(បរទេស)៖ កាលពីដើមខែមីនាកន្លងទៅនេះ ក្រុមហ៊ុន Microsoft បានបញ្ជាក់ឲ្យដឹងថា សេវាកម្ម ឬ កម្មវិធី Skype នឹងត្រូវបិទនៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៥ ក្រោម​ហេតុផល​មួយចំនួន ខណៈដែលគិតត្រឹមថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៥នេះ អ្នកប្រើប្រាស់ Skype នៅជុំវិញពិភពលោកបានរាយការណ៍មកថា ពួកគេគឺមិនអាចបន្តប្រើប្រាស់វាបានទៀតទេ ដូច្នេះមានន័យថា Skype ដែលបានបង្កើតឡើងប្រមាណជិត ២២ឆ្នាំគឺត្រូវដល់ថ្ងៃអវសាន្តជាផ្លូវការហើយ។

Skype ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៣ និងចាប់ផ្តើមផ្ទុះខ្លាំងទៅលើសេវាកម្មខលជាសំឡេង និងវីដេអូ ហើយត្រូវបានក្រុមហ៊ុន Microsoft ទិញយកនៅឆ្នាំ ២០១១ ក្នុងតម្លៃ ៨.៥ពាន់លានដុល្លារអាមេរិក និងមានអ្នកប្រើប្រាស់ ១៥០លាននាក់នៅជុំវិញពិភពលោក។

ការបិទសេវាកម្ម Skype នេះ មិនត្រូវបានក្រុមហ៊ុន Microsoft បញ្ជាក់ពីមូលហេតុចម្បងឡើយ ប៉ុន្តែយោងតាមការប្រភពព័ត៌មានផ្សេងៗជាច្រើនបានរាយការណ៍មកថា បណ្ដាល​មក​ពីធ្លាក់ចំណូល និង Microsoft មានសេវាកម្មថ្មីរបស់ខ្លួនដែលមានឈ្មោះថា «Microsoft Teams» ដែលប្រភពជាច្រើនបានទម្លាយឱ្យដឹងថា វាគឺបានបំប្លែងខ្លួនពី Skype មក ប៉ុន្តែក្រុមអ្នកជំនាញបានបញ្ជាក់ថា បច្ចេកទេសរបស់ Skype មិនសាកសមនឹងយុគសម័យបច្ចុប្បន្ន ដូច្នេះទើប Microsoft បញ្ចប់អាជីវកម្មមួយនេះ។

នៅពេលជំងឺរាតត្បាតកូដវីដ ១៩ កំពុងផ្ទុះ កម្មវិធី Skype មិនត្រូវបានគេប្រើសម្រាប់អាជីវកម្ម និងការប្រើប្រាស់ប្រចាំថ្ងៃឡើង ប៉ុន្តែក្រុមហ៊ុន Zoom បែបជាផ្ទុះអ្នកប្រើប្រាស់ រហូតដល់ Microsoft ដាក់ចេញ Microsoft Teams ប៉ុន្តែនៅតែមិនអាចដណ្ដើមប្រជាប្រិយភាពពី Zoom បានឡើយ៕