វិភាគអន្តរជាតិ៖ (វ៉ាស៊ីនតោន)៖ កាលពីអាណត្តិទី១ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្ខំឱ្យក្រុមហ៊ុនជាច្រើនបោះបង់ចោលការពឹងផ្អែករបស់ពួកគេលើចិន ហើយឥលូវលោកកំពុង ដាក់សម្ពាធឱ្យបណ្ដាប្រទេសជាច្រើនផាត់ចិនចេញពីខ្សែច្រវាក់ផ្គត់ផ្គង់របស់ពួកគេ។ កិច្ចព្រមព្រៀងពាណិជ្ជកម្មបឋមមួយរវាងវៀតណាម និងសហរដ្ឋអាមេរិកដែលត្រូវបានប្រកាស កាលពីថ្ងៃពុធ ទី២ ខែកក្កដា គឺជាការបោះជំហានមួយដ៏សំខាន់មកទល់នឹងពេលនេះឆ្ពោះទៅរកការគោលដៅខាងលើ។ ខណៈព័ត៌មានលម្អិតមានតិចតួច នៅក្រោមកិច្ចព្រមព្រៀងនេះ ការនាំចេញរបស់វៀតណាមទៅកាន់សហរដ្ឋអាមេរិកនឹងត្រូវជាប់ពន្ធគយ ២០ភាគរយ តិចជាងអត្រាពន្ធគយ៤៦ភាគរយដែលលោក ត្រាំ គំរាមយកពីហាណូយកាលពីខែមេសា។
ក៏ប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាល់ គឺកិច្ចព្រមព្រៀងនេះនឹងយកពន្ធគយដល់ ៤០ភាគរយលើទំនិញទាំងឡាយណានាំចេញពីវៀតណាមដែលត្រូវបានរកឃើញថា អនុវត្តប្រតិបត្តិការផ្ទេរ មធ្យោបាយដឹកជញ្ជូន (Transshipment) ឬក៏ជាទំនិញមានប្រភពដើមមកពីប្រទេសដទៃ និងឆ្លងកាត់តាមវៀតណាម។ ការកំណត់បែបនេះត្រូវបានគេមើលឃើញថាលោក ត្រាំ ចង់ចង្អុលមុខចិនតែម្ដង ដែលវ៉ាស៊ីនតោនចោទថាបានប្រើប្រាស់វៀតណាម និងប្រទេសក្បែរខាងមួយចំនួនដើម្បីគេចពីអត្រាពន្ធគយអាមេរិកលើទំនិញរបស់ខ្លួន។ ការកំណត់នេះដែរ អាចនឹងក្លាយជាចំណុចពិសេសមួយបញ្ចូលក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកជាមួយបណ្ដាប្រទេសផ្សេងទៀតក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលកំពុងព្យាយាមស្វែងរក កិច្ចព្រមព្រៀងមួយសំដៅបញ្ចៀសការយកពន្ធគយកម្រិតខ្ពស់ពីលោក ត្រាំ ដែលនឹងត្រូវចូលជាធរមាននៅថ្ងៃទី៩ ខែកក្កដា។
ក្រុមមន្ត្រីចរចារបស់លោក ត្រាំ បានជំរុញឱ្យវៀតណាមបង្វែរការនាំចេញទៅកាន់ប្រទេសក្នុងតំបន់ ដូចជាឥណ្ឌូណេស៊ី សំដៅកាត់បន្ថយការពឹងផ្អែកលើចិនក្នុងខ្សែច្រវាក់ផ្គត់ផ្គង់របស់ ខ្លួន ហើយស្នើឱ្យរដ្ឋាភិបាលថៃតាមដានការវិនិយោគមកពីបរទេស ដោយរំពឹងថាអាចទប់ស្កាត់ក្រុមហ៊ុនចិនហូរចូលទៅក្នុងប្រទេសថៃ។ មិនតែប៉ុណ្ណោះ ក្រុមមន្ត្រីអាមេរិកថែមទាំង ដាក់សម្ពាធលើប្រទេសមួយចំនួនឱ្យរឹតបន្តឹងលើការនាំចេញបច្ចេកវិទ្យាដូចជាបន្ទះឈីបទៀតផង។ «ធ្វើបែបនេះ រដ្ឋបាលលោក ត្រាំចង់បញ្ជូនសារថាយើងចង់ឃើញយុទ្ធសាស្ត្រ កាត់ផ្ដាច់ការពឹងផ្អែករបស់ពួកអ្នកជាមួយចិន ប្រសិនបើពួកអ្នកចង់ធ្វើជាដៃគូពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក»។ នេះជាការលើកឡើងរបស់លោក Steve Okun ជានាយកប្រតិបត្តិ នៃក្រុមហ៊ុនប្រឹក្សាយោបល់ភូមិសាស្ត្រនយោបាយ APAC Advisors ដោយបន្ថែមថា «សំណួរនៅទីនេះ នោះគឺតើប្រទេសផ្សេងទៀតនឹងយល់ព្រមធ្វើតាមសហរដ្ឋអាមេរិក ឬក៏អត់»?
