(សេអ៊ូល)៖ កូរ៉េខាងត្បូង គ្រោងនឹងរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី នៅថ្ងៃទី៣ ខែមិថុនាខាងមុខនេះ បន្ទាប់ពីប្រទេសជាតិទាំងមូលបានធ្លាក់ចូលក្នុងវិបត្តិនយោបាយដ៏អាក្រក់មួយ ក្នុងពេលរាប់ទសវត្សរ៍ មកនេះ។ ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីជំនួសអតីតប្រធានាធិបតី លោក Yoon Suk Yeol គឺមានគោលដៅស្ដារស្ថិរភាពនយោបាយ និងទីផ្សារឡើងវិញ នៅចំពោះមុខគោលនយោបាយពន្ធគយរបស់ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ។
* តើនរណាជាបេក្ខជនសំខាន់ៗ?
បេក្ខជនប្រធានាធិបតីសំខាន់ៗមាន ២រូបដែលកំពុងប្រជែងគ្នាដណ្ដើមយកតំណែងជាប្រធានាធិបតី នោះគឺលោក Lee Jae-myung ជាអតីតមេដឹកនាំគណបក្សប្រជាធិបតេយ្យដែលសព្វថ្ងៃជាគណបក្សប្រឆាំងដ៏ធំមួយនៅ កូរ៉េខាងត្បូង និងលោក Kim Moon-soo ជាបេក្ខជនប្រធានាធិបតីមកពីគណបក្សអំណាចប្រជាជន People Power Party (PPP)។ ទាំងលោក Lee និងលោក Kim មានគោលជំហរនយោបាយខុសគ្នា តែមានប្រភព ចេញពីសកម្មជនទាមទារសិទ្ធិឱ្យពលករដូចគ្នា។ លោក Kim ធ្លាប់ជាប់ឃុំក្នុងពន្ធនាគារដោយសារតែរូបលោកដឹកនាំចលនាគាំទ្រប្រជាធិបតេយ្យអំឡុងទសវត្សរ៍ឆ្នាំ១៩៨០ ជាពេលដែលកូរ៉េខាងត្បូងស្ថិតក្រោមការដឹកនាំ ដោយយោធា។ លោក Lee វិញធ្លាប់បរាជ័យក្រោមថ្វីដៃរបស់លោក Yoon Suk Yeol ក្នុងការបោះឆ្នោតប្រធានាធិបតី កាលពីឆ្នាំ២០២២ តែគណបក្សរបស់លោកទទួលបានសំឡេងគាំទ្រភាគច្រើននៅសភា ជាទីដែល លោកប្រើប្រាស់សំឡេងភាគច្រើននេះរារាំងរបៀបវារៈនយោបាយមួយចំនួនរបស់លោក Yoon។ លោក Lee ក៏ជាមនុស្សម្នាក់ដែលបានដឹកនាំយុទ្ធនាការទាមទារឱ្យលោក Yoon ចុះចេញពីតំណែងផងដែរក្រោយការប្រកាស ប្រើច្បាប់អាជ្ញាសឹក។ ក្រៅពីលោក Lee និងលោក Kim ក៏មានបេក្ខជនផ្សេងទៀតដែរដូចជាលោក Lee Jun-seok មានអាយុ ៤០ឆ្នាំ និងជាអតីតមេដឹកនាំគណបក្ស PPP ហើយឥលូវជាបេក្ខជនមកពីគណបក្ស Reform Party ជាបក្សស្ដំានិយមមួយទើបតែបង្កើតថ្មី។
* តើនរណាមានសង្ឃឹមឈ្នះ?
លោក Lee Jae-myung បច្ចុប្បន្នគឺជាបេក្ខជននាំមុខគេ។ ប៉ុន្តែការស្ទង់មតិថ្មីៗនេះបានបង្ហាញថាការនាំមុខរបស់លោក លើលោក Kim មានភាពប្រទាញប្រទង់។ តាមការស្ទង់មតិធ្វើឡើងដោយស្ថាប័ន Gallup Korea នៅចន្លោះពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែឧសភា លោក Lee ទទួលបានការគំាទ្រ ៤៥ភាគរយ ក្នុងចំណោមអ្នកដែលត្រូវបានសម្ភាសន៍ ពោលគឺធ្លាក់ចុះ៦ភាគរយធៀបទៅកាលពីប៉ុន្មានសប្ដាហ៍មុន។ ចំណែក ការគាំទ្ររបស់ លោក Kim ស្ថិតក្នុងអត្រា ៣៦ភាគរយ ដោយកើនឡើង ៧ភាគរយ ខណៈលោក Lee Jun-seok ទទួលបានការគាំទ្រ១០ភាគរយ។ លោក Lee ចង់ឱ្យមានការគាំទ្របន្ថែមសម្រាប់ក្រុមអ្នកស្រាវជ្រាវវិទ្យាសាស្ត្រ កាត់បន្ថយការិយាល័យធិបតេយ្យសម្រាប់ក្រុមហ៊ុន និងទម្លាក់ប្រាក់ឈ្នួលអប្បបរមារបស់ពលករបរទេសមួយចំនួនឱ្យនៅទាបជាងពលករកូរ៉េ។
* តើការបោះឆ្នោតកូរ៉េខាងត្បូងមានន័យយ៉ាងណាចំពោះតំបន់?
