(វ៉ាស៊ីនតោន)៖ ទីក្រុង Los Angeles​ នៃរដ្ឋ California បានពើបប្រទះភាពចលាចល និងអំពើហិង្សាដែលកើតចេញពីការប្រឈមមុខដាក់គ្នារវាងក្រុមមន្ត្រីអនុវត្តច្បាប់ និងក្រុមបាតុករប្រឆាំងនឹងគោលនយោបាយអន្តោប្រវេសន៍របស់លោកប្រធានាធិបតី ដូណាល់ ត្រាំ។ រដ្ឋបាលលោក ត្រាំ បានដាក់ចេញវិធានការក្ដៅឆ្លើយតបទៅនឹងបាតុកម្មតវ៉ា ជាមួយការដាក់ពង្រាយកងកម្លាំងម៉ារីន និងកងទ័ពឆ្មាំជាតិទៅកាន់រដ្ឋ California។

បាតុកម្មតវ៉ាដែលបានផ្ទុះឡើងកាលពីថ្ងៃសុក្រ ទី៦ ខែមិថុនា បានប្រព្រឹត្តទៅដោយសន្តិវិធីមួយផ្នែកធំ។ ប៉ុន្តែ ចូលដល់ដើមសប្ដាហ៍នេះ ការធ្វើបាតុកម្មបានផ្ទុះឡើងកាន់តែធំ នៅក្នុងទីក្រុង Los Angeles និងនៅតាមជាយទីក្រុងមួយនេះ ហើយបានរាលដាល់ទីក្រុងដទៃទៀតនៅទូទាំងសហរដ្ឋអាមេរិក ដែលនេះជាសញ្ញាមួយបង្ហាញពីការខឹងសម្បារ កាន់តែខ្លាំងចំពោះការដាក់ពង្រាយយោធាឱ្យបង្ក្រាបកុ្រមបាតុករតាមបញ្ជារបស់លោក ត្រាំ។ លោក ត្រាំ បានចេញបញ្ជាឱ្យដាក់ពង្រាយកងទ័ពក្នុងបេសកកម្មមួយដែល ក្រុមមន្ត្រីអាមេរិកបាននិយាយថាមានគោលដៅការពារទ្រព្យសម្បត្តិសហព័ន្ធ និងភ្នាក់ងាររបស់ខ្លួន បើទោះជាមានការជំទាស់ពីក្រុមមន្ត្រីក្នុងរដ្ឋ California និងទីក្រុង Los Angeles ក៏ដោយ។ កាលពីចុងសប្ដាហ៍កន្លងទៅ ការប៉ះទង្គិចគ្នារវាងក្រុមមន្ត្រីអនុវត្តច្បាប់ និងក្រុមបាតុករបានឈានទៅដល់ការចាប់ខ្លួនមនុស្ស ១៥០នាក់ ហើយប៉ូលិស បានបាញ់កាំភ្លើងដោយបង្កឱ្យបាតុករ និងអ្នកកាសែតមួយចំនួនរងរបួស។

រដ្ឋ California កាលពីថ្ងៃចន្ទ ទី៩ ខែមិថុនា បានដាក់ពាក្យបណ្ដឹងប្រឆាំងរដ្ឋបាលលោក ត្រាំ ពាក់ព័ន្ធនឹងការប្រើអំណាចគ្រប់គ្រងលើកងទ័ពឆ្មាំជាតិនៃរដ្ឋរបស់ខ្លួន និងការដាក់ពង្រាយកងទ័ពទៅកាន់ទីក្រុង Los Angeles។ អភិបាលរដ្ឋ California លោក Gavin Newsom ក៏បាននិយាយដែរថារូបលោកនឹងដាក់ពាក្យប្ដឹងដើម្បីរារាំងការដាក់ពង្រាយទាហានម៉ារីន។

* តើបាតុកម្មផ្ទុះឡើងយ៉ាងដូចម្ដេច?
ក្រុមបាតុករបានប្រមូលផ្ដុំគ្នាធ្វើបាតុកម្មតវ៉ាកាលពីថ្ងៃសុក្រសប្ដាហ៍មុន បន្ទាប់ពីមន្ត្រីអន្តោប្រវេសន៍អាមេរិក បានដឹកនាំប្រតិបត្តិការឆ្មក់ឆែកឆេរនៅតាមរោងចក្រ ក្នុងទីក្រុង​ Los Angeles ដើម្បីតាមរកពលករណាដែលពួកគេសង្ស័យថាជាជនអន្តោប្រវេសន៍ខុសច្បាប់ ក្រោមក្របខណ្ឌនៃគោលនយោបាយថ្មីមួយរបស់រដ្ឋបាលលោក ត្រាំ ដែលកំពុងផ្តោតលើការចុះឆែកឆេរនៅតាមកន្លែងធ្វើការ។ ទីភ្នាក់ងារសហព័ន្ធត្រូវប្រឈមមុខនឹងក្រុមបាតុករដែលបាននាំគ្នាស្រែកតវ៉ា និងគប់ពងមាន់ មុននឹងពួកគេត្រូវបានបំបែកដោយក្រុមមន្ត្រីអនុវត្តច្បាប់ជាមួយការប្រើឧស្ម័នម្រេច និងបាញ់គ្រាប់កាំភ្លើងជ័រ។

