(ភ្នំពេញ)៖ ជាមួយនឹងកំណើនសិស្សនិស្សិតកម្ពុជាដែលមានចំណាប់អារម្មណ៍ចង់ទៅសិក្សានៅក្រៅប្រទេស Expert Education & Visa Services Cambodia បាននាំមកនូវកម្មវិធីពិព័រណ៍ដ៏ធំបំផុតមួយក្នុងឆ្នាំ២០២៥ ជាមួយនឹងកម្មវិធី «ពិព័រណ៍អាហារូបករណ៍ និងដំណើរសិក្សាទៅប្រទេសអូស្ត្រាលី & ណូវែលហ្សេឡង់» ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ ចាប់ពីម៉ោង ១៖០០ ដល់ ៥៖០០ រសៀល នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា។
អ្វីដែលកាន់តែពិសេសនោះគឺ កម្មវិធីនេះនឹងនាំមកនូវទស្សនីយភាពថ្មីក្រោមប្រធានបទ៖ «សិល្បៈ និងអក្សរសាស្រ្ត» ក្នុងគោលបំណងជំរុញការចំណាប់អារម្មណ៍ដល់សិស្សនិស្សិត ក្នុងការស្វែងរកឱកាសសិក្សានៅក្រៅប្រទេសតាមរយៈការច្នៃប្រឌិត និងការស្រមើលស្រមៃ។ កម្មវិធីនេះបានរួមបញ្ចូលនូវសកម្មភាពកម្សាន្តផ្សេងៗរួមមាន៖ ការប្រកួតស្នាដៃគំនូរ និងការដាក់តាំងពិព័រណ៍រូបគំនូរ និងការគូររូបគំនូរពីអ្នកជំនាញវ័យក្មេង។
ស្ថាប័នអប់រំជាង៣០ នឹងត្រូវបានចូលរួមដោយផ្តល់ជូននូវជម្រើសសិក្សាដ៏ធំទូលាយ ចាប់ពីថ្នាក់វិទ្យាល័យ និងការបណ្តុះបណ្តាលវិជ្ជាជីវៈ រហូតដល់កម្មវិធីសាកលវិទ្យាល័យ រួមទាំងបរិញ្ញាបត្រ អនុបណ្ឌិត និងបណ្ឌិត។ សិស្សនិស្សិតនឹងមានឱកាសជួបពិភាក្សាផ្ទាល់ជាមួយអ្នកតំណាងស្ថាប័នអប់រំក្នុងស្រុក និងក្រៅស្រុកដោយមានការចូលរួមពី អ្នកតំណាងស្ថាប័នល្បីៗមកពីប្រទេសអូស្រ្តាលី និងណូវែលហ្សេឡង់។ ស្ថាប័នអប់រំទាំងអស់នេះនឹងផ្តល់ព័ត៌មានលម្អិតដូចជា៖ អាហារូបករណ៍ គម្រោងការសិក្សា និងការណែនាំផ្ទាល់ខ្លួនដល់សិស្សនិស្សិតដែលចាប់អារម្មណ៍ទៅសិក្សានៅប្រទេសអូស្ត្រាលី ឬណូវែលហ្សេឡង់។ មាតាបិតាក៍ត្រូវបានលើកទឹកចិត្តឱ្យចូលរួម ដើម្បីទទួលបានការយល់ដឹងបន្ថែម អំពីការរៀបចំផែនការសិក្សាឱ្យកាន់តែល្អសម្រាប់កូនៗរបស់អ្នក។ ពិព័រណ៍នេះរំពឹងថានឹងមានអ្នកចូលរួមប្រហែល ៨០០នាក់ ជាពិសេសដល់សិស្សថ្នាក់ទី១២ ដែលកំពុងត្រៀមប្រឡងបាក់ឌុបរបស់ពួកគេ។ ព្រឹត្តិការណ៍នេះត្រូវបានធ្វើឡើងជាវេទិកាសម្រាប់សិស្សនិស្សិតដើម្បីស្វែងយល់ពីកម្មវិធីសិក្សា តម្រូវការហិរញ្ញវត្ថុ អាហារូបករណ៍ កន្លែងស្នាក់នៅ និងការដាក់ពាក្យសុំទិដ្ឋាការ។
កម្មវិធីពិព័រណ៍អាហារូបករណ៍នេះក៍កំពុងរៀបចំការប្រកួតស្នាដៃគំនូរក្រោមប្រធានបទ៖ «ការសិក្សាគ្មានព្រំដែន» ដោយអញ្ជើញសិស្សានុសិស្ស និងអ្នកដែលមានចំណង់ចំណូលចិត្តលើសិល្បៈគំនូរ មកបង្ហាញនូវស្នាដែ និងទស្សនៈវិស័យរបស់ពួកគេលើការសិក្សានៅក្រៅប្រទេស។ អ្នកឈ្នះនឹងទទួលបានរង្វាន់ដ៍ពិសេស និងបានបង្ហាញស្នាដៃសិល្បៈរបស់ពួកគេនៅក្នុងកម្មវិធីពិព័រណ៍។ សម្រាប់ព័ត៌មានលម្អិត សូមចូលទៅកាន់ទំព័រ Facebook ផ្លូវការរបស់ Expert Education & Visa Services Cambodia។
សូមជម្រាបដែរថា Expert Education & Visa Services គឺជាស្ថាប័នអប់រំ ដែលបានដើរតួនាទីក្នុងការបញ្ចូនសិស្សនិស្សិតទៅសិក្សានៅក្រៅប្រទេស។ បច្ចុប្បន្ន Expert Education & Visa Services មានវត្តមាននៅក្នុងប្រទេសចំនួន២៥ និងមានការិយាល័យជាង ៨០ កន្លែង ដែលក្នុងនោះមានការិយាល័យ ១៨កន្លែង នៅក្នុងប្រទេសអូស្រ្តាលី។ Expert Education & Visa Services ផ្តល់ការប្រឹក្សាទៅលើសេវាកម្មអប់រំ ទៅលើការប្រឹក្សាយោបល់ដោយឥតគិតថ្លៃអំពីការសិក្សា ការជ្រើសរើសសាកលវិទ្យាល័យ និងមុខវិជ្ជាសិក្សា ការដាក់ពាក្យសុំទិដ្ឋាការ និងការគាំទ្រជាបន្តបន្ទាប់ក្នុងកំឡុងពេលសិក្សា៕