(ភ្នំពេញ)៖ ក្នុងព្រឹត្តិការណ៍ Computex 2025 នៅទីក្រុងតៃប៉ិ ប្រទេសតៃវ៉ាន់ ក្រុមហ៊ុន Nvidia បានប្រកាសពីផែនការលក់បច្ចេកវិទ្យាថ្មីឈ្មោះថា NVLink Fusion ដែលមានគោលបំណងធ្វើឲ្យការទំនាក់ទំនងរវាងឈីប AI ដំណើរការបានលឿន និងមានប្រសិទ្ធភាពជាងមុន។ នេះបេីតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥។
បច្ចេកវិទ្យានេះ នឹងអនុញ្ញាតឲ្យឈីបជាច្រើនធ្វើការជាមួយគ្នាបានរលូន ជួយអភិវឌ្ឍប្រព័ន្ធ AI ផ្ទាល់ខ្លួនដែលមានសមត្ថភាពខ្លាំង។ ក្រុមហ៊ុន Marvell Technology និង MediaTek គឺជាក្រុមហ៊ុនដំបូងៗដែលយល់ព្រមប្រើបច្ចេកវិទ្យានេះក្នុងការរចនាឈីបរបស់ពួកគេ។ NVLink Fusion ជាជំនាន់ថ្មីនៃបច្ចេកវិទ្យា NVLink របស់ Nvidia ដែលអភិវឌ្ឍឡើងសម្រាប់បង្កើនល្បឿនផ្ទេរទិន្នន័យរវាង GPU និង CPU។ វាជាចំនុចសំខាន់សម្រាប់សមត្ថភាពប្រព័ន្ធ AI ពីព្រោះវាធ្វើឲ្យឈីបនានាអាចប្ដូរទិន្នន័យគ្នាបានយ៉ាងមានប្រសិទ្ធភាព។ វាត្រូវបានប្រើប្រាស់ក្នុងឧបករណ៍ GB200 ដែលរួមបញ្ចូល GPU Blackwell ពីរ និងម៉ាស៊ីន Grace។
គួរជម្រាបថា ក្រៅពី NVLink Fusion, Nvidia ក៏បានណែនាំឈីបថ្មីសម្រាប់ម៉ាស៊ីនកុំព្យូទ័រលេីតុ (desktop) ដោយមានឈ្មោះថា DGX Spark គ្រោងចេញលក់នៅសប្តាហ៍បន្ទាប់នេះ។ ឈីបនេះនឹងអាចប្រើសម្រាប់កម្មវិធី AI បែបផ្ទាល់ខ្លួន ឬតូចៗ ដូចជា៖
• ការបង្រៀន machine learning
• ការបង្កើតរូបភាពដោយ AI
• ការវិភាគទិន្នន័យច្រើនជួរ។