(បរទេស)៖ Real Madrid បាននាំចូលកីឡាករថ្មីទី៣ របស់ពួកគេគឺខ្សែបម្រើវ័យ ១៧ឆ្នាំ Franco Mastanuono ដែលទើបត្រូវបានក្រុមជម្រើសជាតិអាហ្សង់ទីន កោះហៅឡើងមកលេងក្នុងឈុតធំជម្រុះ World Cup 2026 ថ្មីៗនេះ។
Mastanuono ជាកីឡាករក្មេងជាងគេរបស់ក្រុមម្ចាស់ជើងឯក World Cup 2022 បានចូលលេងចុងម៉ោង នៅពេលពពកសអាហ្សង់ទីន យកឈ្នះឈីលី ១-០ ជម្រុះ World Cup ឆ្នាំក្រោយ។ រូបគេបានក្លាយជាសមាជិកថ្មីទី៣ ក្នុងទីផ្សារទិញដូរនាពេលនេះជាមួយ Real ក្រោយការមកដល់របស់ Trent Alexander-Arnold ពី Liverpool និង Dean Huijsen ពីក្លិប AFC Bournemouth។
រូបគេនឹងចុះកិច្ចសន្យារយៈពេល ៦ឆ្នាំនៅកីឡដ្ឋាន Satiago Bernabeu ចាប់ផ្តើមពីថ្ងៃទី១៤ ខែសីហា ក្រោយពេលរូបគេឈានវ័យ ១៨ឆ្នាំពេញលេញ បន្ទាប់ពីក្រុមជើងឯក UEFA Champions League ១៥សម័យបានចំណាយលុយប្រមាណ ៤៥លានអឺរ៉ូ ដើម្បីទិញផ្តាច់កិច្ចសន្យាពីក្លិប River Plate របស់អាហ្សង់ទីនរួចមក។
Mastanuono ត្រូវបានកោះហៅចូលឈុតធំជម្រើសជាតិអាហ្សង់ទីន ដើម្បីលេងជម្រុះ World Cup 2026 ប្រចាំតំបន់អាមេរិកឡាទីន ទល់នឹងឈីលី និងកូឡុំប៊ី ក្នុងខែនេះ៕