កាលពីថ្ងៃព្រហស្បតិ៍ ទី៣ ខែកក្កដា ក្រសួងពាណិជ្ជកម្មចិនបាននិយាយថានឹងធ្វើការវាយតម្លៃលើកិច្ចព្រមព្រៀងរវាងសហរដ្ឋអាមេរិក និងវៀតណាម ហើយថាប៉េកាំងប្រឆាំងជំទាស់ ដាច់ខាតទៅនឹងរាល់កិច្ចព្រមព្រៀងណាមួយដែលបង្កការខូចខាតដល់ផលប្រយោជន៍របស់ចិន ក៏ដូចជានឹងចាត់វិធានការតបតដើម្បីការពារសិទ្ធិស្របច្បាប់ និងផលប្រយោជន៍របស់ ខ្លួន។ ពាណិជ្ជកម្ម និងការវិនិយោគពីបណ្ដាក្រុមហ៊ុនចិនបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចរបស់វៀតណាម តែព្រមពេលជាមួយគ្នាវៀតណាម ក៏ពិបាកទប់ស្កាត់ លំហូរចូលទំនិញចិនដែលធ្វើឱ្យប៉ះពាល់ដល់ក្រុមហ៊ុនក្នុងស្រុកផងដែរ។ ការរឹតត្បិតណាមួយលើការធ្វើពាណិជ្ជកម្មជាមួយចិនអាចនឹងបង្កការខាតបង់ដល់បណ្ដាប្រទេស ក្នុងតំបន់អាស៊ីអាគ្នេយ៍។
ក្រុមអ្នកជំនាញបាននិយាយថាដោយសារខ្វះខាតព័ត៌មានលម្អិតពីកិច្ចព្រមព្រៀងរវាងអាមេរិក និងវៀតណាម គេពិតជាពិបាកក្នុងការវាយតម្លៃពីផលប៉ះពាល់។ ការអនុវត្តប្រតិបត្តិការផ្ទេរ មធ្យោបាយដឹកជញ្ជូនអាចសំដៅលើទំនិញដែលមានប្រភពដើមមកពីចិន ហើយវាក៏អាចរួមបញ្ចូលទំនិញដែលផលិតនៅវៀតណាម តែមានចិនចូលរួមចំណែកដែរ។ ប៉ុន្តែសម្រាប់លោក Matt Priest ជាប្រធានសមាគម Footwear Distributors and Retailers of America បើការរឹតត្បិតលើគ្រឿងបន្លាស់ ឬសមាសធាតុផ្សំនាំចូលពីចិនត្រូវបានរឹតបន្តឹងខ្លាំងពេក នោះក្រុមហ៊ុនអាមេរិកអាចនឹងរើការផលិតរបស់ពួកគេចេញពីវៀតណាម។ «ប្រសិនបើលក្ខខណ្ឌពិបាកពេកក្នុងការអនុវត្តតាម នោះក្រុមហ៊ុនជាច្រើននឹងមិនចាប់យកឱកាសបង្កើនការផ្គត់ផ្គង់ក្នុងប្រទេសវៀតណាមនោះទេ ហើយពួកគេប្រហែលជាអាចត្រឡប់ទៅផលិតក្នុងប្រទេសចិនវិញក៏ថាបាន ប្រសិនបើវាមានតម្លៃប្រកួតប្រជែង»។ នេះជាការគូសបញ្ជាក់របស់លោក Matt Priest។ លើសពីនេះ កិច្ចព្រមព្រៀងរវាងអាមេរិក និងវៀតណាម ក៏បានធ្វើឱ្យបណ្ដាក្រុមហ៊ុនជាច្រើនមានភាពស្រពេចស្រពិលដែរ ព្រោះពួកគេត្រូវរង់ចាំអ៊ុតមើលថាតើពន្ធគយ និងការរឹតត្បិត បែបណាលើចិនដែលប្រទេសផ្សេងទៀតក្នុងតំបន់អាស៊ីអាគ្នេយ៍អាចយល់ព្រម នៅក្នុងកិច្ចព្រមព្រៀងមួយជាមួយរដ្ឋបាលលោក ត្រាំ។
