(វ៉ាស៊ីនតោន)៖ កាលពីថ្ងៃទី២៦ ខែមេសាកន្លងទៅ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានថ្លែងសុន្ទរកថាមួយដ៏សំខាន់នៅឯកំពង់ផែ Nampo អំឡុងធ្វើជាអធិបតីក្នុងពិធីសម្ពោធ នាវាពិឃាដមួយគ្រឿងមានទម្ងន់ ៥០០០តោន។ ខណៈពិធីសម្ពោធនេះបង្ហាញពីភាពរីកចម្រើននៅក្នុងការធ្វើទំនើបកម្មកងទ័ពជើងទឹកកូរ៉េខាងជើង សុន្ទរកថារបស់លោក គីម ត្រូវបានគេ មើលឃើញថាបានបញ្ជូនសារហួសពីការអបអរសាទរដល់ភាពរីកចម្រើននេះទៅទៀត។ ពោលគឺវាបានផ្ដល់ពន្លឺខ្លះៗថាតើលោក គីម មើលឃើញបែបណាចំពោះបរិយាកាសសន្តិសុខសព្វថ្ងៃ នៅលើតំបន់ឧបទ្វីបកូរ៉េ?
* ដូច្នេះអ្វីទៅដែលលោក គីម គិតថាជាការគំរាមកំហែង?
លោក គីម ជុងអ៊ុន បានចាត់ទុកការពង្រឹងទំនាក់ទំនងយោធារវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ក្នុងនោះរួមមានការដាក់ពង្រាយអាវុធយុទ្ធសាស្ត្រ ការធ្វើសមយុទ្ធយោធារួមគ្នា ព្រមទាំង ការបញ្ចូលកូរ៉េខាងត្បូងទៅក្នុងផែនការ និងការធ្វើប្រតិបត្តិការនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក បានបង្កប់នូវចេតនាចង់ឈ្លានពានកូរ៉េខាងជើងជាជាងការពារខ្លួនឯង។ ដោយមើលឃើញថា បរិយាកាសសន្តិសុខក្នុងតំបន់កំពុងមានអស្ថិរភាពមិនធ្លាប់មានពីមុនមក លោក គីម បានបកស្រាយថាការពង្រឹងទំនាក់ទំនងយោធា រួមទាំងវិធានការយោធាកំញើញសត្រូវរបស់កូរ៉េខាងត្បូង និងអាមេរិក គឺជាការត្រៀមលក្ខណៈយ៉ាងសកម្មសម្រាប់សង្រ្គាម ដែលនេះជំរុញឱ្យកូរ៉េខាងជើងដាច់ខាតត្រូវតែបង្កើនការពង្រឹងសមត្ថភាពអាវុធនុយក្លេអ៊ែរ និងយោធាឱ្យកាន់តែរឹងមាំ។
លោក គីម បានថ្កោលទោសសមយុទ្ធយោធារួមគ្នារវាងកូរ៉េខាងត្បូង-អាមេរិកកាលពីពេលថ្មីៗនេះរួមមានទាំងការហាត់សមពីសេណារីយ៉ូនុយក្លេអ៊ែរ ដោយចោទថាប្រទេសទាំង២នេះកំពុង បង្កើនភាពតានតឹង និងត្រៀមលក្ខណៈសម្រាប់សង្រ្គាមនុយក្លេអ៊ែរ។ មិនតែប៉ុណ្ណោះ លោក គីម ក៏បានចាត់ទុកដែរថាផែនការថ្មីមួយត្រៀមសម្រាប់សង្រ្គាមរវាងអាមេរិក និងកូរ៉េខាងត្បូង មានឈ្មោះថា «OPLAN 5022» ដែលក្នុងនោះមានបញ្ចូលទាំងប្រតិបត្តិការសម្លាប់មេដឹកនាំកូរ៉េខាងជើង និងការធ្វើសមហរណកម្មអាវុធទូទៅធម្មតា និងនុយក្លេអ៊ែរគឺជាតឹកតាងបង្ហាញ យ៉ាងច្បាស់ពីការត្រៀមលក្ខណៈសម្រាប់សង្រ្គាមនុយក្លេអ៊ែរ។ ក្នុងន័យនេះដោយចាត់ទុកសមយុទ្ធយោធារួមគ្នានេះមិនមែនជាវិធានការការពារខ្លួន ប៉ុន្តែជាសកម្មភាពត្រៀមឈ្លានពាន លោក គីម ជុងអ៊ុន បានបរិហារថា «ផែនការ OPLAN 5022» ជាការបង្ហាញយ៉ាងច្បាស់ពីឆន្ទៈចង់បង្កសង្រ្គាម។ តាមលោក គីម សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនកំពុងដាក់ពង្រាយអាវុធ យុទ្ធសាស្ត្រក្នុងទ្រង់ទ្រាយធំ និងកាន់តែញឹកញាប់មិនធ្លាប់មាន ដែលនេះត្រូវបានលោកយល់ថាជាការគំរាមកំហែងដោយផ្ទាល់ដល់របបដឹកនាំរបស់លោក។ តាមអត្ថបទមួយចេញផ្សាយដោយ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង ទីក្រុងព្យុងយ៉ាងមើលឃើញថាការដាក់ពង្រាយរបៀបនេះគឺមិនមែនដើម្បីកំញើញនោះទេ តែជាការត្រៀមខ្លួនវាយប្រហារបង្ការទុកជាមុន។ ប្រព័ន្ធផ្សព្វផ្សាយ រដ្ឋកូរ៉េខាងជើងថែមទាំងបានគូសបញ្ជាក់ទៀតផងថាការធ្វើសមយុទ្ធស្ទាក់បំផ្លាញមីស៊ីលបាលិស្ទីគ ICBM របស់សហរដ្ឋអាមេរិក និងការដាក់ពង្រាយយន្ដហោះចម្បាំង F-35 F-16 និងយន្ដហោះទម្លាក់គ្រាប់បែក B-1B ឱ្យចូលរួមក្នុងការធ្វើសមយុទ្ធជាមួយកូរ៉េខាងត្បូងគឺជាភស្តុតាងនៃការត្រៀមខ្លួនវាយប្រហារបង្ការទុកជាមុន និងជាយុទ្ធសាស្ត្រសង្រ្គាម។
* ចុះអ្វីទៅជាផែនការទប់ស្កាត់របស់លោក គីម?
