(បរទេស)៖ ក្រុមហ៊ុន Apple បានកាន់កាប់តំណែងកំពូលលើការលក់ស្មាតហ្វូននៅទីផ្សារប្រទេសចិនវិញហើយ ក្នុងខែឧសភា ឆ្នាំ២០២៥នេះ បន្ទាប់ពីការលក់ iPhone បានកើនឡើងយ៉ាងខ្លាំង។ យោងតាមការសិក្សាពីក្រុមហ៊ុន Counterpoint Research និងដកស្រង់ចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥។

Apple បានដណ្ដើមយកចំណាត់ថ្នាក់លេខ១នៅក្នុងទីផ្សារទូរស័ព្ទចល័តនៅប្រទេសចិន ដោយបំបាក់ក្រុមហ៊ុនក្នុងស្រុកដូចជា Huawei និង Xiaomi។ ការកើនឡើងនេះ គឺដោយសារយុទ្ធសាស្ត្របញ្ចុះតម្លៃយ៉ាងច្រើនលើម៉ូដែល iPhone ដែលកំពុងលក់នៅតាមគេហទំព័រប្រើប្រាស់ក្នុងប្រទេសចិន ដូចជា JD.com និង Tmall។ Apple បានបញ្ចុះតម្លៃស្មាតហ្វូនរបស់ខ្លួន ដល់ទៅប្រហែល ៣៥១ដុល្លារ​អាមេរិក ជាជំហានសំខាន់មួយក្នុងការចាប់យកចំណែកទីផ្សារវិញ ខណៈដែលប្រឈមមុខនឹងការប្រកួតប្រជែងខ្លាំង ពិសេសពី Huawei ដែលកំពុងត្រលប់មកវិញដោយមានការគាំទ្រពីរដ្ឋាភិបាលចិន។

យោងតាមទិន្នន័យពីអាជ្ញាធរបច្ចេកវិទ្យាទំនាក់ទំនងចិន (CAICT) បង្ហាញថា ការនាំចូលទូរស័ព្ទស្មាតហ្វូននៅខែមេសា បានឈានដល់ ៣.៥២លានឯកតា ពោលគឺកើនពី ៣.៥០លានឯកតា នៅខែមេសា ឆ្នាំមុន។ នេះជាសញ្ញាបង្ហាញថា ផលិតផលបរទេសជាពិសេស Apple កំពុងទទួលបានការទាក់ទាញវិញក្នុងទីផ្សារចិន។ លោក Ivan Lam អ្នកវិភាគក្រុមហ៊ុន Counterpoint បាននិយាយថា «ការរីកចម្រើនរបស់ Apple មិនមែនជាការបានជ័យជម្នះជាប់លាប់នោះទេ។ វាអាស្រ័យយ៉ាងខ្លាំងទៅលើការបញ្ចុះតម្លៃ និងស្ថានភាពទីផ្សារនៅចិន និងអាមេរិក»។