គួរបញ្ជាក់ថា ប្រទេសជាច្រើនក្នុងតំបន់អាស៊ីអាគ្នេយ៍ កំពុងព្រួយបារម្ភពីការសងសឹកពីសហរដ្ឋអាមេរិកលើប្រទេសណាដែលមានទំនាក់ទំនងពាណិជ្ជកម្មជិតស្និទ្ធជាមួយចិន និងការចាត់ការ សងសឹករបស់ចិនចំពោះកិច្ចព្រមព្រៀងណាមួយដែលមានគោលដៅរឹតត្បិតលើការរកស៊ីជាមួយក្រុមហ៊ុនចិន។ ប៉េកាំងកន្លងមកបានប្រកាសជារឿយៗថាខ្លួននឹងចាត់វិធានការសងសឹក ក្នុងនោះរួមមានការធ្វើពហិការទិញទំនិញ និងការរឹតត្បិតលើការនាំចេញរ៉ែសំខាន់ៗដែលបណ្ដាប្រទេសក្បែរខាងចិនជាច្រើនពឹងផ្អែក។ លោកស្រី Pavida Pananond ជាសាស្ត្រចារ្យ ផ្នែកពាណិជ្ជកម្មអន្តរជាតិមកពីសាកលវិទ្យាល័យ Thammasat ក្នុងប្រទេសថៃ បាននិយាយថា «នៅពេលនិយាយពីរឿងនយោបាយ គេត្រូវតែប្រុងប្រយ័ត្នក្នុងការដោះស្រាយជាមួយ មហាអំណាចធំៗដូចជាសហរដ្ឋអាមេរិក និងចិន។ ចិនប្រៀបដូចជាអំណាចសេដ្ឋកិច្ចមួយដ៏សំខាន់ ហើយមិនមែនត្រឹមតែអ្នកនាំចូលទំនិញប៉ុណ្ណោះទេ តែក៏ជាប្រភពមួយនៃការវិនិយោគ និងទីផ្សារសម្រាប់ការនាំចេញផងដែរ»។
លោកស្រី Deborah Elms ជាប្រធានគោលនយោបាយពាណិជ្ជកម្មមកពីមូលនិធិ Hinrich Foundation ដែលជាអង្គការមួយផ្ដោតលើពាណិជ្ជកម្ម បាននិយាយថា «គំនិតរបស់អាមេរិក គឺចង់ផាត់ចិនចេញ។ ប៉ុន្តែប្រទេសមួយចំនួនដូចជាវៀតណាម ដែលព្រមធ្វើតាមអ្វីដែលសហរដ្ឋអាមេរិកចង់បាន វាជាការថុយនឹងគ្រោះថ្នាក់ខាងភូមិសាស្រ្តនយោបាយ។ វាប្រៀបដូចជា ការភ្នាល់មួយដែលគេត្រូវរង់ចំាមើលថាតើក្រុមហ៊ុនអាមេរិក ចិន និងបណ្ដាក្រុមហ៊ុននៅក្នុងប្រទេសរបស់ពួកអ្នក នឹងបញ្ចេញប្រតិកម្ម ឬធ្វើការឆ្លើយតបបែបណា»៕