(វ៉ាស៊ីនតោន)៖ «ខ្ញុំតែងតែមានទំនាក់ទំនងល្អជានិច្ចជាមួយប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន ប៉ុន្តែមិនដឹងជាមានរឿងអ្វីបានកើតឡើងលើរូបគាត់ទេ»? នេះជាការលើកឡើងរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ជាប្រតិកម្មឆ្លើយតបទៅនឹងការវាយប្រហារដោយដ្រូន និងមីស៊ីលដ៏សម្បើមមួយរបស់រុស្ស៉ីស្រោចលើអ៊ុយក្រែនកាលពីចុងសប្ដាហ៍កន្លងទៅ។ ជាការពិតណាស់ គេមិនទាន់ឃើញមាន ការផ្លាស់ប្ដូរណាមួយធំដុំពីលោក ពូទីន នៅឡើយទេ ហើយបើទោះជាមានការជំរុញពីសេតវិមានម្ដងហើយម្ដងទៀតក៏ដោយ ក៏លោកនៅតែបន្តគោលនយោបាយធ្វើសង្រ្គាមរបស់លោកនៅអ៊ុយក្រែន ដោយថែមទាំងបង្កើនការវាយប្រហារតាមផ្លូវអាកាសទៀតផង។
ដូច្នេះសំណួរសំខាន់មួយនៅទីនេះ នោះគឺថាតើលោក ដូណាល់ ត្រាំ បានផ្លាស់ប្ដូរគោលជំហរ ឬក៏ថាតើឥរិយាបថរបស់លោកចំពោះលោក ពូទីនបានចាប់ផ្ដើមផ្លាស់ប្ដូរហើយឬក៏យ៉ាងណា? ខណៈកិច្ចប្រឹងប្រែង របស់សហរដ្ឋអាមេរិកក្នុងការស្វែងរកសន្តិភាពនៅអ៊ុយក្រែនហាក់មិនមានលទ្ធផលអ្វីសោះ។ ប្រធានាធិបតីបារាំង លោក Emmanuel Macron បានប្រាប់ក្រុមអ្នកសារព័ត៌មាន អំឡុងធ្វើទស្សនកិច្ចក្នុងប្រទេស វៀតណាមថាការរិះគន់ចុងក្រោយបំផុតរបស់លោក ត្រាំ ដោយហៅលោក ពូទីនថា «មនុស្សឆ្កួត» គឺមានន័យថាលោកប្រធានាធិបតីអាមេរិកចាប់ផ្ដើមទទួលស្គាល់ថាលោក ពូទីនបានកុហកពីសង្រ្គាមនៅអ៊ុយក្រែន ហើយសង្ឃឹមថាពាក្យសម្ដីរបស់លោក ត្រាំនឹងប្រែក្លាយទៅជាសកម្មភាពជាក់ស្ដែង។
ក៏ប៉ុន្តែសកម្មភាពជាក់ស្ដែងជារឿងផ្សេងមួយទៀត។ វាគឺជាលើកទី៦ហើយចាប់តាំងពីឡើងកាន់តំណែងជាប្រធានាធិបតីអាណត្តិទី២កាលពីខែមករា ដែលលោក ត្រាំ ដែលធ្លាប់លើកឡើងជារឿយៗពីទំនាក់ទំនង យ៉ាងរឹងមាំជាមួយលោក ពូទីន បានបង្ហាញការខឹងច្រឡោតតោតតូងជាសាធារណៈចំពោះចៅហ្វាយវិមានក្រឹមឡាំង។ កាលពីខែមីនាកន្លងទៅ លោក ត្រាំ បានប្រកាសប្រាប់ឱ្យគេឯងដឹងថារូបលោកបានបញ្ចេញ កំហឹងដាក់លោក ពូទីន សម្រាប់ការបដិសេធទទួលយកបទឈប់បាញ់រយៈពេល៣០ថ្ងៃ។ កាលពីខែមេសាវិញ លោក ត្រាំ បានទាមទារឱ្យលោក ពូទីន បញ្ឈប់ការវាយប្រហារលើអ៊ុយក្រែន ក្រោយ រុស្ស៉ីបាញ់ស្រោចមីស៊ីលលើទីក្រុងកៀវដោយសម្លាប់មនុស្សរាប់សិបនាក់។ «ប្រហែលជាគាត់មិនចង់បញ្ចប់សង្រ្គាមនោះទេ ហើយគ្រាន់តែចង់លេងសើចជាមួយខ្ញុំតែប៉ុណ្ណោះ»។ នេះជាការលើកឡើងរបស់លោក ត្រាំ។ កំហឹងរបស់លោក ត្រាំ ជាធម្មតាមានលាយឡំជាមួយនឹងអារម្មណ៍ខកចិត្តផ្ទាល់ខ្លួន និងការគំរាមសងសឹកដោយដាក់ទណ្ឌកម្មលើការនាំចេញប្រេងរបស់រុស្ស៉ី ឬទណ្ឌកម្មបន្ទាប់បន្សំផ្សេងទៀត។
នៅពេលត្រូវបានសាកសួរជាថ្មី ក្រោយការរិះគន់លោក ពូទីនលើកចុងក្រោយបំផុត ថាតើរូបលោកក្នុងពេលនេះអាចនឹងពិចារណាដាក់ទណ្ឌកម្មបន្ថែមលើរុស្ស៉ីដែរឬទេ? លោក ត្រាំ បានឆ្លើយថាជាការពិតណាស់ លោកនឹងពិចារណាពីការដាក់ទណ្ឌកម្ម។ មកទល់ពេលនេះ មិនទាន់មានសញ្ញាជាក់ស្ដែងបង្ហាញថាលោក ត្រាំ កំពុងត្រៀមខ្លួនដាក់ទណ្ឌកម្មសេដ្ឋកិច្ចធ្ងន់ធ្ងរប្រឆាំងរុស្ស៉ីឡើយ ហើយសញ្ញាបែបនេះក៏មិនទាន់មាន ដែរចេញពីព្រឹទ្ធសភាអាមេរិកជាទីដែលសេចក្ដីព្រាងច្បាប់មួយដើម្បីដាក់ទណ្ឌកម្មលើរុស្ស៉ីកំពុងស្ថិតក្រោមការជជែកដេញដោល។ សេចក្ដីព្រាងច្បាប់នេះដែលទទួលបានការគាំទ្រពីសមាជិកព្រឹទ្ធសភាអាមេរិក ៨១នាក់ មិនត្រឹមតែមានគោលដៅដាក់ទណ្ឌកម្មដោយផ្ទាល់ប្រឆាំងរុស្ស៉ីប៉ុណ្ណោះទេ តែក៏អាចដាក់ទណ្ឌកម្មបន្ទាប់បន្សំក្នុងនោះរួមមានការយកពន្ធគយ ៥០០ភាគរយលើបណ្ដាប្រទេសដែលទិញប្រេង ឬឧស្ម័ន ពីរុស្ស៉ី។ ក៏ប៉ុន្តែ ចំណាត់ការនេះកំពុងស្ថិតនៅក្នុងភាពចម្រូងចម្រាសបំផុត ក៏ព្រោះតែវាប៉ះពាល់ដល់ចិន ឥណ្ឌា និងសហភាពអឺរ៉ុបផងដែរដែលសុទ្ធសឹងតែជាម៉ូយធំៗទិញប្រេងពីរុស្ស៉ី។
ក្រុមអ្នកវិភាគលោកខាងលិចមួយចំនួនយល់ថាការបង្កើនការវាយប្រហារតាមផ្លូវអាកាសរបស់រុស្ស៉ីនាពេលថ្មីៗនេះ បាន និងកំពុងដាស់លោក ត្រាំ ឱ្យភ្ញាក់ដឹងខ្លួនពីការយល់សុបិនថារូបលោកមិនអាចបញ្ចុះបញ្ចូល ភាគីសង្រ្គាមទាំង២ចរចាបញ្ចប់សង្រ្គាមក្នុងពេលឆាប់ៗនោះទេ។ ហើយខណៈបញ្ចេញកំហឹងដាក់ចំពោះលោក ពូទីន លោក ត្រាំ ប្រហែលជាអាចនឹងជ្រើសរើសយកផ្លូវមួយដ៏សាមញ្ញ នោះគឺដើរចេញដូចដែល លោកធ្លាប់បាននិយាយថាការដោះស្រាយបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ឬក៏ការការពារអ៊ុយក្រែនគឺជាការងាររបស់អឺរ៉ុប៕