(ភ្នំពេញ)៖​ ក្រុមហ៊ុន ស៊ី.ភី. ខេមបូឌា ចំកាត់ បានរៀបចំសិក្ខាសាលាធំមួយក្រោមប្រធានបទ «CP Town Hall 2025» ​ក្នុងគោលបំណងបង្ហាញចក្ខុវិស័យអាជីវកម្មកសិ-ឧស្សាហកម្ម និងចំណីអាហារ សម្រាប់ឆ្នាំ២០២៥ ដើម្បីកំណត់គោលដៅ និងផែនការអភិវឌ្ឍន៍យុទ្ធសាស្ត្រថ្មីៗ ធ្វើឲ្យការងាររបស់បុគ្គលិកកាន់តែមានប្រសិទ្ធភាព និងសមរម្យទៅតាមសម័យសង្គម។

សិក្ខាសាលានេះ បានរៀបចំឡើងនៅសណ្ឋាគារ Oakwood Premier Phnom Penh នាថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងបុគ្គលិកជាង ៤០០នាក់។ កម្មវិធីសិក្ខាសាលាដ៏មានសារៈសំខាន់នេះ បានដឹកនាំដោយលោក Wittaya Kreangkriwit អគ្គនាយកក្រុមហ៊ុនស៊ី.ភី. ខេមបូឌា លោក Amphon Sunthonthiraphong អគ្គនាយកហិរញ្ញវត្ថុ និងវេជ្ជបណ្ឌិត Poohrich Sinwat អនុប្រធានចាត់ការទូទៅនៃការិយាល័យអភិវឌ្ឍយុទ្ធសាស្ត្រ អាជីវកម្ម និងទីផ្សារ ព្រមទាំងថ្នាក់ដឹកនាំជាច្រើន។

កម្មវិធីបានបែងចែកជាពីរវគ្គ ​ដោយពេលព្រឹកមានការធ្វើបទបង្ហាញពីទិសដៅ និងគោលនយោបាយអាជីវកម្ម ការគ្រប់គ្រងហិរញ្ញវត្ថុ អាជីវកម្មផលិតចំណីសត្វ ការចិញ្ចឹមសត្វ និងការកែច្នៃចំណីអាហារ។

លោក Wittaya Kreangkriwit អគ្គនាយកក្រុមហ៊ុនស៊ី.ភី.​ បានថ្លែងថាក្រុមហ៊ុនស៊ី.ភី.ជាក្រុមហ៊ុនខ្នាតធំមួយដែលប្រតិបត្តិការអាជីវកម្មកសិ-ឧស្សាហកម្ម និងចំណីអាហារនៅប្រទេសកម្ពុជាអស់រយៈពេល២៨ឆ្នាំ ក៏ដូចជាបណ្តាប្រទេសជាច្រើនទៀតស្ថិតក្រោមចក្ខុវិស័យ «ផ្ទះបាយពិភពលោក»។ កាលពីឆ្នាំ២០២៤ កន្លងមក CPF បានទទួលពានរង្វាន់លេខ ៦ ក្នុង CPF Food Global Business Award ដែលជាការទទួលស្គាល់លើសកម្មភាពអាជីវកម្មទូទាំងពិភពលោក។

ទស្សនៈវិស័យក្នុងការអភិវឌ្ឍន៍ដោយនិរន្តរ៍ភាពរបស់ក្រុមហ៊ុនមានគោលនយោបាយផ្តោតសំខាន់ទៅលើការផលិត​ដែលមានគុណភាពនិងតម្លៃសមរម្យ សេវាល្អ បង្កើនប្រសិទ្ធភាពក្នុងការប្រតិបត្តិការងាររបស់បុគ្គលិក ហើយមានយុទ្ធសាស្រ្តក្នុងយកចិត្តទុកដាក់ចំពោះអតិថិជន ដៃគូរសហការ បុគ្កលិក និងសាងសម្ព័ន្ដមិត្ត។

កិច្ចសំណេះសំណាលអំពីអាជីវកម្មចំណីសត្វក្រោមប្រធានបទ អាជីវកម្មចំណីសត្វឆ្ពោះទៅកាន់កសិ-ឧស្សាហកម្មក្នុងប្រទេសកម្ពុជា ដែលមានទិសដៅក្នុងការបង្ហាញនូវទស្សនវិស័យពាក់ព័ន្ធទៅនឹងស្ថានការណ៍ទូទៅនៃការផលិតចំណីសត្វ ការគ្រប់គ្រងគុណភាពវត្ថុធាតុដើម តម្រូវការទីផ្សារនិងការប្រើប្រាស់ តិចណូឡូជី ដើម្បីត្រួតពិនិត្យគុណភាពស្របទៅតាមស្តង់ដារចំណីសត្វ។ លើសពីនេះក្រុមហ៊ុនបានចូលរួមក្នុងការជួយគាំទ្រកសិករខ្មែរតាមរយៈការទទួលទិញ ដាំណាំកសិកម្មដូចជា ពោត ដំឡូងមី ដើម្បីផលិតអាហារសត្វដែលមានគុណភាពខ្ពស់សម្រាប់ចិញ្ចឹមសត្វ។

