(ភ្នំពេញ)៖ លោក ហាប់ ទូច រដ្ឋលេខាធិការប្រចាំការនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងថា ជាការពិតណាស់ការរៀបចំមហោស្រពចាប៉ីដងវែងទូទាំងប្រទេស ក្រោមប្រធានបទ «ទំពាំងស្នងឬស្សី» ដែលប្រារព្ធឡើងចំនួន៣ថ្ងៃ នៅសាលមហោស្រពនាយក ដ្ឋានសិល្បៈទស្សនីយភាពនៅពេលនេះ គឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពមួយ ក្នុងការផ្សព្វផ្សាយ និងបំផុសការចូលរួមពីសាធារណជន ពិសេសយុវជនដែលជាអ្នកបន្តវេន ជាទំពាំងស្នងឫស្សី ឱ្យយល់ដឹងកាន់តែច្បាស់ថែមទៀត អំពីគុណតម្លៃនៃសិល្បៈចាប៉ីដងវែង ដែលជាទម្រង់មរតកវប្បធម៌ដ៏ចំណាស់មួយរបស់ជាតិ និងជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ។ ម៉្យាងទៀតមហោស្រពនេះ ក៏ ជាឱកាសសម្រាប់សិល្បករ សិល្បការិនី និងប្អូនៗយុវជន បានរៀនសូត្រ និងផ្លាស់ប្ដូរបទពិសោធន៍ពីគា្នទៅ វិញទៅមក ដោយប្រមែប្រមូលពូនផ្ដុំនូវអ្នកដែលមានទេពកោសល្យក្នុងផ្នែកសិល្បៈចាប៉ីដងវែង ដើម្បីពង្រឹង សមត្ថភាព និងបង្កើនគុណភាពស្នាដៃ ប្រកបដោយគំនិតច្នៃប្រតិដ្ឋ និងនវានុវត្តន៍ ឆ្លើយតបទៅនឹងសេចក្តីត្រូវ ការរបស់សង្គមជាតិយើង។
ការថ្លែងរបស់លោក ហាប់ ទូច រដ្ឋលេខាធិការប្រចាំការ គឺបានធ្វើឡើងក្នុងឱកាសដែលលោកអញ្ជើញតំណាងឲ្យលោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចូលរួមជាអធិបតីភាពក្នុងពិធីបើក «មហោស្រពចាប៉ីដងវែងទូទាំងប្រទេស ឆ្នាំ២០២៥» ក្រោមប្រធានបទ «ទំពាំងស្នងឬស្សី» ដែលប្រារព្ធឡើងចំនួន៣ថ្ងៃ នៅសាលមហោស្រពនាយកដ្ឋានសិល្បៈទស្សនីយភាព នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ នៅរោងមហោស្រពនាយកដ្ឋានសិល្បៈទស្សនីយភាព។
លោករដ្ឋលេខាធិការប្រចាំការរូបនេះបន្តថា ចាប៉ីដងវែង គឺជាសិល្បៈប្រពៃណីបែបប្រជាប្រិយមួយ ដែលបានជ្រាបចូលយ៉ាងជ្រៅនៅក្នុងជីវិតរស់នៅ ប្រពៃណី និងជំនឿរបស់ប្រជាជនខ្មែរ។ ចាស់ៗតែងនិយាយថា ចាប៉ីដែលមានសូរសៀងពីរ គឺមានស្នូកធ្វើពីដើមរាំង ដងពីដើមក្រសាំង សន្ទះពីដើមខ្ទម្ព គីង្គក់ពីដើមធ្នង់ ខ្ទង់ពីឆ្អឹង។ ប៉ុន្តែសព្វថ្ងៃសង្កេតឃើញថា ចាប៉ីដងវែង ច្រើនមានស្នូកធ្វើពីឈើខ្លឹមខ្នុរ ឬឈើបេង ហើយសន្ទះស្នូកខាងមុខធ្វើពីឈើស្រាល ដូចជា ស្រល់ ឬរលួស ចំណែកដងច្រើនធ្វើពីឈើខ្លឹមផ្សេងៗ។ ចាប៉ីទទួលបានការពេញនិយមពីមហាជនទូទៅ ដ្បិតសំឡេងចាប៉ីក៏ពីរោះ ហើយអ្នកច្រៀងចាប៉ី មិនត្រឹមត មានសំឡេងពីរោះប៉ុណ្ណោះទេ ថែមទាំងប៉ិនប្រសប់ខាងប្រើវោហា និងចេះកំប្លុកកំប្លែងទៀតផង។ ទំនុក ឬ ប្រធានបទសម្រាប់ចម្រៀងចាប៉ី មានគ្រប់បែបយ៉ាង រាប់តាំងពីការអប់រំ បញ្ហាសង្គម រឿងព្រេង រឿងនិទាន និង ជាតកជាដើម។ ម្លោះហើយ អ្នកច្រៀងចាប៉ី ជាអ្នកដែលយល់ដឹងច្រើនពីអក្សរសាស្ត្រ កំណាព្យ ពូកែចាប់ចុងជួនចេះកំប្លុកកំប្លែង និងមានបញ្ញាឈ្លាសវៃ បត់បែនតាមបរិយាកាសនៃពិធី ឬព្រឹត្តិការណ៍នីមួយៗ។
