទៅតែងតែប្រារព្ធឡើងនាពាក់កណ្តាលខែមេសា ជារៀងរាល់ឆ្នាំ និងដើម្បីរួមចំណែកលើកស្ទួយវប្បធម៌ និងអរិយធម៌ជាតិខ្មែរឱ្យបានថ្កុំថ្កើង សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ បានរៀបចំ «កម្មវិធីសង្ក្រាន្ដស៊ីអាយអេហ្វឺសត៍ ឆ្នាំ២០២៥» នាថ្ងៃសុក្រ ទី១១ ខែមេសា ឆ្នាំ២០២៥ សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ទាំង ៣ទីតាំង គឺសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វីសត៍ សែនសុខ (លើផ្លូវ២០០៤) វិទ្យាល័យអន្តរជាតិ ស៊ី អាយ អការហ្វឹសត៍ (លើផ្លូវឌួងងៀបទី៣) និងសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ ច្បារអំពៅ (តាមបណ្ដោយផ្លូវចូលទៅស្ថានីយទូរទស្សន៍បាយ័នបឹងស្នោរ)។
សម្រាប់កម្មវិធីដ៏សប្បាយរីករាយនេះគណៈគ្រប់គ្រងសាលាបានរៀបចំសកម្មភាពវប្បធម៌ និងកម្សាន្តជាច្រើនដូចជា ការសម្តែងរបាំជូនពរ របាំក្ងោក របាំត្រុដិ របាំគោះត្រឡោក ការសម្ដែងអំពីគុណមាតាបិតា ចាប៉ីដងវែង ការសម្ដែងទស្សនីយភាពល្ខោនខោល និងការលេងល្បែងប្រជាប្រិយខ្មែរជាច្រើនទៀត ដែលមានមាតាបិតាអ្នកអាណាព្យាបាល និងប្អូនៗសិស្សានុសិស្សចូលរួមសម្តែង និងលេងកម្សាន្តយ៉ាងច្រើនកុះករ។
ឧកញ៉ាបណ្ឌិត ត្រាំង លី ប្រធានក្រុមប្រឹក្សាភិបាលនៃសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ បានបង្ហាញនូវភាពក្តីសោមនស្ស និងសាទរចំពោះការប្រារព្ធកម្មវិធី «សង្ក្រាន្តស៊ីអាយអេហ្វឺសត៍» ដែលបានចូលរួមបង្កើតបរិយាកាសរីករាយក្នុងសហគមន៍សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ទាំងមូល ព្រមទាំងបានក្លាយជាចំណែកមួយក្នុងការអភិរក្ស និងអភិវឌ្ឍលើកស្ទួយវប្បធម៌ និងអរិយធម៌ជាតិខ្មែរឱ្យបានថ្កុំថ្កើងរុងរឿងតទៅ។
សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ ជាថ្នាលបណ្តុះបណ្តាល ដែលផ្ដល់ការអប់រំលើកម្មវិធីសិក្សាអន្តរជាតិ ដែលមានការទទួលស្គាល់ពីគណៈកម្មការវាយតម្លៃ និងទទួលស្គាល់គុណភាពអប់រំអន្តរជាតិ ហៅកាត់ E WASC និងកម្មវិធីចំណេះទូទៅខ្មែរ (FTK) ដែលមានការទទួលស្គាល់ដោយក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងកម្មវិធីសិក្សាភាសា និងវប្បធម៌ខ្មែរ (FTC) ផងដែរ ដើម្បីធានាបាននូវការផ្តល់ជូនការអប់រំគ្រប់ជ្រុងជ្រោយដល់សិស្សានុសិស្សគ្រប់រូប៕