(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Microsoft បានប្រកាសថា ខ្លួននឹងបញ្ឈប់បុគ្គលិករហូតដល់ ៩,០០០ នាក់ បន្ថែមទៀត ដែលស្មើនឹង ៤% នៃកម្លាំងពលកម្មសកលរបស់ខ្លួនដែលមានចំនួន ២២៨,០០០ នាក់។ នេះគឺជាការកាត់បន្ថយបុគ្គលិកដ៏ធំមួយទៀតនៅឆ្នាំ ២០២៥ បន្ទាប់ពីបានកាត់បន្ថយចំនួន ៦,០០០ នាក់ រួចមកហើយកាលពីខែឧសភា ឆ្នាំ ២០២៥។ ការសម្រេចចិត្តនេះគឺដើម្បីវិនិយោគយ៉ាងច្រើនលើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដោយគ្រោងចំណាយរហូតដល់ ៨០ ពាន់លានដុល្លារ ទៅលើមជ្ឈមណ្ឌលទិន្នន័យដ៏ធំដើម្បីអភិវឌ្ឍគំរូ AI។ នេះបើយោងតាមការចេញផ្សាយរបស់ BBC នៅថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ២០២៥។

Microsoft បាននិយាយថា ការកាត់បន្ថយបុគ្គលិកនេះនឹងប៉ះពាល់ដល់ផ្នែកជាច្រើន រួមទាំងផ្នែកហ្គេម Xbox ផងដែរ។ គម្រោងហ្គេមមួយចំនួនត្រូវបានលុបចោល ដូចជាហ្គេម Perfect Dark និង Everwild។ ស្ទូឌីយោ The Initiative ដែលជាអ្នកអភិវឌ្ឍន៍ហ្គេម Perfect Dark ក៏នឹងត្រូវបិទផងដែរ។ ក្រៅពីនេះ ស្ទូឌីយោហ្គេមផ្សេងទៀតដូចជា Turn 10 (អ្នកបង្កើត Forza Motorsport) និង ZeniMax Online Studios (អ្នកអភិវឌ្ឍន៍ Elder Scrolls Online) ក៏ត្រូវបានរងផលប៉ះពាល់ផងដែរដោយការកាត់បន្ថយបុគ្គលិកនេះ។ ទន្ទឹមនឹងនេះ នាយកស្ទូឌីយោ ZeniMax Online Studios លោក Matt Firor បានប្រកាសលាលែងពីតំណែងរបស់លោកនៅខែកក្កដា ឆ្នាំ ២០២៥ បន្ទាប់ពីធ្វើការបានជាង ១៨ ឆ្នាំ។

គួរជម្រាបថា Microsoft កំពុងផ្តោតសំខាន់លើការអភិវឌ្ឍ AI ដោយបានជួលអ្នកជំនាញ AI ជនជាតិអង់គ្លេសលោក Mustafa Suleyman ឱ្យដឹកនាំផ្នែក Microsoft AI ថ្មីរបស់ខ្លួនកាលពីឆ្នាំ ២០២៤។ នាយកប្រតិបត្តិកំពូលរបស់ Microsoft ថ្មីៗនេះបានប្រាប់ BBC ថា ពាក់កណ្តាលសតវត្សរ៍ខាងមុខ «នឹងត្រូវបានកំណត់ដោយបញ្ញាសិប្បនិម្មិត» ដែលនឹងផ្លាស់ប្តូររបៀបដែលយើងធ្វើការ និងទំនាក់ទំនងជាមួយគ្នា។ Microsoft ក៏ជាអ្នកវិនិយោគដ៏ធំមួយនៅក្នុង OpenAI ដែលជាក្រុមហ៊ុននៅពីក្រោយ ChatGPT ផងដែរ។

ទោះជាយ៉ាងណាក៏ដោយ Microsoft កំពុងជួបប្រទះការលំបាកក្នុងការលក់ជំនួយការ AI របស់ខ្លួនគឺ Copilot ទៅកាន់អតិថិជនអាជីវកម្ម ដោយសារបុគ្គលិកការិយាល័យជាច្រើនចូលចិត្ត ChatGPT ជាង។ ការកាត់បន្ថយបុគ្គលិករបស់ Microsoft នេះកើតឡើងស្របពេលដែលក្រុមហ៊ុនបច្ចេកវិទ្យាធំៗនៅសហរដ្ឋអាមេរិកផ្សេងទៀត រួមមាន Meta និង Amazon ក៏កំពុងកាត់បន្ថយបុគ្គលិក និងវិនិយោគយ៉ាងច្រើនលើ AI ដើម្បីប្រកួតប្រជែងនៅក្នុងទីផ្សារ AI ដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សនេះ៕