(បរទេស)៖ ក្រុមហ៊ុន Amazon អាច​នឹង​កាត់​បន្ថយ​ចំនួន​បុគ្គលិក​សរុប​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​នេះ ដោយសារ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា AI (Generative AI) និង​ភ្នាក់ងារ​ស្វ័យប្រវត្តិ។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក Andy Jassy នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​លក់រាយ​អនឡាញ និងត្រូវបានចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ Reuters នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥។

បញ្ញា​សិប្បនិម្មិត (AI) កំពុង​តែ​ផ្លាស់ប្តូរ​ទម្រង់​កម្លាំង​ពលកម្ម​សកល​យ៉ាង​ខ្លាំង ដោយ​ស្វ័យប្រវត្តិកម្ម​លើ​កិច្ចការ​ប្រចាំ​ថ្ងៃ និង​កិច្ចការ​ដដែលៗ ហើយ CEO ក្រុមហ៊ុន Amazon រំពឹង​ថា​នេះ​នឹង​ជំរុញ​ឱ្យ​មាន​ការ​កាត់​បន្ថយ ឬ​ការ​ផ្លាស់ប្តូរ​តួនាទី​មួយ​ចំនួន​នៅ​ទូទាំង​ឧស្សាហកម្ម។ ទោះបីជា​មាន​ភាព​មិន​ប្រាកដប្រជា​ក៏ដោយ អ្នក​ជំនាញ​ជាច្រើន​យល់​ស្រប​ថា AI នឹង​មិន​នាំ​ឱ្យ​មាន​ការ​បាត់បង់​ការងារ​ទ្រង់ទ្រាយ​ធំ​នោះ​ទេ ប៉ុន្តែ​ផ្ទុយទៅវិញ​នឹង​នាំ​ឱ្យ​មាន​ការ​រៀបចំ​កម្លាំង​ពលកម្ម​ឡើងវិញ។

លោក Jassy បាន​ថ្លែង​ថា៖ «នៅ​ពេល​ដែល​យើង​ប្រើប្រាស់ Generative AI និង​ភ្នាក់ងារ​កាន់​តែ​ច្រើន វា​គួរតែ​ផ្លាស់ប្តូរ​របៀប​នៃ​ការងារ​របស់​យើង។ យើង​នឹង​ត្រូវ​ការ​បុគ្គលិក​តិច​ជាង​មុន​សម្រាប់​ការងារ​មួយ​ចំនួន​ដែល​កំពុង​ធ្វើ​សព្វថ្ងៃ ហើយ​ត្រូវ​ការ​បុគ្គលិក​ច្រើន​ជាង​មុន​សម្រាប់​ការងារ​ប្រភេទ​ផ្សេង​ទៀត»។ Amazon មាន​បុគ្គលិក​ពេញ​ម៉ោង និង​ក្រៅ​ម៉ោងសរុប​ជាង ១.៥ លាន​នាក់​នៅ​ចុង​ឆ្នាំ​មុន ហើយបច្ចុប្បន្នកំពុង​ប្រើប្រាស់ AI ដើម្បី​បង្កើន​ប្រសិទ្ធភាព​ប្រតិបត្តិការ ការ​គ្រប់គ្រង​ទំនិញ​ក្នុង​ស្តុក និង​ការ​កែលម្អ​សេវាកម្ម​អតិថិជន។

គួរជម្រាបថា អ្នក​វិភាគ​ម្នាក់​មកពីក្រុមហ៊ុន D.A. Davidson លោក Gil Luria បាន​លើក​ឡើង​ថា Amazon កំពុង​បង្ហាញ​ពី​និន្នាការ​ដែល​ក្រុមហ៊ុន​បច្ចេកវិទ្យា​ដទៃ​ក៏​កំពុង​ជួប​ដែរ គឺ​ថា AI កំពុង​បង្កើន​ផលិតភាព​យ៉ាង​ឆាប់រហ័ស រហូត​ដល់​តម្រូវការ​ជួល​បុគ្គលិក​ថ្មី​នឹង​ថយ​ចុះ​តាម​ពេលវេលា។ តួនាទី​ដែល​ទទួល​រង​ឥទ្ធិពល​ខ្លាំង​ជាង​គេ ​គឺ​ផ្នែក​អភិវឌ្ឍន៍​កម្មវិធី ដែល​មាន​ការ​ថយ​ចុះ​ការ​ជួល​គួរ​ឱ្យ​កត់​សម្គាល់។ ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំៗ​ផ្សេង​ទៀត​ដូចជា Microsoft និង Google ក៏​បាន​កាត់​បន្ថយ​បុគ្គលិក​ដែរ ខណៈ​ដែល​កំពុង​ប្រើប្រាស់ AI កាន់​តែ​ច្រើន​ឡើង​ដើម្បី​សរសេរ​កូដ​សម្រាប់​ផលិតផល និង​ប្រតិបត្តិការ​ផ្ទៃក្នុង៕