​(បរទេស)៖​ នៅថ្ងៃ៩ ខែមិថុនា ឆ្នាំ២០២៥ ក្រុមហ៊ុន OpenAI បានប្រកាសថា ប្រាក់ចំណូលប្រចាំឆ្នាំ (Annualized Revenue Run Rate) របស់ខ្លួន បានឈានដល់ ១០ពាន់លានដុល្លារ​ខណៈឆ្នាំ២០២៤​ ទទួល​បាន​ ៥.៥ពាន់លាន។

ចំនួននេះបង្ហាញពីចំណូលសរុបប្រចាំឆ្នាំ ប៉ុន្តែមិនរួមបញ្ចូលកិច្ចព្រមព្រៀងអាជីវកម្មធំៗដូចជាការផ្តល់អាជ្ញាបណ្ណឲ្យ Microsoft​ ទេ។ កំណើននេះបណ្តាលមកពីការចូលប្រើប្រាស់យ៉ាងទូលំទូលាយរបស់ ChatGPT ដោយមាន អ្នកប្រើប្រាស់សកម្មប្រចាំសប្តាហ៍ជាង ៥០០លាននាក់ និង គណនីអាជីវកម្មបង់ប្រាក់ជាង ៣លានគណនី។ តម្រូវការខ្ពស់នឹងបន្តកើនឡើង​ ហេីយ​ ChatGPT ក្លាយជាឧបករណ៍សម្រាប់ការងារ និងជីវិតប្រចាំថ្ងៃ សម្រាប់អ្នកប្រើប្រាស់ទូទាំងពិភពលោក។គោលដៅប្រាក់ចំណូលសម្រាប់ឆ្នាំ២០២៥​ ត្រូវបានគេមេីលឃេីញថាកំពុងខិតទៅរកគោលដៅដែលក្រុមហ៊ុនគ្រោងនឹងឈានឲ្យដល់គឺ​ ១២.៧ពាន់លាន នៅចុងឆ្នាំ២០២៥។

ងាកមកការចំណាយ​ គឺនៅតែជាបញ្ហាសំខាន់ទោះ OpenAI មានប្រាក់ចំណូលខ្ពស់ក៏ដោយ ក៏នៅតែបង្កឲ្យមានការខាតបង់ប្រមាណជាង ៥ពាន់លាន នៅឆ្នាំ២០២៤។​ ផែនការចូលរួមវិនិយោគនាពេលអនាគត​ OpenAI កំពុងស្វែងរកការវិនិយោគថ្មី ដល់ទៅ ៤០ពាន់លាន ដឹកនាំដោយក្រុមហ៊ុន SoftBank ដោយប៉ាន់ប្រមាណតម្លៃក្រុមហ៊ុនសរុបចំនួន ៣០០ពាន់លាន។

គួរជម្រាបថា​ ការកើនឡើងពី ៥.៥ ពាន់លាន ទៅ ១០ពាន់លាន ក្នុងរយៈពេលតែ ៦ខែ គឺជាជំហានដ៏គួរឱ្យចាប់អារម្មណ៍ សម្រាប់ OpenAI ដែលកំពុងក្លាយជាម្ចាស់នៃឧស្សាហកម្ម AI ដែលបង្កើតឡេីងដោយខ្លួនឯង៕