កិច្ចសំណេះសំណាលរបស់ថ្នាក់ដឹកនាំស្តីអំពីអាជីវកម្មចិញ្ចឹមសត្វក្រោមប្រធានបទ ការអភិវឌ្ឍន៍ការចិញ្ចឹមសត្វឆ្ពោះទៅកាន់និរន្តរ៍ភាព ផ្តោតសំខាន់ទៅលើ មាត្រដ្ឋានស្តង់ដារការចិញ្ចឹម ការប្រើប្រាស់តិចណូឡូជីការត្រួតពិនិត្យរោគវិនិច្ឆ័យ និងការពារជំងឺរាតត្បាតផ្សេងៗដោយមានបសុពេទ្យជំនាញ។ មិនត្រឹមតែប៉ុណ្ណោះ ខាងក្រុមហ៊ុនក៏មានការគ្រប់គ្រងកសិដ្ឋានតាមប្រព័ន្ធបិទជិត (Evap) ដែលអាចកំណត់បានលើសីតុណ្ហភាពទៅតាមអាយុរបស់សត្វ ដើម្បីជួយកសិករខ្មែរនៅក្នុងការការពារជំងឺសត្វ និងអភិវឌ្ឍផលិតកម្មសត្វឲ្យកាន់តែប្រសើរឡើង។

កិច្ចសំណេះសំណាលរបស់ថ្នាក់ដឹកនាំអាជីវកម្មកែច្នៃចំណីអាហារក្រោមប្រធានបទអាហារសំរាប់អនាគតដ៏ល្អប្រសើរ ដូចដែលលោកអ្នកដឹងហើយថាក្រុមហ៊ុនស៊ី.ភី.ជាក្រុមហ៊ុនឈានមុខគេខាងផ្នែកផលិតចំណីអាហារ ដូច្នេះគ្រប់ដំណាក់កាលនៃកាផលិតក៏ដូចជាចែកចាយទៅកាន់អតិថិជនក្រុមហ៊ុនផ្តោតសំខាន់ទៅលើគុណភាព និងសុវត្ថិភាពជាចំបងគោលបំណងសំខាន់គឺដើម្បីបង្កើនស្ដង់ដារផលិតអាហារ។

នា​ពេលរសៀល ក្រុមហ៊ុនបានអញ្ជើញវាគ្មិនជំនាញលោក Khemakorn Apichatiyakul ផ្តល់បណ្តុះបណ្តាលក្រោមប្រធានបទ «Professional Image for Leader» ដោយផ្តោតលើការរៀបចំខ្លួន អាកប្បកិរិយា និងទំនាក់ទំនងសាធារណៈសម្រាប់អ្នកដឹកនាំក្នុងអង្គភាព។

ស៊ី.ភី. ខេមបូឌា ចំកាត់ បានបង្ហាញពីការប្តេជ្ញារឹងមាំក្នុងការគាំទ្រនិងជំរុញអាជីវកម្មកសិ-ឧស្សាហកម្មនៅកម្ពុជា ឲ្យមានការរីកចម្រើន និងសម្របសម្រួលទៅនឹងតម្រូវការទីផ្សារពិភពលោក។ ជាមួយនឹងចក្ខុវិស័យយ៉ាងច្បាស់ គោលនយោបាយប្រសើរ និងយុទ្ធសាស្ត្រដែលមានប្រសិទ្ធភាព ក្រុមហ៊ុននិងចូលរួមជាផ្នែកមួយក្នុងការជួយអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងបង្កើតឱកាសថ្មីៗជាច្រើនសម្រាប់ប្រជាជនកម្ពុជា។

ក្នុងបរិបទគោលការណ៍ផ្ដល់និរន្តរ៍ភាពចំណីអាហារ ក្រុមហ៊ុនស៊ី.ភី. បានដើរតួសំខាន់ក្នុងការផ្តល់អាហារដែលមានគុណភាពល្អ មានអនាម័យ និងមានសុវត្ថិភាពដល់ប្រជាពលរដ្ឋកម្ពុជា។ ជាបន្ថែមទៅលើនេះ ក្រុមហ៊ុនបានបង្កើតឱកាសការងារ និងរកប្រាក់ចំណូលសម្រាប់ប្រជាជនកម្ពុជាជាច្រើននាក់ ជួយលើកកម្ពស់កម្រិតជីវភាព និងរួមចំណែកក្នុងការអភិវឌ្ឍសង្គម​៕