(បរទេស)៖ ខ្សែប្រយុទ្ធក្លិប Liverpool គឺ Darwin Nunez ត្រូវបានបង្គាប់បញ្ជាឱ្យបន្តអត់ធ្មត់ ចំពោះបម្រាមដកបញ្ឈរជើងដែលនៅសេសសល់ ពីការប៉ះទង្គិចជាមួយអ្នកគាំទ្រកន្លងមកអំឡុងពេលលេងឱ្យក្រុមជម្រើសជាតិអ៊ុយរ៉ូហ្គាយ។
ទណ្ឌកម្មដ៏ធ្ងន់ធ្ងរនេះ ត្រូវដាក់ចេញផងដែរ នៅពេលបណ្តឹងជំទាស់ត្រូវបានបដិសេធដោយតុលាការកីឡា Court of Arbitration for Sport (Cas)។
នៅចាំបានថា កាលពីខែសីហា ឆ្នាំ២០២៤ កន្លងទៅ Nunez ត្រូវបានសហព័ន្ធគ្រប់គ្រងបាល់ទាត់ប្រចាំតំបន់អាមេរិកឡាទីន CONMEBOL ដកបញ្ឈរជើងចំនួន ៥ប្រកួតពីក្រុមជម្រើសជាតិ និងពិន័យជាប្រាក់ប្រមាណ ២ម៉ឺនដុល្លារទៀត ពីការបង្កហឹង្សាដោយចេតនាទៅលើអ្នកគាំទ្រ បន្ទាប់ពីអ៊ុយរូហ្គាយចាញ់គូប្រជែងកូឡុំប៊ី ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Copa America។
កីឡាករវ័យ ២៥ឆ្នាំរូបនេះ ត្រូវបានគេឃើញប្រតាយប្រតប់គ្នាជាមួយអ្នកគាំទ្រកូឡុំប៊ីនៅកន្លែងអង្គុយទស្សនា ក្រោយកញ្ចែបញ្ចប់ការប្រកួតវគ្គ ៤ក្រុមកាលពីអំឡុងខែកក្កដា ឆ្នាំ២០២៤ ជាទង្វើដែល Nunez បានរងពិន័យ ២ប្រកួត មុនពេល Cas យល់ព្រមព្យួរបណ្តោះអាសន្នវិញនាខែតុលា ឆ្នាំ២០២៤ ដើម្បីស៊ើបអង្កេតបន្ត។
ទោះជាយ៉ាងណា Nunez នឹងបន្តអវត្តមានទៀត នៅពេលអ៊ុយរ៉ូហ្គាយប៉ះប៉ារ៉ាហ្គាយ និងវេណេហ្សូអេឡា នៃវគ្គជម្រុះ World Cup 2026 នាខែក្រោយ និង ១ប្រកួតទៀតពេលជួបប៉េរូនៅក្នុងខែកញ្ញា ឆ្នាំ២០២៥៕