(ឡុងដ៍)៖ Crystal Palace បានគ្រងតំណែងជើងឯកពានធំ FA Cup 2024-25 ជាលើកដំបូងក្នុងប្រវត្តិសាស្រ្តក្លិប នៅក្រោយពេលយកឈ្នះ Manchester City ១ទល់នឹង០ ផ្តាច់ព្រ័ត្រនារាត្រីថ្ងៃសៅរ៍នៅកីឡដ្ឋាន Wembley។

ការប្រកួតដែលត្រូវបានធ្វើឡើងនៅទីក្រុង London ប្រទេសអង់គ្លេសដែលមានអ្នកទស្សនាផ្ទាល់ជាង ៨ម៉ឺននាក់ កីឡាករ Eberechi Eze គឺជាវីរៈបុរសរបស់ក្រុមឥន្រ្ទីនៅពេលធ្វើបានគ្រាប់វាយបក (counter-attack) ពីការបញ្ជូនរបស់មិត្តរួមក្រុម Daniel Munoz នៅនាទីទី១៦។ នាំក្រុមដឹកនាំដោយលោក Oliver Glasner ស្គាល់ការឈ្នះពាន FA Cup លើកដំបូងប្រចាំក្លិប បន្ទាប់ពីរងជើងឯកពីរលើកកាលពីរដូវកាល១៩៨០-៩០ និង២០១៥-១៦ ។

ការបរាជ័យនេះដែរមានន័យថា មេឃខៀវ Man City បានបញ្ចប់រដូវកាលនេះមិនមានឈ្នះពានអ្វីសោះជាលើកដំបូង ស្ថិតក្រោមការបង្វឹកដោយលោក Pep Guardiola គិតចាប់តាំងពីបុរសសញ្ជាតិអេស្ប៉ាញរូបនេះចូលដឹកនាំនារដូវកាលឆ្នាំ២០១៦-១៧ មក។

ខណៈ ១រដូវកាលនេះពួកគេបានរបូតពាន Premier League ដែលធ្លាប់ឈ្នះបាន ៤សម័យកាលចុងក្រោយជាប់ៗគ្នានោះ ទៅលើក្រុម Liverpool, ហើយពាន League Cup បានទៅលើសារិកាព្រៃ Newcastle United និងពានចុងក្រោយ FA Cup បានចាញ់ Crystal នេះទៀត ដ្បិតពានអឺរ៉ុប UEFA Champions League រដូវកាលនេះ ដែលក្រុមមេឃខៀវ Man City ដណ្តើមបានដំបូងក្នុងឆ្នាំ២០២៣ នោះ, ក៏ពួកគេបានហាលអាវតាំងពីលេងក្នុងវគ្គ Group Phase មកម្ល៉េះ៕