បាតុកម្មតវ៉ាបានបន្តរហូតដល់ថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅ។ ប៉ូលិសបានចាប់ខ្លួនមនុស្សជាច្រើននាក់ និងប្រើឧស្ម័នបង្ហូរទឹកភ្នែកដើម្បីបំបែកក្រុមបាតុករ។ នៅថ្ងៃសៅរ៍ដដែលនោះ លោក ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាមួយដោយបង្គាប់ឱ្យដាក់ពង្រាយកងទ័ពឆ្មាំជាតិ ២០០០នាក់ ទៅកាន់ទីក្រុង Los Angeles ដើម្បីការពារក្រុមមន្ត្រីសហព័ន្ធដែលកំពុងដឹកនាំប្រតិបត្តិការតាមប្រមាញ់ជនអន្តោប្រវេសន៍ខុសច្បាប់ បើទោះជាមានការជំទាស់ពីលោក Newsom និងអភិបាលក្រុង Los Angeles លោកស្រី Karen Bass ក៏ដោយ។ ​រហូតដល់ថ្ងៃអាទិត្យ កងទ័ពឆ្មាំជាតិជិត ៣០០នាក់ នៃរដ្ឋ California បានកាន់កាប់ទីតាំងជាច្រើនកន្លែងក្នុងទីក្រុង Los Angeles។

បាតុកម្មតវ៉ាកាលពីរសៀលថ្ងៃអាទិត្យ ទី៨ ខែមិថុនា នៅក្បែរមន្ទីរឃុំឃាំងមួយបានប្រព្រឹត្តទៅដោយសន្តិវិធីមួយផ្នែកធំ ប៉ុន្តែមានបាតុករមួយចំនួនបានបាញ់កាំជ្រួចដាក់ប៉ូលិស នៅក្រោមស្ពានមួយកន្លែង ជាហេតុបណ្ដាលឱ្យមានការប៉ះទង្គិចគ្នា រីឯរថយន្ដជាច្រើនគ្រឿងត្រូវបានដុតបំផ្លាញ ហើយអំពើហិង្សាបានផ្ទុះរាលដាលកាន់តែអាក្រក់ឡើង។ លោក ត្រាំ កាលពីថ្ងៃចន្ទ បានបង្កើនការដាក់ពង្រាយកងទ័ពឆ្មាំជាតិដល់ ៤០០០នាក់ និងក៏បានដាក់ពង្រាយកងកម្លាំងម៉ារីន ៧០០នាក់ផងដែរទៅកាន់ទីក្រុង Los Angeles។ មុននឹង កងកម្លាំងនេះទៅដល់មានទាហាន ១៧០០នាក់រួចទៅហើយក្នុងទីក្រុងមួយ។

​* តើនរណាមានសិទ្ធិហៅជំនួយពីឆ្មាំជាតិ?
ឆ្មាំជាតិ គឺជាអង្គភាពតែមួយគត់នៃយោធាអាមេរិកដែលអាចត្រូវបានដាក់ពង្រាយទាំងដោយអភិបាលរដ្ឋ និងប្រធានាធិបតី។ ជាធម្មតា អភិបាលរដ្ឋតែងតែគ្រប់គ្រងលើ ការដាក់ពង្រាយកងទ័ពឆ្មាំជាតិនៅក្នុងរដ្ឋរបស់ពួកគេ។ ឆ្មាំជាតិធ្វើប្រតិបត្តិការដូចគ្នាទៅនឹងកងទ័ពបម្រុងដែរ ហើយភាគច្រើននៃកងទ័ពឆ្មាំជាតិគឺមិនធ្វើការពេញម៉ោងនោះទេ ដោយជាទូទៅ ពួកគេបំពេញការងារស៊ីវិល និងចូលរួមការបណ្ដុះបណ្ដាលជាប្រចាំ ក៏ដូចជាត្រូវបានកោះហៅឱ្យធ្វើសកម្មភាពតែនៅពេលចាំបាច់ប៉ុណ្ណោះ។ ភាគច្រើនឆ្មាំជាតិ ត្រូវបានស្នើឱ្យធ្វើសកម្មភាពអំឡុងគ្រោះមហន្តរាយធម្មជាតិ ដូចជាព្យុះ Hurricanes ទឹកជំនន់ និងភ្លើងឆេះព្រៃ។ ក្រៅពីលោក ត្រាំ ប្រធានាធិបតីអាមេរិកម្នាក់ដែលធ្លាប់បានចេញបញ្ជាឱ្យកងទ័ពឆ្មាំជាតិធ្វើសកម្មភាពដើម្បីបង្រ្កាបបាតុកម្មតវ៉ា ដោយគ្មានការយល់ព្រមពីអភិបាលរដ្ឋ គឺកើតឡើងក្នុងឆ្នាំ១៩៦៥។ នៅពេលនោះ អតីតប្រធានាធិបតីអាមេរិក លោក Lyndon B. Johnson បានប្រើប្រាស់កម្លាំងទ័ពដើម្បីការពារសិទ្ធិរបស់បាតុករក្នុងរដ្ឋ Alabama។