លោករដ្ឋលេខាធិការបានគូសរំលេចថា ទន្ទឹមនឹងនេះ តាមរយៈការយកចិត្តទុកដាក់ខ្ពស់ និងកិច្ចខិតខំប្រឹងប្រែងជាប់មិនដាច់របស់រាជរដ្ឋាភិបាល សម្បត្តិវប្បធម៌របស់កម្ពុជាមួយចំនួន ត្រូវបានអង្គការយូណេស្កូ ដាក់បញ្ចូលទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌ពិភពលោក បញ្ជីបេតិកភណ្ឌវប្បធម៌ អរូបីនៃមនុស្សជាតិ និងបញ្ជីស្មារតីចងចាំនៃពិភពលោក ដែលធ្វើឱ្យកេរ្តិ៍ឈ្មោះរបស់កម្ពុជា កាន់តែលេចធ្លោ ឡើងនៅលើឆាកអន្តរជាតិ។
កិច្ចការពារ អភិរក្ស និងលើកតម្លៃមរតកវប្បធម៌ និងអត្តសញ្ញាណជាតិ ត្រូវបានចាត់ទុកជាផ្នែកអាទិភាពមួយ របស់រាជរដ្ឋាភិបាល ដូចបានបញ្ជាក់យ៉ាងច្បាស់នៅក្នុងគោលនយោបាយ និងយុទ្ធសាស្ត្រនានារបស់ជាតិ ជា ពិសេស យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យ វែងឆ្ងាយរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ បន្ថែមលើនេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដូនតា ក្នុងគោលបំណង ជំរុញការផ្ទេរចំណេះជំនាញប្រពៃណី ដល់យុវជនដែលជាអ្នកបន្តវេន ជាពិសេស សម្រាប់យុវជនមកពីគ្រួសារ ក្រីក្រ និងគ្រួសារងាយរងហានិភ័យ ដើម្បីធានានូវការអភិរក្សមរតកដូនតាឱ្យបានគង់វង្ស និងបង្កើតឱកាស ការងារសម្រាប់យុវជនយើងផងដែរ។
ក្រសួងចាត់ទុកថា ការរៀបចំ មហោស្រពចាប៉ីដងវែងទូទាំងប្រទេស នេះ គឺជាព្រឹត្តិការណ៍សិល្បៈវប្បធម៌មួយ មានសារៈសំខាន់ និងមានអត្ថន័យបង្ហាញពីការខិតខំរួមគ្នា ដើម្បីលើកស្ទួយគុណតម្លៃនៃសិល្បៈចាប៉ីដងវែង ដោយបញ្ជ្រាបការយល់ដឹង បណ្តុះមនសិការស្រឡាញ់ និងបំផុសការចូលរួមជាកម្លាំងចលករ ក្នុងកិច្ចអភិរក្ស និងអភិវឌ្ឍសិល្បៈវប្បធម៌ជាតិ ស្របនឹងទិសស្លោក «កិច្ចការពារ និងលើកស្ទួយសិល្បៈវប្បធម៌ជាតិ គឺជាភារ កិច្ចរបស់កូនខ្មែរគ្រប់ៗរូប»។ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ តែងលើកទឹកចិត្ត និងទទួលស្គាល់នូវសារៈសំខាន់នៃការចូលរួមពីគ្រប់ មជ្ឈដ្ឋាន សហគមន៍ អង្គការ សមាគម វិស័យឯកជន និងដៃគូនានា សំដៅរួមគ្នាលើកស្ទួយវិស័យសិល្បៈ, វប្បធម៌ជាតិ ពង្រីកការផ្សព្វផ្សាយឱ្យបានទូលំទូលាយ ព្រមទាំងរៀបចំព្រឹត្តិការណ៍វប្បធម៌ឱ្យបានច្រើន និង បង្កើតផលិតផលសិល្បៈវប្បធម៌គ្រប់រូបភាព ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់សង្គមជាតិ ដោយលើកកម្ពស់តម្លៃវប្បធម៌ និងកិត្យានុភាពជាតិ ព្រមទាំងជួយកាត់បន្ថយនូវការហូរចូលឥតឈប់ឈរន ផលិតផលវប្បធម៌បរទេសផងដែរ។
