(ភ្នំពេញ)៖ ធនាគារ ខេប៊ីប្រាសាក់ ម.ក និងក្រុមហ៊ុន ហ្វតតេ អ៊ិនសួរឹនស៍ (ខេមបូឌា) បានរៀបចំកិច្ចប្រជុំផែនការយុទ្ធសាស្រ្តឆ្នាំ២០២៥ ក្រោមប្រធានបទ «ឆ្នាំ២០២៥ កិច្ចសហការកាន់តែរឹងមាំ ឱកាសកាន់តែប្រសើរ» តាមរយៈគោលដៅចម្បងរួមគ្នា ដោយផ្តោតលើការផ្តល់សេវាកម្ម ឬផលិតផលដល់អតិថិជនកាន់តែសម្បូរបែប និងកាន់តែប្រសើរជាងមុន តាមរយៈដំណោះស្រាយក្នុងការការពារហិរញ្ញវត្ថុដ៏ពេញលេញ ប្រកបទៅដោយភាពច្នៃប្រឌិត។
កិច្ចប្រជុំផែនការយុទ្ធសាស្រ្តនេះ ជាព្រឹត្តិការណ៍ដ៏ពិសេសរបស់ស្ថាប័នទាំងពីរ ត្រូវបានប្រារព្ធឡើងក្រោមវត្តមានរបស់លោក យក់ ចំរើនឫទ្ធិ ប្រធានអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ហ្វតតេ គ្រុប, លោក អ៊ុំ សមអឿន ប្រធាននាយកប្រតិបត្តិ ធនាគារ ខេប៊ីប្រាសាក់ ព្រមទាំងគណៈគ្រប់គ្រងជាន់ខ្ពស់នៃស្ថាប័នទាំងពីរ។
លោក យក់ ចំរើនឫទ្ធិ ប្រធានអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ហ្វតតេ គ្រុប បានមានប្រសាសន៍ថា «ក្រុមហ៊ុន ហ្វតតេ គឺជាក្រុមហ៊ុនធានារ៉ាប់រងក្នុងស្រុកដ៏ធំ និងមានវ័យចំណាស់ក្នុង ចំណោមក្រុមហ៊ុនធានារ៉ាប់រងទូទៅដទៃទៀត បាននិងកំពុងឈានមុខគេលើទីផ្សារធានារ៉ាប់រង ក្នុងប្រទេសកម្ពុជាអស់រយៈពេលជាង ២៦ឆ្នាំមកហើយ។ រីឯ ធនាគារ ខេប៊ីប្រាសាក់ វិញ ជាធនាគារដែលត្រូវបានចាត់ទុក ជាធនាគារពាណិជ្ជឈានមុខគេមួយក្នុងចំណោមធនាគារធំៗទាំង៥ ក្នុងប្រទេសកម្ពុជា ដែលមានប្រវត្តិដ៏រុងរឿង កេរ្តិ៍ឈ្មោះល្បីល្បាញនៅក្នុងវិស័យធនាគារ។ នេះគឺជាមោទនភាពមួយរបស់ ហ្វតតេ ដែលបានចងចំណងរួមសហការអាជីវកម្មជាមួយនឹងធនាគារ ខេប៊ីប្រាសាក់»។
លោក យក់ ចំរើនឫទ្ធិ បន្ថែមយ៉ាងដូច្នេះថា «កិច្ចសហការជាមួយធនាគារ ខេប៊ីប្រាសាក់ ជាកត្តារួមមួយចំណែកជំរុញឱ្យក្រុមហ៊ុន ហ្វតតេ ពង្រីកសក្តានុពលរបស់ខ្លួន ក្នុងការផ្តល់សេវាកម្មធានារ៉ាប់រងដល់អតិថិជនកាន់តែច្រើន ដែលចូលរួមយ៉ាងសំខាន់ក្នុងការរក្សាស្ថិរភាពជាក្រុមហ៊ុនឈានមុខគេ និងរក្សាបានចំណែកទីផ្សារធំជាងគេ ជាអាទិ៍ក្នុងឆ្នាំ ២០២៤ ក្រុមហ៊ុន ហ្វតតេ មានចំណែកទីផ្សាររហូតដល់ចំនួន ៤៣%។ កិច្ចសហការជាមួយគ្នា ការបង្កើតនូវផលិតផលប្រកបដោយភាពច្នៃប្រឌិត មានភាពបត់បែនទៅតាមតម្រូវការអតិថិជន តែងតែធ្វើឡើងជាប្រចាំ រួមគ្នា ជាក់ស្តែងនៅក្នុងកិច្ចប្រជុំនាថ្ងៃនេះ វេលានេះ ក្រុមហ៊ុនទំាងពីរបានជួបជុំគ្នា ជជែកគ្នាពីយុទ្ធសាស្រ្តក្នុងការផ្តល់ជូននូវដំណោះស្រាយ ក៏ដូចជាការការពារហិរញ្ញវត្ថុដល់អតិថិជនយើង ថែមទំាងចូលរួមចំណែកដល់កំណើនសេដ្ឋកិច្ចរបស់សហគមន៍ និងសង្គមជាតិផងដែរ»។
លោក អ៊ុំ សមអឿន ប្រធាននាយកប្រតិបត្តិ ធនាគារ ខេប៊ីប្រាសាក់ បានបង្ហាញពីចំណាប់អារម្មណ៍យ៉ាងដូច្នេះថា «ទាំងក្រុមហ៊ុន ហ្វតតេ និងធនាគារ ខេប៊ីប្រាសាក់ យើងមានគោលដៅរួមគ្នាយ៉ាងច្បាស់ និងដ៏ចម្បង គឺការយកអតិថិជនជាធំ តាមរយៈការផ្តល់ជូនពួកគាត់ និងក្រុមគ្រួសារនូវការការពារហិរញ្ញវត្ថុដ៏សមស្រប និងពេញលេញមួយនៅគ្រប់កាលៈទេសៈ។ ក្រៅអំពីសេវាធនាគារ គឺអតិថិជនអាចមានជម្រើស ដ៏សម្បូរបែបផ្នែកសេវាធានារ៉ាប់រង ដែលនឹងជួយពួកគេ និងក្រុមគ្រួសារនៅពេលដែលពួកគេត្រូវការបំផុត មិនថាទៅលើសុខភាព ទ្រព្យសម្បត្តិ ឬក៏វត្ថុមានតម្លៃដូចជា យានយន្ត គេហដ្ឋាន ឬអាជីវកម្មរបស់ពួកគេ និងក្រុមគ្រួសារនោះទេ។ ដូចដែលយើងគ្រប់គ្នាដឹង និងបានឃើញស្រាប់ ហានិភ័យអាចនឹងកើតមានឡើងគ្រប់ពេលវេលា គ្រប់ទីកន្លែង។ ដូច្នេះការដើរលើវិថីរួមគ្នាតែមួយ ចូលរួមជាមួយគ្នាជាយុទ្ធសាស្ត្រថ្ងៃនេះ បានផ្តល់ជាឱកាស និងសំណាញ់សុវត្ថិភាព ក៏ដូចជាជម្រើសហិរញ្ញវត្ថុដ៏ល្អប្រសើរ និងលឿនរហ័សជូនអតិថិជនរបស់យើង»។
កិច្ចប្រជុំនេះបានប្រព្រឹត្តិទៅដោយភាពរីករាយ និងសិ្នទ្ធស្នាលបំផុតមិនត្រឹមតែក្នុងគោលបំណងរៀបចំយុទ្ធសាស្រ្តសំខាន់សម្រាប់អតិថិជននៅក្នុងឆ្នាំ២០២៥ ប៉ុណ្ណោះទេ ស្ថាប័នទាំងពីរ បាននិងកំពុងបន្តរឹតចំណងទំនាក់ទំនងរវាងគ្នានិងគ្នា បានកែសម្រួល កែច្នៃផលិតផលបញ្ចូលគ្នាឱ្យមានភាពបត់បែន ទៅតាមស្ថានភាពសេដ្ឋកិច្ចសង្គម សម្រាប់អតិថិជនកម្ពុជា ក្នុងន័យផ្តល់នូវសេវាកម្មដ៏កាន់តែប្រសើរប្រកបដោយទំនុកចិត្ត ជាមួយផលិតផលប្រកបដោយភាពស៊ីវិល័យ និងកាន់តែមានភាពច្នៃប្រឌិតជាងមុន៕