* តើលោក ត្រាំ មានសិទ្ធិដាក់ពង្រាយកងទ័ពដើម្បីបង្ក្រាបបាតុកម្ម ឬ?
ក្នុងបទបញ្ជាដាក់ពង្រាយកងទ័ពឆ្មាំជាតិ កាលពីថ្ងៃទី៧ ខែមិថុនា លោក ដូណាល់ ត្រាំ បានយកច្បាប់ Title 10 ផ្នែក 12406 យកមកសំអាងពីសិទ្ធិរបស់លោក។ ច្បាប់នេះបានគូសបញ្ជាក់ពីតួនាទីរបស់កងកម្លាំងប្រដាប់អាវុធអាមេរិក និងអនុញ្ញាតឱ្យប្រធានាធិបតីអាមេរិកដាក់ពង្រាយឆ្មាំជាតិ ក្នុងករណីសហរដ្ឋអាមេរិកត្រូវបានឈ្លានពាន ដើម្បីបង្រ្កាបសកម្មភាពបះបោរ ឬគ្រោះថ្នាក់នៃសកម្មភាពបះបោរ ឬក៏នៅពេលកងកម្លាំងធម្មតាមិនអាចអនុវត្តច្បាប់របស់សហរដ្ឋអាមេរិក។ តាមច្បាប់ Posse Comitatus Act ឆ្នាំ១៨៧៨ ជាធម្មតា យោធាអាមេរិក ក្នុងនោះរួមមានឆ្មាំជាតិត្រូវបានហាមឃាត់មិនឱ្យលូកលាន់ ឬចូលរួមក្នុងការអនុវត្តច្បាប់ស៊ីវិលនោះទេ។ ច្បាប់ Title 10 ផ្នែក 12406 ក៏មិនបានជំទាស់នឹងការហាមឃាត់នេះដែរ។ ប៉ុន្តែអនុញ្ញាតឱ្យកងទ័ពការពារក្រុមមន្ត្រីអនុវត្តច្បាប់សហព័ន្ធដែលកំពុងបំពេញភារកិច្ច និងដើម្បីការទ្រព្យសម្បត្តិសហព័ន្ធ។ ជាឧទាហរណ៍៖ កងទ័ពឆ្មាំជាតិមិនអាចឃាត់ខ្លួនបាតុករដោយផ្ទាល់នោះទេ តែពួកគេអាចការពារមន្ត្រីអនុវត្តច្បាប់អាមេរិកដែលកំពុងអនុវត្តការចាប់ខ្លួនណាមួយ។

គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទ លោក ត្រាំ បាននិយាយថាក្រុមបាតុករនៅក្នុងទីក្រុង Los Angeles គឺជាពួកបះបោរ ហើយដែលនេះជាការអះអាងមួយដែលនឹងផ្ដល់ហេតុផលឱ្យរូបលោកអាចយកច្បាប់ប្រឆាំងការបោះបោរ (1807 Insurrection Act) មកប្រើដើម្បីអាចប្រើប្រាស់កងទ័ពអាមេរិកដើម្បីបង្រ្កាបក្រុមបាតុករ។ លោក Newsom បាននិយាយថាលោកនឹងដាក់ពាក្យបណ្ដឹងមួយសំដៅរារាំងការដាក់ពង្រាយទាហានម៉ារីន ដូចគ្នាទៅនឹងពាក្យបណ្ដឹងមួយដែលរដ្ឋ California បានដាក់ប្ដឹងដើម្បីរាំងខ្ទប់ការដាក់ពង្រាយកងទ័ពឆ្មាំជាតិ។ ក្រុមអ្នករិះគន់លោក ត្រាំ បានអះអាងថាស្ថានការណ៍ក្នុងទីក្រុង Los Angeles មិនទាន់ដល់កម្រិតត្រូវដាក់ពង្រាយឆ្មាំជាតិ និងទាហានម៉ារីននោះទេ ហើយថាលោក ត្រាំ ធ្វើបែបនេះដើម្បីបង្រ្កាបសំឡេងអ្នកប្រឆាំង និងគ្រាន់តែចង់បង្វែរចំណាប់អារម្មណ៍ចេញពីបញ្ហាដែលកំពុងកើតឡើងដោយសារតែនយោបាយពន្ធគយរបស់លោកតែប៉ុណ្ណោះ៕