លោក ឈាង ឆដាភ័ក្ត្រ ប្រធាននាយកដ្ឋានសិល្បៈទស្សនីយភាព បានថ្លែងថា នាយកដ្ឋានសិល្បៈទស្សនីយភាព គោលបំណងសំខាន់ នៃការរៀបចំមហោស្រពចាប៉ីដងវែងទូទាំងប្រទេស គឺដើម្បីចូលរួមថែរក្សា លើកស្ទួយតម្លៃសិល្បៈវប្បធម៌ប្រពៃណីជាតិ អត្តសញ្ញាណជាតិ សម្តៅរួមចំណែកអភិវឌ្ឍសង្គម និងលើកកម្ពស់ កិត្យានុភាពជាតិ។ ជាពិសេសគាំទ្រ និងលើកទឹកចិត្តដល់សិល្បករចាប៉ីដងវែង ឱ្យរឹតតែមានសកម្មភាពផុសផុល ថែមទៀតតាមរយៈការផ្សព្វផ្សាយឱ្យបានទូលំទូលាយ ជូនដល់មហាជនឱ្យបានស្គាល់ និងស្វែងយល់បន្ថែមអំពី ទម្រង់សិល្បៈចាប៉ីដងវែង។
លោកបន្តថា លើសអំពីនេះក៏មានការចូលរួមជួយជ្រោមជ្រែង ពីបណ្តាមន្ទីរវប្បធម៌និងវិចិត្រសិល្បៈទាំង២៥រាជធានី-ខេត្ត និងបណ្តាអង្គការ សមាគម ក្រុមហ៊ុនឯកជនជាច្រើន ដែលនេះបង្ហាញពីការខិតខំព្យាយាមចូលរួមចំណែកយ៉ាងសកម្ម សំដៅធ្វើយ៉ាងណាឲ្យមហោស្រពដ៏សំខាន់នេះ ប្រព្រឹត្តិទៅបានដោយរលូន និងជោគជ័យ។
តាមរយៈការខិតខំប្រឹងប្រែងកន្លងមក និងការរួបរួមសាមគ្គីគ្នារវាងគ្រប់ភាគី ដែលបានរៀបរាប់ខាងលើនេះ គឺធ្វើឲ្យគណៈកម្មការរៀបចំមហោស្រព និងបេក្ខជនផ្ទាល់ទទួលបាននូវចំណេះដឹង និងបទពិសោធន៍ថ្មីៗបន្ថែម ទៀតក្នុងការបន្តការថែរក្សាទម្រង់សិល្បៈចាប៉ីដងវែងនេះឲ្យនៅតែមានសកម្មភាព និងធ្វើយ៉ាងណាឱ្យកាន់តែមាន ភាពល្បីល្បាញលើថ្នាក់ជាតិ និងអន្តរជាតិថែមទៀត។
សូមបញ្ជាក់ថា គណៈកម្មការៀបចំមហោស្រពចាប៉ីដងវែងទូទាំងប្រទេសឆ្នាំ២០២៥ បានប្រកាសជូនដំណឹងស្តីពីការ រៀបចំមហោស្រពចាប៉ីដងវែងទូទាំងប្រទេស និងបើកទទួលពាក្យស្នើសុំប្រឡងចាប់ពី ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ និងបិទការទទួលពាក្យនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥។ ក្នុងនោះលក្ខខណ្ឌនៃការចូលរួមប្រឡង គឺបែកចែកជា ៣វគ្គ៖
វគ្គទី១ បេក្ខជនត្រូវថតជាវីដេអូ នៃការច្រៀងសម្តែងចាប៉ីដងវែងដោយបង្កប់នូវខ្លឹមសារអប់រំ រយៈពេល១៥នាទី ដើម្បីផ្ញើជូនមកគណៈកម្មការរៀបចំមហោស្រពពិនិត្យ។
វគ្គទី២ គឺជាវគ្គប្រកួតពាក់កណ្តាលផ្តាច់ព្រ័ត្រ ដែលតម្រូវឱ្យបេក្ខជនទាំង0៥រូប ឡើងមក ប្រឡងផ្ទាល់នៅរោងមហោស្រពនាយកដ្ឋានសិល្បៈទស្សនីយភាពរាជធានីភ្នំពេញ ដើម្បីប្រកួតប្រជែងជម្រុះយកបេក្ខជនចំនួន៣រូប ទៅកាន់វគ្គផ្តាច់ព្រ័ត្រ។
វគ្គទី៣ វគ្គប្រកួតផ្តាច់ព្រ័ត្រ គឺជាវគ្គប្រកួតចម្រាញ់ជម្រុះ ដើម្បីជ្រើសរើសរកយកបេក្ខជន ជ័យលាភីឆ្នើមលេខ១, លេខ២ និងលេខ៣ របស់មហោស្រពចាប៉ីដងវែងទូទាំងប្រទេស ឆ្នាំ២០២៥។
ក្នុងនោះដែរបេក្ខជន ០៥រូប ដែលមានឱកាសបានមកដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ មានដូចជា៖ លោក ចាប ជី មកពីខេត្តសៀមរាប, លោក ម៉ើ មឿន មកពីខេត្តសៀមរាប, លោក វណ្ណា គឹមស៊ាន មកពីខេត្តសៀមរាប, លោក កែវ ពិសាល មកពីខេត្តកំពង់ឆ្នាំង និងលោក ម៉ម ភិរក្ស មកពីខេត្តប៉ៃលិន៕