(វ៉ាស៊ីនតោន)៖ នៅព្រឹកថ្ងៃចន្ទ ទី២៣ ខែមិថុនា (ម៉ោងនៅតេហេរ៉ង់) ក្រុមប្រឹក្សាសន្តិសុខជាតិកំពូលរបស់អ៉ីរ៉ង់បានបើកកិច្ចប្រជុំបន្ទាន់មួយ ដើម្បីពិភាក្សាពីការវាយប្រហារសងសឹកលើសហរដ្ឋអាមេរិក ដែលបានទម្លាក់គ្រាប់បែកលើរោងចក្រនុយក្លេអ៊ែរចំនួន៣ របស់អ៉ីរ៉ង់កាលពីចុងសប្ដាហ៍កន្លងទៅ។ បើតាមក្រុមមន្ត្រីអ៉ីរ៉ង់ចំនួន៤រូបដែលបានដឹងពីផែនការសង្គ្រាម មេដឹកនាំកំពូលអ៉ីរ៉ង់ Ayatollah Ali Khamenei បានដាក់បញ្ជាចេញពីលេណដ្ឋានមួយឱ្យកងទ័ពអ៉ីរ៉ង់វាយប្រហារសងសឹក ប៉ុន្តែលោកក៏បានណែនាំឱ្យដាក់កំហិតលើការវាយប្រហារ ដើម្បីបញ្ចៀសសង្រ្គាមទំាងស្រុងជាមួយសហរដ្ឋអាមេរិក ផងដែរ។

ក្រុមមន្ត្រីអ៉ីរ៉ង់បាននិយាយថាអ៉ីរ៉ង់ចង់វាយប្រហារលើមូលដ្ឋានទ័ពអាមេរិកនៅក្នុងតំបន់។ តែព្រមពេលជាមួយគ្នា ការវាយប្រហារនេះត្រូវធ្វើយ៉ាងណាកុំឱ្យអាមេរិកសងសឹកវិញ។ ដូច្នេះហើយទើប កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់បានជ្រើសរើសយកមូលដ្ឋានទ័ពអាមេរិក Al Udeid​ ក្នុងប្រទេសកាតាជាគោលដៅវាយប្រហារក្រោមហេតុផល ២យ៉ាង៖ ទី១ Al Udeid​ ជាមូលដ្ឋានទ័ពធំជាងគេរបស់អាមេរិក ក្នុងតំបន់មជ្ឈិមបូព៌ា ហើយអ៉ីរ៉ង់ជឿថាមូលដ្ឋាននេះបានចូលរួមក្នុងការសម្របសម្រួលដល់ការវាយប្រហាររបស់យន្ដហោះទម្លាក់គ្រាប់បែក B-2 លើទីតាំងនុយក្លេអ៊ែរអ៉ីរ៉ង់។ ទី២៖ ដោយសារមូលដ្ឋានទ័ពនេះស្ថិតនៅក្នុងប្រទេសកាតាជាប្រទេសមួយដែលមានទំនាក់ទំនងល្អជាមួយអ៉ីរ៉ង់ តេហេរ៉ង់មានហេតុផលក្នុងការកំណត់ការខូចខាតឱ្យនៅកម្រិតទាបបំផុត។

នៅមុនការវាយប្រហារលើមូលដ្ឋានទ័ព Al Udeid​ អ៉ីរ៉ង់បានបញ្ជូនសារព្រមានជាមុនថាខ្លួននឹងបើកការវាយប្រហារភ្លាមៗ តាមរយៈប្រទេសទី៣។ កាតាបានបិទដែនអាកាស ហើយអាមេរិកមានពេលគ្រប់គ្រាន់ ដើម្បីត្រៀមលក្ខណៈ។ នៅចំពោះមុខប្រជាជនអ៉ីរ៉ង់ រដ្ឋាភិបាលអ៉ីរ៉ង់បានប្រកាសថាការវាយប្រហារលើមូលដ្ឋានទ័ពអាមេរិក គឺស្មើដៃគ្នានឹងការវាយប្រហាររបស់អាមេរិកលើអ៉ីរ៉ង់។ ក្នុងសុន្ទរកថាតាម កញ្ចប់ទូរទស្សន៍ អ្នកនាំពាក្យម្នាក់នៃកងកម្លាំងប្រដាប់អាវុធអ៉ីរ៉ង់បាននិយាយថាការវាយប្រហារលើមូលដ្ឋានទ័ពអាមេរិកនៅកាតា ត្រូវបានធ្វើឡើងដោយកងកម្លាំងឆ្មាំបដិវត្តន៍។ «យើងបានព្រមានទៅកាន់សត្រូវរបស់យើងថាយុគសម័យនៃការវាយប្រហារ ហើយរត់យករួចខ្លួនបានបិទបញ្ចប់ហើយ»។ នេះបើតាមអ្នកនាំពាក្យខាងលើដដែល។