ប្រធានាធិបតីថ្មីរបស់កូរ៉េខាងត្បូង នឹងចាំបាច់ត្រូវរិះរកមធ្យោបាយដើម្បីឆ្ពោះទៅមុខជាមួយការបន្តពង្រឹងទំនាក់ទំនងសន្តិសុខត្រីភាគីជាមួយសហរដ្ឋអាមេរិក និងជប៉ុន ខណៈមានការព្រួយបារម្ភកាន់តែកើនឡើងចំពោះ ភាពមិនច្បាស់លាស់នៃការប្ដេជ្ញាចិត្តរបស់លោក ដូណាល់ ត្រាំ ក្នុងការការពារសន្តិសុខរបស់សម្ព័ន្ធមិត្ត។ នៅក្រោមអាណត្តិរបស់លោក Yoon ទំនាក់ទំនងរវាងកូរ៉េខាងត្បូង និងជប៉ុនមានភាពល្អប្រសើរគួរឱ្យកត់សម្គាល់។ តែគោលជំហរនយោបាយសព្វថ្ងៃរបស់លោក Lee Jae-myung ក៏ទំនងជាមិនបង្កជម្លោះការទូតជាមួយជប៉ុននោះដែរ បើទោះជាលោកអាចនឹងត្រឡប់ទៅរកការផ្សះផ្សារជាមួយកូរ៉េខាងជើង ក៏ដោយ។ ប្រសិនបើលោក Kim ទទួលបានជ័យជម្នះវិញ នោះលោកត្រូវបានរំពឹងថានឹងបន្តដើរតាមគោលនយោបាយមួយចំនួនធំរបស់លោក Yoon នៅក្នុងទំនាក់ទំនងជាមួយកូរ៉េខាងជើង និងការពង្រឹងទំនាក់ទំនងរបស់កូរ៉េខាងត្បូងជាមួយជប៉ុន និងសហរដ្ឋអាមេរិក។ តែសំណួរដ៏សំខាន់មួយទៀត នោះគឺថាតើកូរ៉េខាងត្បូងនឹងរក្សាតុល្យភាពទំនាក់ទំនងរបស់ខ្លួនយ៉ាងដូចម្ដេច ប្រឈមមុខនឹងការប្រជែងគ្នាកាន់តែខ្លាំងរវាងចិន និងសហរដ្ឋអាមេរិក ដ្បិតម្ខាងគឺ សហរដ្ឋអាមេរិកជាសម្ព័ន្ធមិត្ត រីឯម្ខាងទៀត ចិន គឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ខ្លួន។
* តើលោក ដូណាល់ ត្រាំ អាចក្លាយជាហេតុផលមួយក្នុងការបោះឆ្នោតឬ?
ការនាំចេញរបស់កូរ៉េខាងត្បូងតំណាងឱ្យ៤០ភាគរយនៃសេដ្ឋកិច្ចរបស់ខ្លួន។ ដូច្នេះកូរ៉េខាងត្បូងពិតណាស់មើលទៅងាយនឹងរងគ្រោះ នៅពេលនិយាយដល់គោលនយោបាយពន្ធគយរបស់លោក ត្រាំ។ លោក Lee Jae-myung បាននិយាយថាវាមិនចាំបាច់ប្រញាប់ប្រញាល់ពេកក្នុងការចុះកិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិកនោះទេ ដោយលោកសង្កត់ធ្ងន់ថាដើម្បីកុំឱ្យសហរដ្ឋអាមេរិកមានប្រៀបខ្លាំងពេកនៅក្នុងកិច្ចចរចា។ រីឯ លោក Kim បាននិយាយថារូបលោកនឹងស្វែងរកកិច្ចប្រជុំបន្ទាន់មួយភ្លាមៗជាមួយលោក ត្រាំ ដើម្បីដោះស្រាយបញ្ហាពន្ធគយ ប្រសិនបើលោកជាប់ឆ្នោតជាប្រធានាធិបតី។ ខណៈកិច្ចព្រមព្រៀងមួយទំនងជានឹងមិនអាចកើតឡើងទេ នៅមុនការបោះឆ្នោត ជំហរចំពោះកិច្ចចរចាជាមួយសហរដ្ឋអាមេរិកអាចនឹងជះឥទ្ធិពលលើអ្នកបោះឆ្នោតកូរ៉េខាងត្បូង។
សំខាន់ជាងនេះទៅទៀត នោះគឺថាតើបេក្ខជនប្រធានាធិបតីកូរ៉េខាងត្បូងនឹងឆ្លើយតបយ៉ាងដូចម្ដេចចំពោះកិច្ចចរចាពាក់ព័ន្ធនឹងការកាត់បន្ថយចំនួនកងទ័ពអាមេរិកនៅលើទឹកដីកូរ៉េខាងត្បូង ឬក៏ចូលរួមចំណែករបស់ កូរ៉េខាងត្បូងក្នុងការចំណាយចាយវាយរបស់កងទ័ពអាមេរិក ក៏អាចធ្វើឱ្យអ្នកបោះឆ្នោតកូរ៉េខាងត្បូងគិតពិចារណាសិនផងដែរ៕