(ភ្នំពេញ)៖ កម្មវិធីប្រកួតសម្រស់កញ្ញាឯកចក្រវាឡកម្ពុជា ២០២៥ ឬ Miss Universe Cambodia 2025 បានប្រកាសបើការប្រកួតជាផ្លូវការហើយកាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥នេះ ខណៈដែលឆ្នាំមុននេះកម្មវិធីប្រកួតគ្រប់គ្រងដោយអ្នកគ្រប់គ្រងថ្មី បានបង្កើតបាននូវមោទភាពជាតិជាមួយនឹងការបំបែកកំណត់ត្រាលើកដំបូងរបស់កម្ពុជា ក្នុងការចូលទៅកាន់Top 30 ឬបេក្ខភាពកំពូលទាំង៣០នាក់ចុងក្រោយនៅលើឆាកអន្តរជាតិ Miss Universe 2024។
ជាមួយនឹងការប្រកាសបើកព្រឹត្តិការណ៍ប្រកួត ជ្រើសរើសបេក្ខនារីតំណាងប្រទេស Miss Univers Cambodia ឬកញ្ញាឯកចក្រវាឡកម្ពុជា២០២៥ គណៈគ្រប់គ្រងបានសន្យាថា នឹងរៀបចំឲ្យមានសុក្រិតភាពបំផុត ដើម្បីគេចផុតពីការរិះគន់របស់អ្នកគាំទ្រកន្លងមក បើទោះបីជាប្រទេសថៃធ្វើជាម្ចាស់ផ្ទះ និងគ្រប់គ្រងការប្រកួតយ៉ាងណាក្ដី។ បេក្ខនារីតំណាងប្រទេសកម្ពុជាត្រូវតែជ្រើសរើសចេញប្រកបដោយតម្លាភាព សមត្ថភាព ចំណេះដឹង ភាពក្លាហាន និងមានភាពជឿជាក់ដើម្បីផ្សព្វផ្សាយពីកម្ពុជាលើឆាកអន្តរជាតិ។
ជាការពិតអ្នកគាំទ្រទាំងអស់គួរឈប់បារម្ភទៅ ក្រោយពីអ្នកគ្រប់គ្រងកញ្ញាឯកចក្រវាឡកម្ពុជា ឆ្នាំ២០២៥ បានបង្ហាញពីសុក្រិតភាពច្បាស់លាស់សម្រាប់បេក្ខភាព ក្នុងឆ្នាំ២០២៥នេះ។
លោក ឆយ ជាអ្នកគ្រប់គ្រង Miss Univers Cambodia បានបង្ហាញក្តីរំភើបចិត្តជាខ្លាំងដែលកម្មវិធីប្រកួតទទួលបានការគាំទ្រខ្លាំងពីទស្សនិកជន ហើយឆ្នាំនេះកម្មវិធីនឹងបន្តជ្រើសរើសបេក្ខភាពបែបគុណភាព ក្នុងការតំណាងឲ្យកម្ពុជាចេញទៅប្រកួតនៅឆាកអន្តរជាតិដែលប្រទេសថៃធ្វើជាម្ចាស់ផ្ទះ។
លោកធានានូវសុក្រិតភាព និងភាពជឿជាក់ក្នុងការបញ្ជូនបេក្ខភាពតំណាងឲ្យកម្ពុជា ដោយមិនមានការព្រួយបារម្ភនឹងការដែលថៃជាម្ចាស់ផ្ទះ និងមានម្ចាស់ភាគហ៊ុន និងរៀបចំកម្មវិធីជាជនជាតិថៃនោះក៏ដោយ។
ចំណែកឯអ្នកនាង ប្រាសាទ ដាវីន ដែលជាម្ចាស់មកុដកញ្ញាឯកចក្រវាឡកម្ពុជា ២០២៤ ក៏បានទាំងសន្យាក្នុងការចែករំលែកបទពិសោធន៍ និងបង្វឹកបេក្ខភាពប្រកួតដោយផ្ទាល់ផងដែរ៕