ទូរទស្សន៍រដ្ឋអ៉ីរ៉ង់បានចាក់ចម្រៀងស្នេហាជាតិអមជាមួយវីដេអូមីស៊ីលបាលិស្ទីគបញ្ចេញពន្លឺនៅលើមេឃនៃប្រទេសកាតា ដោយអ្នកអានព័ត៌មានបានប្រកាសពីភាពអស្ចារ្យ និងជ័យជម្នះក្នុងសង្រ្គាមមួយជាមួយ ពួកចក្រពត្តិ។ ប៉ុន្តែ​នៅពីក្រោយឆាកវិញ មន្ត្រីអ៉ីរ៉ង់៤នាក់ បាននិយាយថាមេដឹកនាំអ៉ីរ៉ង់រំពឹងថាការដាក់កំហិតការវាយប្រហារ និងការព្រមានជាមុនរបស់ខ្លួន អាចនឹងបញ្ចុះបញ្ចូលឱ្យលោកប្រធានាធិបតី ត្រាំ ថយមួយជំហានដើម្បីឱ្យអ៉ីរ៉ង់ថយមួយជំហានដូចគ្នាដែរ។ ពួកគេក៏សង្ឃឹមដែរថាវ៉ាស៊ីនតោន នឹងដាក់សម្ពាធឱ្យអ៉ីស្រាអែលបញ្ឈប់ការវាយប្រហារលើអ៉ីរ៉ង់។ មុនវាយប្រហារលើមូលដ្ឋានទ័ពអាមេរិកនៅកាតា មន្ត្រីអ៉ីរ៉ង់ម្នាក់បានឱ្យដឹងថាផែនរបស់អ៉ីរ៉ង់គឺមិនត្រូវធ្វើឱ្យជនជាតិ ឬទាហានអាមេរិកណាម្នាក់ស្លាប់នោះទេ ដើម្បីបញ្ចៀសកុំឱ្យសហរដ្ឋអាមេរិកសងសឹកវិញ។ ផែនការនេះបានដំណើរការពិតមែន។ ក្រោយ ការវាយប្រហាររបស់អ៉ីរ៉ង់ លោក ត្រាំ បាននិយាយថាមីស៊ីល១៣គ្រាប់ ក្នុងចំណោម១៤គ្រាប់ត្រូវបានស្ទាក់ចាប់ ដោយមិនមានអ្នកស្លាប់ ឬរងរបួសទេ ហើយការខូចខាតក៏មានទំហំតូច។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយ លោក ត្រាំ ថែមទាំងអរគុណអ៉ីរ៉ង់ដែលបានប្រាប់អាមេរិកជាមុនផងដែរ និងបានប្រកាសពីការឈានដល់បទឈប់បាញ់រវាងអ៉ីស្រាអែល និងអ៉ីរ៉ង់។ ក្រុមអ្នកវិភាគដូចជាលោក Ali Vaez ជាអ្នកជំនាញម្នាក់ស្ដីពីអ៉ីរ៉ង់មកពីអង្គការ International Crisis Group បាននិយាយថាទាំងសហរដ្ឋអាមេរិក អ៉ីស្រាអែល និងអ៉ីរ៉ង់ សុទ្ធតែអាចប្រកាសពីជ័យជម្នះរៀងៗខ្លួន។ លោកបន្តថា «អាមេរិក អាចនិយាយថាខ្លួនបានបង្អាក់ការរីកចម្រើននៃកម្មវិធីនុយក្លេអ៊ែររបស់អ៉ីរ៉ង់ រីឯអ៉ីស្រាអែលអាចនិយាយថាខ្លួនធ្វើឱ្យអ៉ីរ៉ង់ចុះខ្សោយ ហើយអ៉ីរ៉ង់វិញអាចនិយាយថាខ្លួនបានឆ្លតផុតសង្រ្គាមជាមួយអ៉ីស្រាអែល និងសហរដ្ឋអាមេរិក ជាមួយការប្រើអំណាចយោធាវាយបកនឹងសត្រូវវិញ»។

គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃអង្គារ ទី២៤ ខែមិថុនា បាននិយាយថា បទឈប់បាញ់រវាងអ៉ីរ៉ង់និងអ៉ីស្រាអែល ចាប់ផ្តើមចូលជាធរមាន ហើយបានទទូចឱ្យភាគីទាំងពីរ កុំរំលោភបំពាន។ តែគេមិនទាន់ដឹងថាបទឈប់បាញ់នេះនឹងមានរយៈពេលយូរប៉ុនណានោះទេ។ នៅពេលត្រូវបានសាកសួរថាតើបទឈប់បាញ់នេះ នឹងមានរយៈពេលយូរប៉ុនណា? លោក ត្រាំ បានឆ្លើយថាខ្ញុំគិតថាបទឈប់បាញ់នេះគឺគ្មានដែនកំណត់ វាអាចឋិតឋេរយូរអង្វែង៕