ដើម្បីពង្រឹងសមត្ថភាពនុយក្លេអ៊ែរ និងយោធាកំញើញសត្រូវ លោក គីម ជុងអ៊ុនបានដាក់ចេញយុទ្ធសាស្ត្រមុខព្រួញជាច្រើនដោយផ្អែកលើការពង្រឹងសមត្ថភាពវាយលុក និងការឆ្លើយតបឱ្យបាន លឿនរហ័សបំផុត។ កាលពីឆ្នាំ២០២២ លោក គីម បានបង្កើតច្បាប់ថ្មីមួយដែលអនុញ្ញាតឱ្យកូរ៉េខាងជើងអាចប្រើប្រាស់អាវុធនុយក្លេអ៊ែរភ្លាមៗ ឬវាយប្រហារបង្ការទុកមុន។ ក្រោមច្បាប់ថ្មីនេះ នៅក្នុងចំណោមសេណារីយ៉ូដែលជំរុញឱ្យកូរ៉េខាងជើងប្រើអាវុធនុយក្លេអ៊ែរ រួមមានការប្រឈមនឹងការគំរាមកំហែងនុយក្លេអ៊ែរពីសត្រូវជាបន្ទាន់ និងប្រសិនបើមេដឹកនាំ គឺលោក គីម ជុងអ៊ុន ប្រជាជន ឬអាយុជីវិតជាតិស្ថិតនៅក្រោមការគំរាមកំហែង ឬក៏ដើម្បីមានប្រៀបលើសត្រូវក្នុងសង្រ្គាមណាមួយ។ ច្បាប់ថ្មីនេះក៏បានចែងផងដែរថាសិទ្ធិសម្រេចគ្រប់យ៉ាងស្ថិតនៅលើបបូរមាត់ លោក គីម ជុងអ៊ុន ឬទាល់តែមានបញ្ជាពីលោក។ ប៉ុន្តែករណីដែលទីបញ្ជាការ និងប្រព័ន្ធគ្រប់គ្រងរងការគំរាមកំហែង នោះមីស៊ីលនុយក្លេអ៊ែរអាចនឹងត្រូវបាញ់ដោយស្វ័យប្រវត្តិ។
នៅក្នុងសុន្ទរកថាមួយកាលពីខែមេសា ឆ្នាំ២០២៥ លោក គីម នៅតែប្រកាន់ខ្ជាប់ដាច់ខាតនូវគោលនយោបាយនុយក្លេអ៊ែរនេះដដែល ជាមួយការបន្តធ្វើទំនើបកម្មយោធាដោយផ្តោតសំខាន់លើ សមត្ថភាពវាយលុក ដែលនេះជាសញ្ញាមួយបង្ហាញពីការប្ដេជ្ញាចិត្តរយៈពេលវែងរបស់កូរ៉េខាងជើងក្នុងការពង្រឹងសមត្ថភាពកំញើញសត្រូវ។ លើសពីនេះ ការធ្វើទំនើបកម្មនាវាចម្បាំងបានបង្ហាញ ថាលោក គីម មិនត្រឹមតែផ្ដោតលើសមត្ថភាពការពារខ្លួនប៉ុណ្ណោះទេ តែគឺលោកក៏ចង់ឱ្យយោធារបស់លោកមានសមត្ថភាពឆ្លើយតបភ្លាមៗ និងអាចវាយប្រហារបង្ការទុកមុនយ៉ាងមានប្រសិទ្ធភាពដោយប្រើគ្រប់មធ្យោបាយក្នុងនោះមានទាំងអាវុធនុយក្លេអ៊ែរ។ ដូច្នេះហើយឥលូវ កូរ៉េខាងជើងបាន និងកំពុងប្រឹងប្រែងអភិវឌ្ឍ និងបំពាក់អាវុធនុយក្លេអ៊ែរឱ្យគ្រប់អង្គភាពយោធាទាំងអស់ មានទាំងជើងគោក អាកាស និងជើងទឹក។ ពីព្រោះលោក គីម ប្រហែលជាគិតថាមានសមត្ថភាពវាយលុកខ្លាំង គួបផ្សំជាមួយការមិនរឹតត្បិតលើការប្រើអាវុធនុយក្លេអ៊ែរ គឺជាមធ្យោបាយកំញើញទប់ស្កាត់ការគំរាមកំហែងដែលលោកមើលឃើញថាកំពុងកើតឡើងចេញពីការពង្រឹងសម្ព័ន្ធភាពរវាងអាមេរិក និងកូរ៉េខាងត្បូង៕