(បរទេស)៖ ក្រុមហ៊ុន Tesla ត្រូវបានគេរាយការណ៍មកថា បានចុះកិច្ចព្រមព្រៀងដំបូងរបស់ខ្លួន ដើម្បីសាងសង់រោងចក្រថាមពលអគ្គិសនី «Grid-Scale» ខ្នាតធំបំផុតនៅក្នុងប្រទេសចិន។ គម្រោងនេះកើតឡើងចំពេលដែលទំនាក់ទំនងពាណិជ្ជកម្មរវាងទីក្រុងប៉េកាំង និងវ៉ាស៊ីនតោននៅតែមានភាពតានតឹង។ នេះបើយោងតាមការចេញផ្សាយដោយ CNBC។

ក្រុមហ៊ុនអាមេរិកមួយនេះ បានប្រកាសនៅលើបណ្ដាញសង្គមចិន Weibo ថា គម្រោងនេះនឹងក្លាយជារោងចក្រប្រភេទធំបំផុតនៅក្នុងប្រទេសចិននៅពេលបញ្ចប់។ ប្រព័ន្ធផ្ទុកថាមពលអគ្គិសនីខ្នាតធំ (Utility-scale battery energy storage systems) មានសារៈសំខាន់ណាស់ក្នុងការជួយបណ្ដាញអគ្គិសនីរក្សាតុល្យភាពរវាងការផ្គត់ផ្គង់ និងតម្រូវការ ជាពិសេសសម្រាប់ប្រភពថាមពលដែលអាចប្រែប្រួលបានដូចជាថាមពលពន្លឺព្រះអាទិត្យ និងខ្យល់។ កិច្ចព្រមព្រៀងនេះមានតម្លៃ ៤ ពាន់លានយន់ (ប្រហែល ៥៥៦ លានដុល្លារ) ហើយត្រូវបានធ្វើឡើងនៅក្នុងទីក្រុងសៀងហៃ ប្រទេសចិន ដោយមានភាគីចូលរួមចំនួន៣ គឺ​ក្រុមហ៊ុន Tesla រដ្ឋាភិបាលទីក្រុងសៀងហៃ និងក្រុមហ៊ុន China Kangfu International Leasing។

គួរជម្រាបថា កិច្ចព្រមព្រៀងនេះមានសារៈសំខាន់ណាស់សម្រាប់ Tesla ដោយសារតែក្រុមហ៊ុនចិនដូចជា CATL និង BYD ក៏កំពុងប្រកួតប្រជែងជាមួយនឹងផលិតផលស្រដៀងគ្នាដែរ។ ទោះបីជាមានភាពតានតឹងផ្នែកនយោបាយរវាងសហរដ្ឋអាមេរិក និងចិនក៏ដោយ តម្រូវការសម្រាប់ប្រព័ន្ធផ្ទុកថាមពលអគ្គិសនីខ្នាតធំនៅប្រទេសចិនមានខ្ពស់ ដោយរដ្ឋាភិបាលចិនមានគោលដៅបង្កើនសមត្ថភាពដល់ ៤០ ជីហ្គាវ៉ាត់ ត្រឹមដំណាច់ឆ្នាំ ២០២៥៕