(បរទេស)៖ ខ្សែប្រយុទ្ធចាស់វស្សា Robert Lewandowski បានប្រកាសថា រូបគេនឹងមិនចូលរួមជាមួយជម្រើសជាតិប៉ូឡូញទៀតទេ ដរាបណានៅមានលោក Michal Probierz នៅដឹកនាំទៀតនោះ។
កីឡាករវ័យ ៣៦ឆ្នាំ ដែលបានកំពុងប្រកបអាជីពបាល់ទាត់ក្នុងក្លិប FC Barcelona នៃប្រទេសអេស្ប៉ាញ គឺជាអ្នករកបានគ្រាប់បាល់ច្រើនជាងគេឱ្យប៉ូឡូញ មានដល់ទៅ ៨៥គ្រាប់ ពីការបង្ហាញខ្លួន ១៥៨ប្រកួតផងដែរ ត្រូវបានដកតំណែងប្រធានក្រុមឱ្យទៅខ្សែបម្រើមកពីក្លិប Inter Milan គឺ Piotr Zielinski ពាក់ជំនួសវិញ។
ជាការឆ្លើយតប Lewandowski បានបង្ហោះសារនៅលើបណ្តាញសង្គមរបស់ខ្លួនដែលត្រូវបានដកស្រង់ចេញផ្សាយដោយ BBC ថា «យោងតាមទៅលទ្ធផលជាក់ស្តែង និងបាត់បង់ជំនឿចិត្តលើគ្រូបង្វឹកផងនោះ ខ្ញុំបានសម្រេចចិត្តលាឈប់ពីជម្រើសជាតិប៉ូឡូញមួយរយៈ។ ខ្ញុំសង្ឃឹមថា ខ្ញុំនឹងមានឱកាសចូលរួមជាមួយជម្រើសជាតិឡើងវិញថ្ងៃណាមួយ ដើម្បីអ្នកគាំទ្រដ៏អស្ចារ្យលើលោក»។
ទន្ទឹមគ្នានោះ សហព័ន្ធបាល់ទាត់ប៉ូឡូញ FA និងគ្រូបង្វឹក Probierz «នឹងបកសា្រយក្នុងសន្និសីទ ទាក់ទងនឹងចម្ងល់ផ្សេងៗផងដែរនាថ្ងៃចន្ទនេះ មុនជំនួបជម្រុះ World Cup 2026 ប្រចាំតំបន់អឺរ៉ុបទល់នឹងហ្វាំងឡង់ ដោយមានការចូលរួមពីប្រធានក្រុមថ្មី Zielinski វ័យ ៣១ឆ្នាំផងដែរ»។
បច្ចុប្បន្ន ប៉ូឡូញបានកំពុងឈរកំពូលតារាងប្រចាំពូលជម្រុះ World Cup ឆ្នាំក្រោយ បន្ទាប់ពីឈ្នះ ២ប្រកួតជាប់គ្នា តាមពីក្រោយដោយហូឡង់ ដែលទើបលេងបាន ១ប្រកួត និងមាន ៣ពិន្ទុក្នុងដៃ៕