(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Nvidia បានប្រកាសពីផែនការដ៏សំខាន់របស់ខ្លួនក្នុងការសាងសង់វេទិកា AI cloud ដំបូងគេបង្អស់សម្រាប់កម្មវិធីឧស្សាហកម្មនៅប្រទេសអាល្លឺម៉ង់។ ការប្រកាសនេះត្រូវបានធ្វើឡើងដោយនាយកប្រតិបត្តិ (CEO) ក្រុមហ៊ុន លោក Jensen Huang នៅក្នុងសន្និសីទ VivaTech នាទីក្រុងប៉ារីស។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥។

វេទិកា AI នេះនឹងរួមបញ្ចូលគ្នានូវបញ្ញាសិប្បនិម្មិត Artificial Intelligence (AI) ជាមួយបច្ចេកវិទ្យាមនុស្សយន្ត ដើម្បីជួយសម្រួលដល់ដំណើរការឧស្សាហកម្មសំខាន់ៗ។ ជាពិសេស ក្រុមហ៊ុនផលិតរថយន្តធំៗដូចជា BMW និង Mercedes-Benz នឹងទទួលបានអត្ថប្រយោជន៍ពីបច្ចេកវិទ្យានេះ ក្នុងការបង្កើនប្រសិទ្ធភាពចាប់ពីការក្លែងធ្វើការរចនាផលិតផល រហូតដល់ការគ្រប់គ្រងភស្តុភារ។

លោក Huang បានគូសបញ្ជាក់ពីការពង្រីកដ៏ធំមួយនៅក្នុងទ្វីបអឺរ៉ុប ដោយគ្រោងនឹង បង្កើនសមត្ថភាពគណនា AI នៅទ្វីបអឺរ៉ុបឲ្យកើនឡើង ១០ ដង ក្នុងរយៈពេលតែពីរឆ្នាំខាងមុខ។ លោកបានបន្តថា អឺរ៉ុបបានយល់ច្បាស់ពីសារៈសំខាន់នៃ «រោងចក្រ AI» ដែលជាហេដ្ឋារចនាសម្ព័ន្ធទ្រង់ទ្រាយធំសម្រាប់អភិវឌ្ឍន៍ ហ្វឹកហ្វឺន និងដាក់ពង្រាយគំរូ AI។ ជាងនេះទៅទៀត លោកក៏បានប្រកាសពីផែនការសាងសង់ រោងចក្រ AI ចំនួន ២០ កន្លែង នៅទូទាំងទ្វីបអឺរ៉ុបផងដែរ។

លើសពីនេះ Nvidia ក៏បានចាប់ដៃគូជាមួយក្រុមហ៊ុន AI អឺរ៉ុប Mistral ដើម្បីបង្កើតប្រព័ន្ធគណនា AI cumputing ដែលដំណើរការដោយបន្ទះឈីប Nvidia ថ្មីបំផុតចំនួន ១៨,០០០ សម្រាប់ក្រុមហ៊ុននានាក្នុងទ្វីបអឺរ៉ុប។ លោក Huang បានសង្កត់ធ្ងន់ថា «Sovereign AI គឺជាកាតព្វកិច្ច» ដោយបញ្ជាក់ថា គ្មានក្រុមហ៊ុន ឧស្សាហកម្ម ឬប្រទេសណាមួយអាចផ្ទេរភាពវៃឆ្លាត ឬប្រភពស៊ើបការណ៍សម្ងាត់ របស់ខ្លួនទៅក្រៅប្រទេសបានឡើយ។

គួរជម្រាបថា ផែនការនេះគឺជាសញ្ញាដ៏សំខាន់មួយដែលបង្ហាញពីការវិនិយោគដ៏ធំរបស់ Nvidia នៅក្នុងទីផ្សារអឺរ៉ុប និងការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការជំរុញការអភិវឌ្ឍ AI ឧស្សាហកម្មនៅក្នុងតំបន់នេះ៕