(ភ្នំពេញ)៖ ក្រុមព្រះខ័នរាជស្វាយរៀង បានឡើងវគ្គផ្ដាច់ព្រ័ត្រជាថ្មី នៃពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន(Hun Sen Cup) លើកទី១៨ ឆ្នាំ២០២៤/២៥ (ថ្នាក់ជាតិ) បន្ទាប់ពីវាយបកស្មើក្រុមភ្ញៀវបឹងកេត ១-១ ក្នុងជំនួបវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជើងទី២ កាលពីម្សិលមិញ ។ សរុបលទ្ធផលទាំងពីរ ២ជើង ព្រះខ័នរាជស្វាយរៀង បានយកឈ្នះ ២-១ ដើម្បីឡើងទៅការពារជើងឯក ជាមួយក្រុមភ្នំពេញក្រោន នាថ្ងៃទី២៥ ខែឧសភាខាងមុខ។

ជំនួបកាត់សេចក្ដីរវាងក្រុមខ្លាំងទាំងពីរ បានបញ្ចប់ដោយភាពតានតឹង បន្ទាប់ពី សៀង ចន្ធា រកបានគ្រាប់នាំមុខឲ្យក្រុមបឹងកេត នៅនាទី៣០ ។ បន្ទាប់មកក្រុមទាំងពីរ បាមវាយសម្រុកគ្នាកាន់តែខ្លាំង រហូតដល់នាទី៧៥ កីឡាករ ញាណ សុស៊ីដាន ក៏រកបានគ្រាប់វាយបកតាមស្មើឲ្យព្រះខ័នរាជស្វាយរៀងវិញ ហើយលទ្ធផលស្មើគ្នានេះ ក៏បានរក្សាដល់ចប់ការប្រកួតពេញម៉ោង ៩០នាទី នៅកីឡដ្ឋានខេត្តស្វាយរៀង។

លទ្ធផលស្មើគ្នានេះ បានធ្វើឲ្យក្រុមព្រះខ័នរាជស្វាយរៀង បន្ដឱកាសការពារជើងឯករបស់ខ្លួន ដោយសរុបលទ្ធផលទាំង ២ជើង ពួកគេបានយកឈ្នះក្រុមបឹងកេត ២-១ ព្រោះកាលពីជើងទី១ ព្រះខ័នរាជស្វាយរៀង បានយកឈ្នះក្រៅដី ១-០ ។ ដូច្នេះព្រះខ័នរាជស្វាយរៀង នឹងត្រូវជួបក្រុមភ្នំពេញក្រោនជាថ្មី ដ្បិតកាលពីរដូវកាលមុន ព្រះខ័នរាជស្វាយរៀង បានយកឈ្នះក្រុមសិង្ហក្រហមនេះ ១-០ ដើម្បីជើងឯក ។ ដូច្នេះមើលតើរដូវកាលនេះ រវាងក្រុមខ្លាំងទាំងពីរ ក្រុមណានឹងក្លាយជាម្ចាស់ពាន?

គួរដឹងថា សម្រាប់ការប្រកួតវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឆ្នាំនេះ នឹងធ្វើឡើងនៅពហុកីឡដ្ឋានជាតិមរតកតេជោ ក្នុងនោះមុនឈានដល់គូដណ្ដើមជើងឯក រវាងព្រះខ័នរាជស្វាយរៀង និងភ្នំពេញក្រោន នាវេលាម៉ោង ៧យប់ ក៏នឹងមានការប្រកួតដណ្ដើមចំណាត់ថ្នាក់លេខ៣ រវាងក្រុមវិសាខា និងបឹងកេត ដែលនឹងចាប់ផ្ដើមការប្រកួតនាវេលាម៉ោង ៤រសៀលផងដែរ៕